ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សាធារណរដ្ឋ​តទល់​មតិ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១២


សមាជិក​សភា​ រ៉ន ផល ពី​រដ្ឋ​តិចសាស់ និយាយ​ទៅ​កាន់​​អ្នក​គាំទ្រ​ក្រុម Tea Party មួយ​ក្រុម​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​​សណ្ឋាគារ​ Hyatt Regency ​ក្នុង​ក្រុង Greenville រដ្ឋ​ South Carolina កាល​ពី​ថ្ងៃ​ទី​០៥​ខែ​ឧសភា​ឆ្នាំ​២០១១។
សមាជិក​សភា​ រ៉ន ផល ពី​រដ្ឋ​តិចសាស់ និយាយ​ទៅ​កាន់​​អ្នក​គាំទ្រ​ក្រុម Tea Party មួយ​ក្រុម​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​​សណ្ឋាគារ​ Hyatt Regency ​ក្នុង​ក្រុង Greenville រដ្ឋ​ South Carolina កាល​ពី​ថ្ងៃ​ទី​០៥​ខែ​ឧសភា​ឆ្នាំ​២០១១។

មួយ​ឆ្នាំ​កន្លះ​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ២០១២ ជន​ប្រាំ​នាក់​ដែល​អាច​មានលទ្ធភាព​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ហ្គ្រីនវៀល (Greenville) រដ្ឋ សោធ ខារ៉ូឡៃណា (South​ Carolina) ដើម្បី​ជជែក​ដេញ​ដោល​គ្នា​មួយ​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូទាំង​ប្រទេស​ តាម​បណ្តាញ​ព័ត៌មាន​ Fox ។

ការ​ជជែក​ដេញ​ដោល​គ្នា​រយៈ​ពេល​មួយ​ម៉ោង​កន្លះ បាន​ចាប់​ផ្តើម​ដោយ​មាន​សំណួរ​អំពី​ការ​សម្លាប់​មេ​ដឹក​នាំ​ភេរវជន អូសាម៉ា ប៊ិន ឡាដិន (Osama​ bin​ Laden)​ កាលពី​ថ្ងៃ​អាទិត្យ​ និង​គោល​នយោបាយ​របស់​សរអា​ នៅអាហ្វហ្កានីស្ថាន មជ្ឈឹម​បូព៌ា​ និង​អាហ្រ្វ៊ិក​ខាង​ជើង។ សមាជិក​សភា រ៉ន ផល (Ron Paul) ដែល​ជំទាស់​នឹង​ការ​ទាក់ទិន​របស់​អាមេរិក​នៅ​បរទេស​ដែល​រួម​ទាំង​ការ​ផ្តល់​ជំនួយ​បរទេស​ផង​នោះ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដក​ទ័ព​អាមេរិក​ទាំង​អស់ចេញ​ពី​អាហ្វហ្កានីស្ថាន។ លោក​មាន​ប្រសាសន៍​ថា៖

«យើង​បាន​ទៅ​អាហ្វហ្កានីស្ថាន​ដើម្បី​ចាប់​ប៊ិន ឡាដិន ហើយ​គាត់​មិន​បាន​ស្ថិត​នៅ​ទី​នោះ​ទេ។​ ឥឡូវ​នេះ​គាត់​ត្រូវ​បាន​សម្លាប់​ទៅ​ហើយ។ ដូច្នេះ​នេះជា​ពេល​វេលា​យ៉ាង​ប្រសើរ​មួយ​សម្រាប់​ឲ្យ​ប្រទេស​នេះ វាយ​តម្លៃ​ឡើង​វិញ ហើយ​ដក​ទ័ព​យើង​ចេញ​ពី​អាហ្វហ្កានីស្ថាន រួច​ហើយ​បញ្ចប់​សង្គ្រាម​ដែល​មិន​បាន​ជួយ​យើង​ ហើយ​ដែល​មិន​បាន​ជួយ​អ្នក​ណា​ទាំង​អស់​នៅ​មជ្ឈឹមបូព៌ា»។

អតីត​សមាជិក​ព្រឹទ្ធ​សភា រិក ស៊ែនថូរុម (Rick Santorum) នៃ​រដ្ឋ​ ភេន្នស៊ីលវែនា (Pennsylvania) ថ្លែង​ថា គោល​នយោបាយ​ការ​បរទេស​របស់​លោក​ប្រធានាធិបតី​អូបាម៉ា ដែល​មាន​ប្រសិទ្ធិភាព​ជាង​គេ​នោះ គឺ​គោល​នយោបាយ ដែល​លោក​បាន​ធ្វើ​បន្ត​ពី​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី​ប៊ុស្ស (Bush) ដែល​មាន​រួម​ទាំង​ការ​តាម​រក​ ប៊ិន ឡាដិន ផង។

គោលនយោបាយ​របស់​លោក​ប្រធានាធិបតីអូបាម៉ា លើ​ប្រទេស​លីប៊ី ត្រូវ​បាន​វាយ​ប្រហារ​ពី​២​ជ្រុង នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​នេះ។​ អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Godfather​ Pizza​ លោក ហ៊រប៊ត ខេន (Herbert​ Cain) ដែល​ជា​បេក្ខជន​ស្បែក​ខ្មៅ​តែ​ម្នាក់​គត់ និង​ដែល​ក្រុមTea Party​ និយម​ចូល​ចិត្ត​នោះ​បាន​ថ្លែង​ថា លោក​ប្រធានាធិបតី​ បាន​ចូល​ទៅ​ក្នុង​ជម្លោះ​ប្រទេស​លីប៊ី ដោយ​គ្មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​មួយ ហើយ​ឥឡូវ​នេះ​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​តាន​តឹង​ឡើង។​ ប៉ុន្តែ​លោក​អភិបាល​រដ្ឋ ធីម ផាវឡេនទី (Tim​ Pawlenty) បាន​រិះគន់​លោក​ប្រធានាធិបតី​អូបាម៉ា​ថា​មិន​បាន​ចាត់​វិធានការណ៍​ម៉ឺង​ម៉ាត់ នៅ​ដើម​ខែ​មិនា នៅ​ពេល​ដែល​លោក​បាន​ថ្លែង​ថា ការ​ដក​លោក ម៉ូម្ម៉ារ ហ្កាដាហ្វ៊ី (Moammar Gadhafi) ចេញ​ពី​តំណែង​ប្រហែល​ជា​អាច​សម្រេច​ធ្វើ​បាន​យ៉ាង​ឆាប់​រហ័ស។

គ្មាន​ជនណា​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​ប្រាំ​នាក់ ដែល​ឋិត​នៅ​លើ​ឆាក នៅ​រដ្ឋ​សោធ ខារ៉ូឡៃណា នោះ​ ត្រូវ​គេ​ចាត់​ទុក​ថា ជា​បេក្ខជន​ថ្នាក់​ខ្ពស់​ទេ លើក​លែង​លោក អតីត​អភិបាល​រដ្ឋ ធីម ផាវឡេនទី នៃ​រដ្ឋ​មីន្នីសូតា (Minnesota) ដែល​សព្វ​ថ្ងៃ​នៅ​ពី​ក្រោយ​បេក្ខជន​ឯ​ទៀត​ ក្នុង​ការ​ស្ទង់​មតិ នៅ​រដ្ឋ​សំខាន់ៗ​ ឧទាហរណ៍​ដូច​ជា​រដ្ឋ​ អាយអូវ៉ា (Iowa) ជា​ដើម។ ក្នុង​ចំណោម​សមាជិក​គណបក្ស​សាធារណរដ្ឋ​ល្បី​ឈ្មោះ​ ដែល​អាច​ចូល​រួម​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា នៅ​លើក​ក្រោយ​រួមមាន​ទាំង​លោក​ មីត្ត រ៉ុមនី (Mitt Romney) អតីត​អភិបាល​រដ្ឋ​ម៉ាស្សាជូសេត្តស៍ (Massachusetts) មហា​សេដ្ឋី និង​តារា​ទូរទស្សន៍ ដូណលដ៍ ត្រាមផ៍ (Donald​ Trump) និង លោកស្រី​សមាជិក​សភា​ មីស្ស៊ែល្លិ បាចមែន (Michelle​ Bachman) ពី​រដ្ឋ មីន្នីសូតា ផង៕

ប្រែ​សម្រួល​ដោយ ​ប៉ូច រាសី

XS
SM
MD
LG