ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រាវជ្រាវ​ថា​ការ​ស៊ើប​អង្កេត​​ត្រូវ​តែ​បន្ត​ធ្វើ​ឡើង​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​ខ្មែរ​ក្រហម​


​ការ​ស៊ើប​អង្កេត​​នៅ​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​មាន​ភាព​ចម្រូង​ចម្រាស​រវាង​ភាគី​កម្ពុជា​និងភាគី​អ.ស.ប.​​​ក្នុង​សាលាក្ដី​ខ្មែរក្រហម។
​ការ​ស៊ើប​អង្កេត​​នៅ​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​មាន​ភាព​ចម្រូង​ចម្រាស​រវាង​ភាគី​កម្ពុជា​និងភាគី​អ.ស.ប.​​​ក្នុង​សាលាក្ដី​ខ្មែរក្រហម។

លោក ស្ទីវ ហិឌ័រ (Steve Heder)​ អតីត​អ្នក​ស៊ើបអង្កេត​មួយ​រូប​នៃ​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​របស់​សាលាក្ដី​ខ្មែរក្រហម​ បានស្នើ​ឲ្យមាន​ការ​ស៊ើបអង្កេត​ស្វែងរក​ជនសង្ស័យ​ស្ដីពី​អំពើ​ព្រៃផ្សៃ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យប្រកប​ទៅ​ដោយ​ឯករាជ្យភាព​ និងផ្អែក​ទៅលើ​ភស្ដុតាង។ សំណើ​នេះ​ ត្រូវ​បាន​មន្រ្ដី​ឃ្លាំមើល​ដំណើរការ​សាលាក្ដី​ខ្មែរក្រហម​ជឿ​ថា​ លោក ស្ទីវ ហិឌ័រ ​ចង់​និយាយ​ផ្តោត​ទៅ​លើ​ការ​ស៊ើប​អង្កេតនៅ​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤ ដែល​មាន​ភាព​ចម្រូង​ចម្រាស​រវាង​ភាគី​កម្ពុជា​និងភាគី​អង្គការ​សហប្រជាជាតិ​ក្នុង​សាលាក្ដី​ខ្មែរក្រហម។

លោក ស្ទីវ ហិឌ័រ គឺជា​អ្នក​ស៊ើបអង្កេត​ម្នាក់​ក្នុងចំណោម​អ្នកស៊ើបអង្កេត​ចំនួន​ប្រាំ​នាក់​របស់​ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​ដែល​បាន​លាឈប់​ពីការងារ​នៅ​ក្នុង​ពេល​ដែល​សំណុំរឿង​បន្ថែម​ទាំងពីរ​ខាង​លើនោះ​ទទួលរង​ការរិះគន់​ពី​ការ​ជ្រៀតជ្រែក​ខាងនយោបាយ​និង​បន្ទាប់ពី​មាន​ការ​ព្រួយ​បារម្ភ​ថា សំណុំ​រឿង​ទាំង​ពីរ​នេះ​អាច​ត្រូវ​បោះបង់ចោល។ សំណុំ​រឿង​ទាំង​នេះ​ត្រូវគេ​ដឹង​ថា ជាប់​ទាក់​ទិន​នឹង​ជនសង្ស័យ​ដែលជា​អតីត​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​សរុប​ចំនួន​ប្រាំ​នាក់។

នៅ​ក្នុង​ឯកសារ​មួយ​ដែល​ផ្សាយ​ជាសាធារណៈ​នៅ​ថ្ងៃ​នេះ​ដែល​មាន​កម្រាស់​៦០​ទំព័រ​ក្រោមចំណង​ជើងថា «ការ​ពិនិត្យ​ឡើងវិញ​អំពីការ​ចរចា​ឆ្ពោះ​ទៅ​រក​ការបង្កើត​អង្គយុត្តាធិការ​នៃ​សាលាក្ដី​ខ្មែរក្រហម» លោក ស្ទីវ ហិឌ័រ បាន​លើក​ពីការ​កំណត់​នៅ​ក្នុង​យុត្តាធិការ​សម្រាប់​ធ្វើ​ការ​ស៊ើបអ​ង្កេត​ទៅលើ​ជន​សង្ស័យ​ដែល​ជា​អតីត​មេដឹកនាំ​ខ្ពស់​បំផុត​ខ្មែរក្រហម​ និង​ជា​អ្នក​ទទួលខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​ចំណោម​កម្មាភិបាល​ខ្មែរក្រហម។ ក៏​ប៉ុន្ដែ​លោក ស្ទីវ ហិឌ័រ បាន​លើកយក​មក​ពិភាក្សា​នូវចំណោទ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជាក់លាក់​ក្នុង​ចំណោម​អតីត​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់បំផុត។ លោក​បាន​បង្ហាញ​ថា​ ប្រសិន​បើ​មាន​ជនជាប់​សង្ស័យ​ចំនួន​បួននាក់ ឬ​ក៏​ច្រើន​ជាង​នេះ​បន្ថែម​ទៀត ពួកគេអាច​ស្ថិត​ក្នុង​ចំណោម​គណមជ្ឈឹម ​ក្នុង​ជួរគណៈរដ្ឋមន្ដ្រី និងក្នុង​ជួរ​ថ្នាក់​កណ្ដាល​នៃ​គណបក្ស​កុម្មុយនិស្ដ​កម្ពុជា។

អតីត​អ្នកស្រាវជ្រាវ និងជា​អតីត​អ្នក​ស៊ើបអង្កេត​សាលាក្ដី​ខ្មែរក្រហម​រូប​នេះ​បាន​និយាយ​ដោយ​ប្រយ័ត្ន​ប្រយែង​ថា «បញ្ហា​ធ្ងន់ធ្ងរ​បែប​នេះ អាច​ត្រូវ​ធ្វើ​ការ​សម្រេច​ដោយ​មាន​ភស្ដុតាង​សំអាង​តាមរយៈ​ភាព​ត្រឹម​ត្រូវ​ ភាព​មិន​សំអៀង និង​ប្រសិទ្ធិភាព​នៅ​ក្នុង​ការស៊ើប​អង្កេត​សម្រាប់​បង្ហាញ​ការ​ពិត»។ ក៏​ប៉ុន្ដែ​លោក ស្ទីវ ហិឌ័រ មិន​បាន​បញ្ជាក់​ចំៗ​អំពីគោលជំហរ​របស់​លោក​លើ​សំណុំ​រឿង​បន្ថែម​ឬ​យ៉ាង​ណា​នោះ​ទេ។

នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​លោក ស្ទីវ ហិឌ័រ បាន​បដិសេធ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វីអូអេខ្មែរ​តាម​សារ​អេឡិចត្រូនិក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​អាន​ឯកសារ​លោក ស្ទីវ ហិឌ័រ ​ដែរ​នោះ​ និង​ជា​អ្នក​តាម​ឃ្លាំមើល​ដំណើរការ​សាលាក្ដី​ខ្មែរ​ក្រហម​មួយ​រូប​ យល់​ឃើញ​ថា អតីត​អ្នក​ស៊ើបអង្កេត​រូបនេះ​ចង់​និយាយ​ដាស់តឿន​ទៅដល់​ការស៊ើបអង្កេត​ទៅដល់​សំណុំ​រឿង​០០៣ និងសំណុំរឿង​០០៤។ លោក​ពោល​ថា «ការ​ណ៍​ពិត​គាត់​ចង់​មាន​ប្រសាសន៍​ទៅ​លើសំណុំ​រឿង​០០៣ និង00៤​ទាំងស្រុង»។

ការ​លើក​ឡើង​របស់​លោក ស្ទីវ ហិឌ័រ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ចៅក្រម​អន្ដរជាតិ​លោក​ស្រី​ស៊ីលវា ខាតរ៉ៃត៍ (Sylvia Cartwright) បាន​ដាស់​តឿន​ពី​ឯករាជ្យភាព​របស់​ចៅ​ក្រម​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម។ លោកស្រី​ចៅក្រម​ ខាតរ៉ៃត៍ ក៏​បាន​និយាយ​យោង​ផង​ដែរ​ដល់​សំណុំ​រឿង​០០៣ និង​០០៤ ដ៏​ចម្រូង​ចម្រាស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG