កម្ពុជានិងថៃនៅយប់ថ្ងៃច័ន្ទនេះ បានវាយប្រយុទ្ធគ្នាឈានដល់ថ្ងៃទីបួននៅតំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របី តាមបណ្តោយក្រវ៉ាត់ព្រំដែនខេត្តឧត្តរមានជ័យនិងខេត្តសុរិន្ទ។
ពុំមានសេចក្តីរាយការណ៍ភ្លាមៗអំពីចំនួនមនុស្សស្លាប់និងរងរបួសរវាងភាគីទាំងពីរទេ។ ការវាយប្រយុទ្ធគ្នានេះ បានកើតឡើងក្រោយពេលលោក ម៉ាទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី និងជាប្រធានសមាគមអាស៊ាន បានលើកពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃ ដើម្បីចុះកិច្ចព្រមព្រៀងដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីនៅតាមព្រំដែនមានជម្លោះ។
រូបភាពនៃការប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុន៖
លោកផៃ ស៊ីផាន អ្នកនាំពាក្យសមរភូមិមុខ បានថ្លែងប្រាប់ វីអូអេខ្មែរ នៅប៉ុន្មាននាទីមុននេះថា កងទ័ពកម្ពុជានិងកងទ័ពថៃបានធ្វើការវាយប្រយុទ្ធគ្នាសារជាថ្មីម្តងទៀតលក្ខណៈទ្រង់ទ្រាយធំបានឈានចូលដល់ថ្ងៃទីបួនហើយ។ ក៏ប៉ុន្តែលោកពុំទាន់មានរបាយការណ៍លម្អិតអំពីចំនួនមនុស្សស្លាប់និងរងរបួសរវាងភាគីទាំងពីរទេ។ លោកស៊ីផាន បន្តថា៖
«នៅប្រាសាទតាក្របីមានការប្រយុទ្ធគ្នា។ ក៏ប៉ុន្តែតុល្យភាពរបៀបម៉េច យើងអត់ទាន់ទទួលបានដឹងទេ ពីព្រោះកំពុងជាប់ដៃគ្នា»។
ការវាយប្រយុទ្ធគ្នាសារជាថ្មីម្តងទៀតនៅថ្ងៃច័ន្ទនេះ គឺស្របពេលដែលប្រធានសមាគមអាស៊ាន លោក ម៉ាទី ណាតាឡេហ្កាវ៉ា បានពន្យារពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងថៃ ដើម្បីចុះហត្ថលេខាដាក់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីនៅតាមក្រវ៉ាត់ព្រំដែនមានជម្លោះ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា លោក ម៉ាទី ណាតាឡេហ្កាវ៉ា បានពន្យាររពេលមកទស្សនកិច្ចកម្ពុជានិងប្រទេសថៃដោយគ្មានការកំណត់។
កញ្ញា ដេវី ប៉េត្រូលីសា (Dewi Petroliza) មន្រ្តីទទួលបន្ទុកព័ត៌មាន និង វប្បធម៌សង្គមរបស់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«ដូចអ្វីដែលខ្ញុំបានប្រាប់នេះមិនមែនជាការពន្យាររពេលគ្មានការកំណត់ទេ។ ក៏ប៉ុន្តែនឹងរៀបចំកាលបរិច្ឆេទសារជាថ្មីម្តងទៀត។ យើងរង់ចាំការវិវត្តនៃស្ថានការណ៍»។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ការពន្យារពេល របស់លោក ម៉ាទី ណាតាឡេហ្កាវ៉ា សង្ស័យថា គឺដោយសារតែភាគីថៃមិនចុះហត្ថលេខាដាក់អ្នក សង្កេតការណ៍ឥណ្ឌូនេស៊ីនៅតាមក្រវ៉ាត់ព្រំដែន។
«ការដែលលើកពេលចុះហត្ថលេខាលើឯកសារដាក់អ្នកសង្កេតការណ៍នេះ គឺធ្វើឲ្យវត្តមានអ្នកសង្កេតការណ៍ និងកាន់តែពន្យារពេលចេះតែយូរបន្តទៀត ដោយទុកលទ្ធភាពឲ្យពួកខ្មាំងថៃឈ្លានពានអាចធ្វើភ្លៀង ធ្វើផ្គរ ធ្វើព្យុះ ធ្វើភ្លៀង ឈ្លានពានមកលើកម្ពុជា បង្កការបាញ់មកលើកម្ពុជាតាមអំពើចិត្តទៀត»។
លោក កាស៊ីត ភីរម្យ (Kasit Piromya) រដ្ឋមន្រ្តីការបរទេសថៃ ត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់ សម្តីមកចុះផ្សាយនៅថ្ងៃច័ន្ទនេះថា ការពន្យារពេលទស្សនកិច្ចរបស់លោក ម៉ាទី ណាតាឡេហ្កាវ៉ា ដោយសារការប៉ះទង្គិចគ្នាចុងក្រោយនៅតាមព្រំដែន។
លោកបានមានប្រសាសន៍ទៀតថា លោកនឹងជួបលោក ម៉ាទី ណាតាឡេហ្កាវ៉ា និងលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង នៅថ្ងៃទី២៨ ខែមេសាខាងមុខនេះ។
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃច័ន្ទនេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ថៃបានប្រើប្រាស់ យន្តហោះប្រយុទ្ធចំនួនពីរគ្រឿងនៅលើប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយបានបាញ់គ្រាប់កាំភ្លើងផ្លោង១៥៥មីលីម៉ែត្រចំនួន៦គ្រាប់ចូលទៅក្នុងតំបន់គោកមនជម្រៅ២២គីឡូម៉ែត្រនៅក្នុងទឹកដីកម្ពុជា ដែលមានប្រជាជនស៊ីវិលយ៉ាងច្រើនកំពុងរស់នៅ។ ក៏ប៉ុន្តែពុំមានសេចក្តីរាយការណ៍អំពី គ្រោះថ្នាក់ដល់ជនស៊ីវិលទេ។
កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថានៅក្នុងរយៈពេលការប្រយុទ្ធគ្នា ដែលបានកើតមានឡើងកាលពីថ្ងៃសុក្រយ៉ាងតិចមានទាហានថៃចំនួន៥នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន៣៥នាក់៕