រដ្ឋាភិបាលបានតបតដោយបិទទីភ្នាក់ងារកាសែតចំនួន៧ និងចាប់ខ្លួនអ្នកកាសែតចំនួន ១១នាក់។ អ្នកកាសែតមួយចំនួនផ្សេងទៀតត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅខែបន្ទាប់។ មិនមានដំណឹងណាពីពួកគេឡើយតាំងពីពេលនោះមក។
តាំងពីពេលនោះមកការបញ្ចេញមតិដោយសេរីកាន់តែរងសម្ពាធកាន់តែខ្លាំងឡើង ហើយគណៈកម្មាធិការការពារអ្នកកាសែតនិយាយថា អ្នកកាសែតប្រហែល១៧នាក់ នៅតែជាប់ក្នុងពន្ធនាគារនៅប្រទេសអេរីត្រេនៅឡើយ ទោះបីជាយើងមិនដឹងថាតើអ្នកជាប់ពន្ធនាគារប៉ុន្មាននាក់នៅមានជីវិត។
ទោះបីជាអ្នកកាសែតទាំងនោះត្រូវបានបានឃើញមុខតទៅទៀតក្តី មិត្តរួមការងារ មិត្តភក្តិ និងក្រុមគ្រួសារចង់រក្សាភាពប្រាកដប្រជាថា ពួកគេនឹងមិនត្រូវបានបំភ្លេចឡើយ។
នៅក្នុងការជួបជុំមួយកាលពីពេលថ្មីៗនេះក្នុងទីក្រុង Alexandria រដ្ឋ Virginia ប្រជាជនអេរីត្រេ បានជួបជុំគ្នាដើម្បីចែករំលែករឿងរ៉ាវអំពីអ្នកកាសែត និងធ្វើការតស៊ូមតិដើម្បីឲ្យមានការដោះលែងអ្នកកាសែតតាមរយៈព្រឹត្តិការណ៍មួយដែលមានចំណងជើងថា«ការចងចាំសម្រាប់ការភ្លេចភាំ្លង» (Memory for Forgetfulness)។
ក្នុងចំណោមអ្នកចូលរួមទាំងនោះ ក៏មានលោក Robel Asrat ដែលបងប្រុសរបស់លោកឈ្មោះ Amanuel Asrat ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០១ ហើយមិនអាចទាក់ទងបានចាប់ពីពេលនោះមក។ លោក Amanuel គឺជាអ្នកនិពន្ធកំណាព្យនិងជាអ្នកកែអត្ថបទនៃសារព័ត៌មាន Zemen ដែលជាសារព័ត៌មានផ្សាយពីសិល្បៈនិងអក្សរសាស្រ្ត។ កំណាព្យរបស់លោកមានចំណងជើងថា «ការភ្លើងឆាបឆេះនៃសង្រ្គាម» (The Scourge of War) ហើយត្រូវបានបកប្រែជា ១៥ភាសា។
លោក Robel ដែលពេលនោះនៅជាកូនក្មេងនៅឡើយ បានរំឮកនូវការចងចាំដ៏ឈឺចាប់នៃពេលដែលលោកបានប្រាប់អាសយដ្ឋានផ្ទះរបស់លោកទៅមន្រ្តីសន្តិសុខដែលស្លៀកពាក់ឯកសណ្ឋានស៊ីវិលដែលមកចាប់ខ្លួនបងប្រុសរបស់លោក។ លោកនិយាយថា រយៈពេល៦ខែដំបូង បងប្រុសរបស់លោកត្រូវជាប់ឃុំឃាំងក្នុងរដ្ឋធានីអាស្មារ៉ា។ ក្រុមគ្រួសាររបស់លោកអាចយកចំណីអាហារឲ្យបងប្រុសរបស់លោកបាន ទោះបីជាពួកគេមិនអាចនិយាយជាមួយគាត់ក៏ដោយ។ ក៏ប៉ុន្តែបន្ទាប់ពី លោក Amanuel ត្រូវបានបញ្ជូន ប្រហែលជាបញ្ជូនទៅពន្ធនាគារ Eiraero ដែលមានសន្តិសុខតឹងរ៉ឹងជាងនេះ ស្ថិតនៅភាគខាងជើងរដ្ឋធានី ពេលនោះលោកមិនបានទទួលដំណឹងពីបងប្រុសរបស់លោកទៀតទេ។
លោកនិយាយថា៖ «រយៈពេល៦ខែក្រោយមក យើងមិនមានតម្រុយអ្វីទាំងអស់ ហើយអ្នកដែលយើងសួរមិនអាចផ្តល់ព័ត៌មានដល់យើងបានទេ។ ពួកគេប្រាប់យើងកុំស្វែងរកគាត់ទៀត។ រហូតមកដល់ពេលនេះ យើងនៅតែសង្ឃឹមថា បានជួបគាត់ ហើយឪពុកម្តាយរបស់ខ្ញុំនៅតែបន់ស្រន់សុំឲ្យគេដោះលែងរូបគាត់ជានិច្ច»។
លោក Robel ចងចាំថា បងប្រុសរបស់លោក គឺជាមនុស្សចិត្តល្អម្នាក់ដែលតែងតែបរិច្ចាគឲ្យអ្នកដ៏ទៃទោះបីជាគាត់ត្រូវលះបង់តម្រូវការរបស់ខ្លួនគាត់ក៏ដោយ។ លោកក៏បាននិពន្ធកំណាព្យសម្រាប់ការសាទរ និងការលើកជំរុញលើកទឹកចិត្ត។ លោក Robel និយាយថា លោកសង្ឃឹមថាលោកអាចផ្ញើសារដល់បងប្រុសរបស់លោក។ លោកបន្តថា៖ «គាត់តែងតែនិយាយពាក្យមួយ ម្តងហើយម្តងទៀត នោះពាក្យនោះគឺ«ងើបឡើងវិញ» ខ្ញុំចង់ឲ្យគាត់ងើបឡើងវិញដូចពាក្យរបស់គាត់»។
«គ្មានបញ្ហាណាដែលមិនអាចដោះស្រាយបាននោះទេ ថ្ងៃណាមួយ រាល់បញ្ហាដែលធ្ងន់ដូចជាភ្នំនឹងនឹងអាចដោះស្រាយបាន ហើយធូរស្រាលវិញ ពេលនោះយើងនឹងឃើញពន្លឺ ដែលព្រះបានបង្កើត។ ហើយគាត់នឹងឃើញពន្លឺដែលគាត់ត្រូវបានគេហាមមិនឲ្យឃើញ»។
ការបង្ក្រាបអ្នកកាសែតក្នុងឆ្នាំ២០០១ នៅប្រទេសអេរីត្រេ បានកើតឡើងនៅពេលបញ្ចប់សង្គ្រាមជាមួយប្រទេសអេត្យូពីដែលបានសម្លាប់ជីវិតមនុស្សប្រហែល ៧០.០០០នាក់ទៅ ១០០.០០០នាក់។ នៅថ្ងៃទី១៨ ខែកញ្ញា ក្រុមមន្រ្តីជាន់ខ្ពស់ចំនួន១៥រូបនៃគណបក្សកាន់អំណាចរបស់ប្រទេសអេរីត្រេ គឺគណបក្សរណសិរ្សប្រជាជនសម្រាប់ប្រជាធិបតេយ្យនិងយុត្តិធម៌ បានចេញផ្សាយលិខិតចំហរមួយជូនលោកប្រធានាធិបតី Isaias Afwerki ស្នើសុំឲ្យមានការកែទម្រង់ក្នុងរដ្ឋាភិបាលហើយចោទប្រកាន់លោកពីបទធ្វើសកម្មភាព«ខុសច្បាប់និងខុសរដ្ឋធម្មនុញ្ញ»។ ខ្លឹមសារលិខិតនោះ រួមនឹងកិច្ចសម្ភាសន៍ជាមួយសមាជិកប្រឆាំងដែលត្រូវបានស្គាល់ថា G-15 ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
តាំងពីពេលនោះមក លោកប្រធានាធិបតី Isaias បានអះអាងថា ប្រទេសអេរីត្រេមិនដែលមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យនោះទេ ហើយទីភ្នាក់ងារសារព័ត៌មានដែលប្រតិបត្តិការមុនឆ្នាំ២០០១ គឺទទួលជំនួយពីប្រភពខាងក្រៅដូចជា CIA ហើយកំពុងព្យាយាមសាបព្រោះការខ្វែងគំនិតគ្នា។
អ្នកកាសែតនិយាយថា យុទ្ធនាការនេះមិនមែនទាក់ទងនឹងរឿងនយោបាយ ឬមានការរៀបចំទុកជាមុននោះទេ។ លោក Yosef Berhe ស្ថាបនិកនៃទីភ្នាក់ងារសារព័ត៌មានឯករាជ្យទី១ឈ្មោះ«Reem»ក្នុងប្រទេសអេរីត្រេ បាននិយាយថា មុនពេលមានការបង្រ្កាប ទីភ្នាក់ងារសារព័ត៌មានមានតួនាទីជាអ្នកឃ្លាំមើលយ៉ាងសំខាន់ក្នុងប្រទេសអេរីត្រេ។ ពួកគេបានទម្លាយអំពើពុករលួយ បានធ្វើការតស៊ូមតិឲ្យមានការកែទម្រង់ និងផ្តល់វេទិកាដល់អ្នកអានបញ្ចេញមតិយោបល់អំពីអនាគតនៃប្រទេសនេះ។
លោកនិយាយថា៖ «ចំនុចល្អនៃកាសែតនោះ គឺមតិយោបល់រាប់បញ្ចូលទាំងលិខិតរបស់ប្រជាជនសាមញ្ញៗត្រូវបានយកមកផ្សព្វផ្សាយ។ ដូច្នេះប្រជាជនសាមញ្ញអាចចូលរួមបាន។ នេះគឺជារឿងល្អ ខ្ញុំគិតថា វាមានប្រយោជន៍ខ្លាំងណាស់។ ប្រសិនបើស្ថានភាពនេះបន្តពី៥ដល់១០ឆ្នាំទៅមុខទៀត តើវាល្អយ៉ាងណាទៅ? ក្នុងគំនិតរបស់ខ្ញុំ នេះគឺជាអ្វីដែលល្អបំផុតដែលកាសែតអាចធ្វើជូនសង្គមរបស់ខ្លួន»។
លោក Abraham Zere នាយកប្រតិបត្តិនៃក្រុមហ៊ុន PEN Eritreaដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍និងជាអតីតអ្នកកាសែតសម្រាប់សារព័ត៌មាន Hadas Eritrea បាននិយាយថា លោកមិនមានសុទិដ្ឋិនិយមថា សេរីភាពនឹងបើកឲ្យអ្នកកាសែតក្នុងពេលឆាប់ៗនេះទេ។
«ខ្ញុំមិនគិតថា នឹងមានសេរីភាពសារព័ត៌មានក្នុងប្រទេសអេរីត្រេក្នុងពេលអនាគតដ៏ខ្លីនេះទេ។ ដរាបណារបបនេះនៅតែមាន សេរីភាពសារព័ត៌មាននឹងមិនមានឡើយ។ វានឹងកាន់តែយ៉ាប់ទៅៗ នឹងមិនមានការត្រលប់ក្រោយនោះទេ។ ខ្ញុំមិនរំពឹងថា មានការផ្លាស់ប្តូរ ឬក៏ការអត់ឱនសម្រាប់អ្នកដែលកំពុងជាប់ទោសទេ ប្រសិនបើរបបនេះនៅតែកាន់អំណាច។ យើងគ្មានសង្ឃឹមថា ពួកគេនឹងដោះលែងអ្នកដែលកំពុងជាប់ឃុំទាំងនោះទេ ពីព្រោះពួកគេកំពុងបន្ថែមទោសឧក្រិដ្ឋលើទោសឧក្រិដ្ឋ ខ្ញុំមើលមិនឃើញផ្លូវណាមួយ ដែលបង្ហាញថា ពួកគេនឹងផ្លាស់ប្តូរនោះទេ»។
អ្នកឯទៀតសង្ឃឹមថា ទោះបីជាពឹ្រត្តិការណ៍នេះមិនមានឥទ្ធិពលផ្នែកនយោបាយក៏ដោយ វាអាចរំឮកការចងចាំថា អ្នកកាសែតដែលត្រូវបានឃុំឃាំងនៅរស់នៅឡើយ។ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាដែលត្រូវបានត្រូវបានបណ្តុះបណ្តាលជាមេធាវីក្នុងប្រទេសអេរីត្រេ និងសហរដ្ឋអាមេរិក លោក Bereket Stephanos ស្គាល់អ្នកកាសែតមួយចំនួននៅពេលដែលលោកជានិស្សិតនៃសាកលវិទ្យាល័យអាស្មារ៉ា។ លោកចង់ឲ្យពួកគេដឹងថាការឈឺចាប់របស់ពួកគេមិនមែនគ្មានប្រយោជន៍នោះទេ។
លោកនិយាយថា «ខ្ញុំបានអានឃ្លាមួយក្នុងសុន្ទរកថារបស់ លោក Martin Luther King នៅពេលដែលក្មេងតូចៗ០៤នាក់ស្លាប់នៅក្នុងវិហារក្នុងក្រុង Birmingham Alabama ហើយឃ្លានេះនិយាយថា «ការឈឺចាប់ដែលគ្មានបុណ្យកុសល គឺរំដោះបាន» លោកបានបន្តថា «ព្រះមានវិធីអាចបង្កើតសេចក្តីល្អចេញពីសេចក្តីអាក្រក់។ ខ្ញុំជឿថា ការឈឺចាប់ទាំងអស់នឹងនាំមកនៅសេចក្តីល្អខ្លះៗ»។
«ខ្ញុំខ្លួនឯងផ្ទាល់ចង់រំឮកពួកគេថា ខ្ញុំមិនបានភ្លេចពួកគេ ហើយក្នុងរយៈពេល៥០ឆ្នាំ ឬ១០០ឆ្នាំខាងមុខទៀត នៅពេលដែលអ្នកក្រលេកមើលមកយើង យើងទាំងអស់នឹងស្លាប់ដូចគ្នា យើងនឹងក្លាយផេះផង់ក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែពួកគេនឹងក្លាយជាសារៈមន្ទីរដែលអ្នកគ្រប់គ្នាចងចាំ។ គ្មានអ្នកណាម្នាក់ក្នុងចំណោមយើងទាំងអស់គ្នា នឹងក្លាយជារូបសំណាកធំដូចពួកគេឡើយ ដូច្នេះវាគួរតែអាចធ្វើឲ្យយើងធូរចិត្តបាន»៕
ប្រែសម្រួលដោយ ទុំ ម្លិះ