អ្នកនយោបាយគណបក្សសាធារណរដ្ឋចំនួន៥រូបដែលសង្ឃឹមក្លាយជាបេក្ខជនរបស់គណបក្សពួកគេនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំក្រោយបានជជែកដេញដោលកាលពីយប់ថ្ងៃពុធដោយបានសម្តែងការគាំទ្រអ៊ីស្រាអែលនៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់ ខណៈដែលឈ្លោះប្រកែកគ្នាអំពីប្រទេសចិននិងរុស្ស៊ី។
អ្នកដែលមិនបង្ហាញខ្លួននៅលើវេទិកាជជែកដេញដោលនៅក្នុងទីក្រុង Miamiនោះគឺលោក Donald Trump អ្នកនាំមុខគេខាងគណបក្សសាធារណរដ្ឋដែលកំពុងស្វះស្វែងវិលត្រឡប់ទៅកាន់សេតវិមានវិញបន្ទាប់ពីចាញ់ឆ្នោតក្នុងឆ្នាំ២០២០។
លោក Trump មិនបានបង្ហាញខ្លួននៅឯការជជែកដេញដោលរបស់គណបក្សសាធារ ណរដ្ឋចំនួន៣លើក ហើយស្របពេលដែលលោកធ្វើយុទ្ធនាការរបស់លោកនៅក្បែរនោះកាលពីថ្ងៃពុធម្សិលមិញ លោកបានហៅការជជែកដេញដោលជាមួយគូប្រកួតប្រជែងរបស់លោកនោះថា«ជាការមើលមិនកើត»។
អភិបាលរដ្ឋFlorida លោក Ron DeSantis ដែលទំនងស្ថិតនៅលំដាប់ទី២ឆ្ងាយនៅក្នុងការស្ទង់មតិនោះបាននិយាយថាលោក Trump បានជំពាក់អ្នកដែលមើលការជ ជែកដេញដោលដើម្បីបង្ហាញនិងពន្យល់ថាតើហេតុអ្វីលោកត្រូវទទួលបានឱកាសមួយលើកទៀតដើម្បីឱ្យបានទទួលការតែងតាំងជាបេក្ខជនរបស់គណបក្សនោះ។
អតីតអភិបាលរដ្ឋ New Jersey លោក Chris Christieបានចង្អុលដល់ការកាត់ទោសជាច្រើនលើកនៅពេលបច្ចុប្បន្ននេះរបស់លោក Trump ដោយនិយាយថា«ជនណាដែលនឹងចំណាយពេល១ឆ្នាំកន្លះខាងមុខទៀតនៃជីវិតរបស់គេផ្តោតលើការធ្វើឱ្យខ្លួនស្ថិតនៅក្រៅគុកនិងតុលាការមិនអាចដឹកនាំគណបក្សនេះបានទេ»។
ពាក់ព័ន្ធនឹងការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែលដល់ការវាយប្រហារនៅខែតុលាដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងខែទី២របស់ខ្លួននោះ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រីNikki Haley បាននិយាយថាអ៊ីស្រាអែលចាំបាច់«លប់បំបាត់ក្រុមហាម៉ាស់»។
លោកសមាជិកព្រឹទ្ធសភា Tim Scottបាននិយាយថាលោកនឹងប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahuថា«មិនត្រឹមតែធ្វើអ្វីដែលលោកមានការទទួលខុសត្រូវនិងមានសិទ្ធិបោសសម្អាតក្រុមហាម៉ាស់ពីផែនទីប៉ុណ្ណោះទេ គឺយើងនឹងគាំទ្រលោក»។
ពួកបេក្ខជនខាងគណបក្សសាធារណរដ្ឋនឹងធ្វើការជជែកដេញដោលបន្ទាប់នៅថ្ងៃទី៦ ខែធ្នូ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAP, AFPនិង Reuters