ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំហុស​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​ប៊ីភី​និង​ក្រុមហ៊ុន​ផ្សេង​ទៀត​​បណ្តាល​ឲ្យ​មាន​មហន្តរាយ​​ប្រេង


តាម​របាយការណ៍​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​​ Center for American Progress បាន​ឲ្យ​ដឹង​ថា​ កម្មករ​សម្អាត​ប្រេង​នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិកូ​ ​ដែល​បាន​​ស្ថិត​នៃ​ជិត​នឹង​ប្រេង​ឆៅ​និង​ផ្សែង បាន​និយាយ​ថា​ខ្លួន​បាន​ធ្លាក់​ខ្លួន​ឈឺ។
តាម​របាយការណ៍​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​​ Center for American Progress បាន​ឲ្យ​ដឹង​ថា​ កម្មករ​សម្អាត​ប្រេង​នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិកូ​ ​ដែល​បាន​​ស្ថិត​នៃ​ជិត​នឹង​ប្រេង​ឆៅ​និង​ផ្សែង បាន​និយាយ​ថា​ខ្លួន​បាន​ធ្លាក់​ខ្លួន​ឈឺ។

គណៈ​កម្មការ​ដែល​សេតវិមាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​ទៅ​ដើម្បី​ស៊ើបអង្កេត​បុព្វហេតុ​នៃ​ការ​លេចប្រេង​របស់​ក្រុមហ៊ុន​ប៊ីភី ​ក្នុង​ឈូងសមុទ្រ​ម៉ិចស៊ីកូ ​និយាយ​ថា ​កំហុស​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​ប្រេង​ ប៊ីភី​និង​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​កន្លែង​កើត​ហេតុ ​បាន​បណ្តាល​ឲ្យ​មាន​មហន្តរាយ​នេះ។

ក្នុង​របាយ​ការណ៍​មួយ​ដែល​នឹង​ចេញ​ផ្សាយ​ទាំងស្រុង​នៅ​សប្តាហ៍​ក្រោយ​ គណៈ​កម្មការ​ស៊ើប​អង្កេត​អំពី​ការ​លេច​ប្រេង​បាន​បន្ទោស​ការ​សម្រេច​ចិត្ត​អំពី​ការ​កាត់​បន្ថយ​ចំណាយ​ដោយ​ក្រុមហ៊ុន​ប្រេង​ប៊ីភី ​ ហើយ​និង​ក្រុមហ៊ុន​ទទួល​កិច្ច​សន្យា​គឺ ​Halliburton​ និង​ Transocean​ ចំពោះ​ការ​ផ្ទុះ​កាលពី​ថ្ងៃទី​២០​ ខែ​មេសា​នៅ​ការដ្ឋាន​បូមប្រេង​ Deepwater​ Horizon​ដែល​បាន​សម្លាប់​កម្មករ​ចំនួន​១១​នាក់​។​ គណៈកម្មការ​នេះ​ក៏​បាន​ទិតៀន​អ្នក​រៀបចំ​បទបញ្ជា​រដ្ឋាភិបាល​ថា មិន​បាន​ត្រួត​ពិនិត្យ​ឲ្យ​បាន​សមស្រប​នូវ​ប្រតិបត្តិការ​នៅ​ការដ្ឋាន​ Macondo ​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ីកូ​ ហើយ​មិន​បាន​ចាត់​វិធានការ​ដែល​អាច​បង្ការ​ អ្វី​ដែល​ជា​ការ​លេច​ប្រេង​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

សេចក្តី​សម្រង់​ពី​របាយ​ការណ៍​ដែល​ចេញ​កាល​ពី​ថ្ងៃពុធ​មាន​ខ្លឹមសារ​ផ្ទុយ​ពី​សេចក្តី​ថ្លែងការណ៍​របស់​គណៈ​កម្មការ​នេះ​កាល​ពី​ខែ​វិច្ឆិកា​ ដែល​រក​មិន​ឃើញ​ភស្តុតាង​ថា ​កម្មករ​នៅ​ក្នុង​គម្រោង​នោះ​មាន​កំហុស​ ដែល​កើត​ចេញ​ពី​ការ​ប្រឹងប្រែង​កាត់​បន្ថយ​ចំណាយ​នោះ​ទេ។ ​តារាង​ប្លង់​ការងារ​របស់​គណៈ​កម្មការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​សម្រេច​ចិត្ត​មួយ​ចំនួន​ ដែល​មាន​គោលបំណង​សន្សំ​សំចៃ​ពេល​វេលា​ និង​លុយកាក់​ ​តែ​វា​ក៏​បាន​បង្កើន​គ្រោះ​ថ្នាក់​ផង​ដែរ។

ក្រុមហ៊ុន​ប្រេង​ប៊ីភី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​និយាយ​ថា ​ខ្លួន​គាំទ្រ​គណៈ​កម្មការ​នេះ​ក្នុង​កិច្ចការ​របស់​គណៈ​កម្មការ​ដើម្បី​កំណត់​អំពី​បុព្វហេតុ​នៃ​មហន្តរាយ​នេះ។​ សេចក្តី​ថ្លែង​ការណ៍​នេះ​សរសេរ​ មួយ​ផ្នែក​ថា​ «ក្រុមហ៊ុន​ប៊ីភី​កំពុង​ធ្វើការ​ជាមួយ​អ្នក​រៀបចំ​បទបញ្ជា​ និង​ឧស្សាហ​កម្ម ​ដើម្បី​ធានា​ថា ​បទ​ពិសោធន៍​ពី​គ្រោះថ្នាក់​នៅ Macondo​ នេះ​នឹង​នាំឲ្យ​មាន​ប្រតិបត្តិការ​ប្រសើរ​ជាង​មុខ»។

ប៉ុន្តែ ​Halliburton ​ដែល​ជា​ក្រុមហ៊ុន​មាន​ភារកិច្ច​ចាក់​ស៊ីម៉ង់ត៍​បិទ​កន្លែង​កើត​ឧបត្តិហេតុ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទិតៀន​គណៈ​កម្មការ​នេះ​ពីបទ​ជ្រើសរើស​បិទបាំង​ព័ត៌មាន​ជាក់លាក់​មួយ​ចំនួន។​ របាយ​ការណ៍​របស់​គណៈ​កម្មការ​នេះ​បន្ទោស​ក្រុម​ហ៊ុន Hillaburton ​ថា​ បាន​បូម​ស៊ីម៉ង់ត៍​ចូល​ក្នុង​អណ្តូង​ ​មុន​ពិនិត្យ​មើល​ទិន្នន័យ​ពិសោធន៍​ដើម្បី​ធានា​ថា ​ស៊ីម៉ង់ត៍​បិទ​នេះ​មាន​ស្ថិរភាព។

Transocean​ ដែល​ជា​ម្ចាស់​របស់​ការដ្ឋាន​បូម​ប្រេង​ Deepwater​ Horizon ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជំទាស់​ការ​ទិតៀន​របស់គណៈ​កម្មការ​នេះ​ទាក់ទង​នឹង​ការ​បណ្តុះ​បណ្តាល​កម្មករ​របស់​ខ្លួន ​ហើយ​និយាយ​ថា​ ការ​សម្រេច​ចិត្ត​ចុងក្រោយ​នៅ​កន្លែង​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ប៊ីភី​ ដែល​ជា​ក្រុមហ៊ុន​ដឹក​នាំ​ទាក់ទង​នឹង​ប្រតិបត្តិការ​នេះ។

ការ​សន្និដ្ឋាន​របស់​គណៈ​កម្មការ​សេត​វិមាន​ចេញ​រហូត​មកដល់​ពេលនេះ​ គឺ​ស្របគ្នា​នឹង​សេចក្តី​ពន្យល់​កាល​ពី​មុន​របស់​សមាជិក​ក្រុម​ប្រឹក្សា​ ហើយ​និង​ការ​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​អ្នក​វិទ្យាសាស្ត្រ​ឯករាជ្យ​ដែល​ពិនិត្យ​មើល​មហន្តរាយ​នេះ​កាលពី​ឆ្នាំទៅ។​ ​Ken​ Arnold ​អ្នក​ប្រឹក្សា​មាន​មូលដ្ឋាន​នៅ ​Houston​ សម្រាប់​ឧស្សាហកម្ម​ប្រេង​ និង​ឧស្ម័ន​ និង​ជា​សមាជិក​នៃបណ្ឌិ​សភា​វិស្វកម្ម​ជាតិ ឬ National Academy of Engineering​ និយាយ​ថា ​រហូត​មក​ដល់​ពេល​នេះ​ អ្វី​ដែល​លោក​មើល​ឃើញ​អំពី​របាយការណ៍​របស់​គណៈ​កម្មការ​នេះ​ ​បង្ហាញ​នូវ​កំហុស​ជា​បន្តបន្ទាប់​របស់​មនុស្ស​មុន​កើត​មាន​ឧបត្តិ​ហេតុ​នេះ។

«មាន​ការ​សម្រេច​ចិត្ត​ជាច្រើន​ដែល​មិនមែន​ជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ។ ​បើ​មិនមាន​ការ​សម្រេច​ចិត្ត​ខុស​ទេ​នោះ​ មហន្ត​រាយ​ក៏​មិន​បាន​កើត​ឡើង​ដែរ។​ វា​មាន​ការ​សម្រេច​ចិត្ត​ខុស​ជា​បន្ត​បន្ទាប់»។

លោក ​Arnold ​និយាយ​ថា​ ​វិធាន​ការ​នានា​របស់​រដ្ឋាភិបាល​ក្នុង​ការ​បន្តឹង​បទ​បញ្ញត្តិ​ នឹង​ជួយ​កាត់​បន្ថយ​ឱកាស​កើត​មាន​ឧបត្តិ​ហេតុ​បែប​នេះ​ជាថ្មី​ម្តងទៀត​នៅ​ក្នុង​សមុទ្រ ​ ទេ​ ប៉ុន្តែ​លោក​និយាយ​ថា ​កំហុស​ឆ្គង​របស់​មនុស្ស​គឺ​ជា​រឿង​ដែល​គ្មាន​អ្នកណា​អាច​លុប​បំបាត់​ចោល​ទាំងស្រុង​បាន​ទេ។

«វិធាន​ការ​ភាគ​ច្រើន​នឹង​មាន​ផល​វិជ្ជមាន​ចំពោះ​បញ្ហា​សុវត្ថិភាព ​ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ លោក​អ្នក​អាច​និយាយ​ថា​ ​លោកអ្នក​អាច​ទប់ស្កាត់​មហន្ត​រាយ​ប្រភេទ​នេះ​មិន​ឲ្យ​កើតមាន​ជាថ្មី​ទៀត​ទេ​ ​ហើយ​មិន​ខុស​ពីអ្វី​ដែល​អ្នក​មិន​អាច​និយាយ​ថា​ នឹង​មិន​មាន​យន្តហោះ​ធ្លាក់​ទៀត​នោះ​ទេ»។

លោក ​Ken Arnold ​ដែល​បាន​ធ្វើការ​ក្នុង​ឧស្សាហ​កម្ម​ប្រេង​ និង​ឧស្ម័ន​រយៈ​ពេល​៤៥​ឆ្នាំ​មក​ហើយ​នោះ​ និយាយ​ថា ​ប្រវត្តិ​ជារួម​របស់​ការងារ​ប្រតិបត្តិការ​រុករក​ប្រេង​ក្នុង​ទឹក​ជ្រៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ីកូ ​និង​នៅ​កន្លែង​ផ្សេង​ទៀត​គឺ​ជា​ប្រវត្តិ​កិច្ចការ​ល្អ​លេច​ធ្លោ​ដោយមាន​ការ​លេច​ប្រេង​តិចតួច​ប៉ុណ្ណោះ។ ​លោក​និយាយ​ថា ​ការ​ប្រឹង​ប្រែង​កាត់​បន្ថយ​គ្រោះថ្នាក់ ​និង​ការ​បង្កើន​បទ​បញ្ជា ​បាន​បណ្តាល​ឲ្យ​ចុះ​ថយ​ផលិត​កម្ម​ ដែល​នឹង​បង្ខំ​ឲ្យ​សរអ​ ត្រូវ​នាំ​ប្រេង​ចូល​បន្ថែម​ដើម្បី​បំពេញ​តម្រូវការ​ថាមពល​កើន​ឡើង៕

ប្រែ​សម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG