លោក ដូណលដ៍ ត្រាម្ព (Donald Trump) ធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន មុនលោកសម្រេចដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតី។ ក៏ប៉ុន្ដែរហូតមកដល់ពេលនេះផលប៉ះពាល់ធំជាងគេនៅក្នុងការតែងតាំងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ២០១២គឺសេចក្ដីសម្រេចរបស់លោក ម៉ែក ហាកាប៊ី (Mike Huckabee) ដែលថាលោកនឹងមិនឈរឈ្មោះសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីទេ ទោះបីលោកស្ទើរតែស្ថិតក្នុងលំដាប់កំពូលក្នុងការស្ទង់មតិសាធារណ:ភាគច្រើនក៏ដោយ។
លោក ម៉ែក ហាកាប៊ី ពន្យល់អំពីសេចក្ដីសម្រេចរបស់លោកក្នុងកម្មវិធីទូរទស្សន៍ Fox News Sunday ថា៖
«ប៉ុន្ដែខ្ញុំជឿជាក់នៅក្នុងចិត្ដរបស់ខ្ញុំថា មិនមែនជាពេលវេលាល្អសម្រាប់ខ្ញុំឈរឈ្មោះទេ។ ការឈរឈ្មោះនេះនឹងមិនកើតមានទេនៅពេលនេះ»។
ដោយនៅពេលឥឡូវនេះលោក ម៉ែក ហាកាប៊ីហើយនឹងលោក ដូណលដ៍ ត្រាម្ព ឈប់ឈរឈ្មោះនោះ អ្នកមកពីគណបក្សសាធារណ:រដ្ឋខ្លះផ្ដោតអារម្មណ៍ទៅលើលោកមិត្ដរ៉មនី (Mitt Romney) អតីតអភិបាលរដ្ឋម៉ាស្សាជូសិត្ដស៍ (Massachusetts) វិញ។ លោកមិនបានប្រកាសអំពីការសម្រេចជាផ្លូវការទេ ក៏ប៉ុន្ដែលោកបានអង្គាសប្រាក់ជាច្រើន ហើយស្ថិតលំដាប់កំពូល ក្នុងការស្ទង់មតិសាធារណ:នៃអ្នកដែលនឹងឈរឈ្មោះឲ្យគណបក្សសាធារណរដ្ឋ។
ទោះជាយ៉ាងនេះក្ដីលោក រ៉មនីកំពុងតែប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកអភិរក្សអំពីការកែទម្រង់នៃការថែទាំសុខភាពនៅក្នុងរដ្ឋ ម៉ាស្សាជូសិត្ដស៍ ដែលលោកបានអនុម័តក្នុងតំណែងលោកជាអភិបាលរដ្ឋ ហើយដែលបានក្លាយទៅជាគំរូសម្រាប់ផែនការថែទាំសុខភាពរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាដែលសភាជាតិបានអនុម័តកាលពីឆ្នាំទៅ។
លោក រ៉មនីមិនមែនជាអ្នកឈរឈ្មោះតែម្នាក់មកពីគណបក្សសាធារណរដ្ឋដែលត្រូវប្រឈមមុខនឹងបញ្ហាទេ។ លោក ញូ ហ្គិងរីច (Newt Gingrich) អតីតប្រធានរដ្ឋសភាជាតិបានឈរឈ្មោះជាផ្លូវការហើយ ក៏ប៉ុន្ដែបន្ដប្រឈមនឹងសំណួរអំពីការលែងលះភរិយាពីរដង ហើយនឹងប្រវត្ដិផិតក្បត់ភរិយា ដែលជាបញ្ហាព្រួយបារម្ភចំពោះអ្នកអភិរក្សសង្គមដែលជាក្រុមអ្នកបោះឆ្នោតសំខាន់មួយនៅក្នុងជួរគណបក្សសាធារណរដ្ឋ។
លោកហ្គិងរីច ថ្លែងនៅក្នុងកម្មវិធីជួបជាមួយអ្នកកាសែត នៅទូរទស្សន៍ NBC ថា៖
«ខ្ញុំធ្លាប់មានកំហុសនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំត្រូវទៅថ្វាយបង្គំព្រះអាទិទេពសុំឲ្យព្រះអង្គត្រាប្រណីលើកលែងទោស ហើយស្វែងរកការផ្សះផ្សា ហើយខ្ញុំនឹងសុំឲ្យអ្នកសាធារណរដ្ឋមើលខ្ញុំជាមនុស្សមានលក្ខណ:សម្បត្ដិយ៉ាងដូចម្ដេចសព្វថ្ងៃនេះ»។
លោករ៉នផល (Ron Paul) សមាជិកសភាមកពីរដ្ឋតិចសាស បានចូលរួមក្នុងការប្រជែងនេះដែរ ហើយលោកធីមផឡិនធី (Tim Pawlenty) អតីតអភិបាលរដ្ឋ មីនីសូតា (Minnesota) ព្រមទាំងលោករិជសាន់ថរ៉ុម (Rich Santorum) អតីតសមាជិកព្រឹទ្ធសភាមកពីរដ្ឋផិនស៊ីលវាញ៉ា (Pennsylvania) ក៏បានឈានទៅកាន់ការឈរឈ្មោះក្នុងតំណែងនៅសេតវិមានដែរ។
ក៏ប៉ុន្ដែការស្ទង់មតិថ្មីៗនេះបង្ហាញឲ្យឃើញថាសមាជិកគណបក្សសាធារណរដ្ឋមិនសប្បាយចិត្ដនឹងការតែងតាំងបេក្ខជនសម្រាប់ប្រធានាធិបតី ហើយចង់ឃើញជម្រើសដទៃៗទៀតដែលធ្វើឲ្យគេមានអារម្មណ៍ថា នេះជាការប្រកួតប្រជែងបេក្ខជនដ៏ទូលាយបំផុតនៃគណបក្សសាធារណរដ្ឋអស់រយៈជាច្រើនទស្សវត្សរ៍មកហើយ។
លោកមីត្ចដានីញែលស៍ (Mitch Daniels) អភិបាលរដ្ឋ ឥណ្ឌាយ៉ាណា (Indiana) និយាយថាលោកនឹងសម្រេចចិត្ដឆាប់ៗនេះថាតើនឹងឈរឈ្មោះឬយ៉ាងណា ដូចគ្នានឹងលោកស្រីសមាជិកសភាមីស៊្សែលបាចមែន្ន (Michele Bachmann) ដែរដែលជាស្ដ្រីជាទីនិយមជាងគេក្នុងចំណោមអ្នកអភិរក្សសង្គម ហើយនឹងក្រុមអ្នកគាំទ្រចលនា Tea Party ដែលជំរុញឲ្យមានរដ្ឋាភិបាលតូចជាងមុន។
ក៏ប៉ុន្ដែក្រុមអ្នកវិភាគនិយាយថា ការឈរឈ្មោះប្រជែងជាមួយប្រធានាធិបតីកាប់កាប់អំណាចមិនមែនជាការងាយស្រួលទេ ជាពិសេសប្រធានាធិបតីដូចលោកបារ៉ាក់អូបាម៉ា ដែលពូកែអង្គាសប្រាក់នឹងធ្វើយុទ្ធនាការ។
លោក ស្ទេហ្វិនវេន (Stephen Wane) ដែលជាសាស្ដ្រាចារ្យខាងមុខវិជ្ជារដ្ឋាភិបាលនៅសាកលវិទ្យាល័យចចថោន (Georgetown) នៅរដ្ឋធានីវ៉ាស៊ីនតោន មានប្រសាសន៍ថា៖
«ដូច្នេះការប្រជែងជាមួយប្រធានាធិបតីកាន់កាប់អំណាច ដែលអាចស្ដារ សេដ្ឋកិច្ចឡើងវិញហើយនឹងប្រធានាធិបតីកាន់កាប់អំណាចដែលអាចអង្គាសប្រាក់បានយ៉ាងច្រើនហើយគ្មានអ្នកប្រឆាំងនៅក្នុងជួរគណបក្សរបស់លោកផ្ទាល់ ដែលនេះជាកម្លាំងយ៉ាងខ្លាំងមហិមាហើយគ្មានអ្នកឈរឈ្មោះពិតប្រាកដណាម្នាក់ចង់ប្រជែងនៅពេលនេះទេបើគេអាចរង់ចាំបួនឆ្នាំទៀតនោះ»។
ក្រុមជំនាញការណ៍ភាគច្រើនឃើញថាលោកអូបាម៉ាមានជំហរល្អសម្រាប់ជាប់ឆ្នោតម្ដងទៀត ក៏ប៉ុន្ដែមិនទាន់ច្បាស់លាស់នៅឡើយទេ។ អស់លោកនិយាយថា ការដែលលោកប្រធានាធិបតីជាប់ឆ្នោតម្ដងទៀតសម្រេចនៅលើការលូតលាស់នៃសេដ្ឋកិច្ច និងការងារ ហើយថា ការថយចុះដែលមិនអាចរំពឹងទុកជាមុនអាចផ្លាស់ប្ដូរភ្លាមៗនូវឥទ្ធិពលនយោបាយនៅឆ្នាំ២០១២។
ក្នុងពេលជាមួយគ្នានេះសមាជិកគណបក្សសាធារណ:រដ្ឋខ្លះសង្ឃឹមថានឹងទាក់ទាញអ្នកឈរឈ្មោះដទៃទៀតឲ្យចូលប្រជែង រួមមានលោក ជែបប៊ុស្ស (Jeb Bush) អតីតអភិបាលរដ្ឋ ហ្វ្លរីដា (Florida) ហើយនឹងលលោកអភិបាលរដ្ឋញូជើស៊ី (New Jersey) គ្រីសគ្រីស្ទី (Chris Christie)។ប៉ុន្ដែលោកទាំងពីរនាក់នេះបដិសេធការឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី។
សមាជិកគណបក្សសាធារណ:រដ្ឋដ៏ល្បីឈ្មោះម្នាក់ ដែលមិនបានឲ្យសញ្ញា ថាមានបំណងឈរឈ្មោះ គឺលោកស្រី សារ៉ាហ៍ផេលិន (Sarah Palin) អតីតអភិបាលរដ្ឋអាឡាស្កា (Alaska) ដែលជាបេក្ខនារីសម្រាប់តំណែងអនុប្រធានាធិបតីស.រ.អ.ក្នុងយុទ្ធនាការឃោសនាឆ្នាំ២០០៨៕
ប្រែសម្រួលដោយ កង ស៊ីវន