ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​ចំណាយ​ជិតបួន​សែន​កោដិដុល្លារទៅលើ​សង្រ្គាម​នៅ​​ប្រទេស​អ៊ីរ៉ាក់និងអាហ្វហ្កានីស្ថាន​​


នាយទោ​ Gavin Fruge​ អាយុ​២២​ឆ្នាំ​ មក​ពី​ទីក្រុង​ Crowley រដ្ឋ​ Louisiana ឈរ​មុខ​គេ​​ស្ដាប់​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​តាម​​ទូរទស្សន៍​ និយាយ​អំពី​សំណើ​ដក​កងទ័ព នៅ​មូលដ្ឋាន​ទ័ព​អាកាស​ កាន់ដាហារ​នៅ​ទី​ក្រុង​ កាន់ដាហារ​ ប្រទេស អាហ្វហ្គានីស្ថាន

របាយ​ការណ៍​ថ្មី​មួយ​ ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយដោយ​សាកល​វិទ្យាល័យ​ ប្រោន​ (Brown​ University)​ និយាយ​ថា​ ការ​ចំណាយ​ទៅ​លើ​សង្រ្គាម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ អ៊ីរ៉ាក់​ (Iraq)​ និង​ប្រទេស​ អាហ្វហ្កានីស្ថាន​ (Afghanistan)​ និង​ប្រតិបត្តិការ​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​ ប៉ាគីស្ថាន​ (Pakistan)​ នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះ​ចំណាយ​ប្រាក់​ជិត​បួន​សែន​កោដិ​ដុល្លារ។​ ចំនួន​សរុប​នៅ​ក្នុងរបាយការណ៍​នេះ​ គឺ​មាន​ចំនួន​លើស​ពីបី​ដង​ ច្រើន​ជាង​ការ​ប៉ាន់​ស្មាន​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ (Barack​ Obama)​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​នា​ពេល​ថ្មីៗ​នេះ។

នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​អំពី​ការ​ដក​កង​ទ័ព​សហរដ្ឋ​អាមេរិក​ចេញពី​ប្រទេស​ អាហ្វហ្កានីស្ថាន​ លោក​បាន​មាន​ប្រសាសន៍​ថា​ សង្រ្គាមរបស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ចំណាយ​ប្រាក់​មួយសែន​កោដិដុល្លារ។

ប៉ុន្តែ​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ វ័ដសុន​ (Watson) ​សម្រាប់​ការសិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ ប្រោន​ បាន​ប៉ាន់​ស្មាន​ប្រាក់​ចំណាយ​សរុប​រហូត​ដល់​ទៅ​បី​សែន​ប្រាំពីរពាន់​លាន​ដុល្លារ។

ការ​សិក្សា​រួម​បញ្ចូល​ទាំង​ការ​ចំណាយ​ទៅលើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​ អ៊ីរ៉ាក់​ និង​ប្រទេស​ អាហ្វហ្កានីស្ថាន​ ព្រម​ទាំងប្រតិបត្តិការ​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​ ប៉ាគីស្ថាន។​ ខាស្សឺរីន​ ឡិតហ្ស៍​ (Catherine​ Lutz)​ គឺជា​សហ​អ្នកនិពន្ធ​មួយ​រូប​នៃ​ការ​សិក្សា​នេះ។

«ការ​ប៉ាន់​ស្មាន​ដ៏​សម​ហេតុ​ផល​មួយ​គឺ​ប្រហែល បួនសែន​កោដិ​ដុល្លារ​ សម្រាប់​សង្រ្គាម​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ និង​ដែល​រួម​ទាំង​ការ​ចំណាយ​មួយ​ចំនួន​នា​ពេល​អនាគត​ដែល​យើង​មាន​កាតព្វកិច្ចក្នុង​ការ​បង់​ទៅ​លើ​ការ​ថែរក្សាទាហាន​ជើង​ចាស់។​ ជាង​នេះ​ទៅ​ទៀត​ មួយ​សែន​កោដិដុល្លារ​ផ្សេង​ទៀត​ គឺជា​ការ​ចំណាយ​ទៅ​លើ​ការ​ប្រាក់​នៃ​បំណុល​ ដែល​យើង​បាន​ស្មាន​ថា​ នឹង​ត្រូវ​ការ​រហូត​ដល់​ឆ្នាំ​២០២០»។

អ្នក​ស្រី​ ឡិតហ្ស៍​ និយាយ​ថា​ ការ​ចំណាយ​ដូចជា​ការ​ផ្តល់​ការថែរក្សា​យូរ​អង្វែង​ដល់​ទាហាន​ជើង​ចាស់ដែល​រង​របួស​ និង​គម្រោង​ចំណាយទៅ​លើ​សង្រ្គាម​ពី​ឆ្នាំ​២០១២​រហូត​ដល់​ឆ្នាំ​២០២០​ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​តួលេខ​នោះ។​ សាស្រ្តាចារ្យ​ នេតា​ ក្រ័វហ្វដ​ (Neta​ Crawford)​ ដែល​ជា​សហ​អ្នកនិពន្ធ​របាយការណ៍​និង​ជា​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ នៃ​សាកលវិទ្យាល័យ​ បូសស្តុន​ (Boston​ University)​ និយាយ​ថា​ ការ​ចំណាយ​ផ្សេងៗ​ទៀត​រួម​បញ្ចូល​ការ​បាត់​បង់ឱកាស​ ដោយសារ​ថវិកា​ត្រូវ​បាន​ចំណាយ​ទៅលើ​សម្ភារៈ​សង្រ្គាម។

«ដូច្នេះ​ ប្រសិន​បើ​អ្នក​គិត​អំពី​ប្រាក់​ចំណាយ​ប្រចាំ​ឆ្នាំ​ទៅ​លើ​សង្រ្គាម​ទាំង​នេះ​ ដោយ​យើង​និយាយ​ថា​ ការ​ចំណាយ​ជា​មធ្យម​មាន​ប្រមាណ១៣០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ សម្រាប់​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ​ ដូច្នេះ​ អ្នក​អាច​មាន​ការ​ងារ​ចំនួន​៩​សែន​នៅ​ក្នុង​វិស័យ​អប់រំ​ ដែល​អាច​ត្រូវ​បាន​បង្កើត​ឡើង»។

ការ​បាត់​បង់​មនុស្ស​ក៏​មាន​លក្ខណៈ​ខ្ពស់​ផង​ដែរ។​ របាយការណ៍​និយាយ​ថា​ ប្រជាពលរដ្ឋ​ចន្លោះ​ពី​២២៤.០០០​ទៅ​២៥៨.០០០​នាក់​ បាន​បាត់​បង់​ជីវិត​ដោយ​ផ្ទាល់​ពី​ការ​ធ្វើ​សង្រ្គាម​ ដែល​ក្នុង​នោះ​មនុស្ស​ចំនួន​១២៥.០០០​នាក់​ គឺជា​ជន​ស៊ីវិល​ដែល​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

ទោះ​បី​ជា​លោក​ប្រធានាធិបតី​ អូបាម៉ា​ មាន​ផែនការ​ដក​កងទ័ព​ចំនួន​៣៣.០០០​នាក់​ក៏​ដោយ​ ក៏​នៅ​តែ​មាន​កង​ទ័ព​ចំនួន​៧០.០០០​នាក់​ នៅ​ក្នុង​ប្រទេស​ អាហ្វហ្កានីស្ថាន​ ដែល​ការ​ចំណាយ​ប៉ាន់​ស្មាន​គឺ​មាន​ចំនួន​មួយ​លាន​ពីរសែន​ដុល្លារ​សម្រាប់​កងទ័ព​ម្នាក់ៗ៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG