ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ម៉ូស្គូ​នៅ​ក្នុង​ដំណើរ​ទៅ​​កាន់​ភាព​ប្រសើរ​ឡើង​វិញ


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Dmitry Medvedev នៅ​ក្នុង​​ការ​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ក្នុង​កិច្ច​ប្រជុំ​​កំពូល APEC នៅ​ក្នុង​យ៉ូកូហាម៉ា​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Dmitry Medvedev នៅ​ក្នុង​​ការ​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ក្នុង​កិច្ច​ប្រជុំ​​កំពូល APEC នៅ​ក្នុង​យ៉ូកូហាម៉ា​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។

អ្នក​ជំនាញ​ភាគ​ច្រើន​យល់​ស្រប​គ្នា​ថា​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ទីក្រុង​ម៉ូស្គូ​នា​ពេល​បច្ចុប្បន្ននេះ​មាន​សភាព​ប្រសើរ​ជាង​ទំនាក់​ទំនង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

លោក​ប្រធានាធិបតី ​បារ៉ាក់​ អូបាម៉ា (Brack Obama) បានកំណត់​ការធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្រសើរឡើង​ជាមួយ​ប្រទេស​រុស្ស៊ី​ជាមូលដ្ឋាន​ដ៏​សំខាន់​នៃ​គោលនយោបាយ​ការបរទេស​របស់លោក។ ភ្លាមៗ​ បន្ទាប់​ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិបតី​កាល​ពី​ពីរ​ឆ្នាំ​មុន​លោក​បាន​សន្យាថា​នឹង​កសាង​ទំនាក់​ទំនង​ជា​មួយ​ទី​ក្រុង​ម៉ូស្គូ​ឡើង​វិញ​ដែល​ទំនាក់​ទំនង​នេះ​មាន​សភាព​តាន​តឹង​នៅ​ក្នុង​កំឡុង​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នៃ​រដ្ឋ​បាល​របស់​លោក​ប្រធា​នា​ធិបតី​ ប៊ូស។ អ្នកជំនាញ​ជាច្រើន​និយាយ​ថា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ពិតជា​ស្ថិត​នៅ​ក្នុងសភាព​ប្រសើរ​ជាង​មុន។

ឧត្តម​សេនីយ៍ចូល​និវត្តន៍ អាន់ថូនី ​ហ្សីននី (Anthony Zinni) បាន​ប្រកាន់​យក​ទស្សនៈ​ប្រយ័ត្ន​ប្រយែង​ជាង​មួយ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ធ្វើការ​គ្រប់គ្រង​ដោយ​ប្រុងប្រយ័ត្ន។

«ប្រទេស​រុស្ស៊ី​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ដ៏​មាន​អំណាច​សំខាន់​មួយ។ ខ្ញុំ​គិត​ថា​យ៉ាងណាក៏​ដោយ​ពួក​គេ(ជន​ជាតិ​រុស្ស៊ី)នឹង​ងើប​ឡើង​វិញ។ ពួកគេ​កំពុង​សម្លឹង​មើល​ទី​កន្លែង​របស់​ពួក​គេ​នៅ​លើ​ពិភព​លោក។ ពួក​គេ​នៅ​តែ​មិន​សប្បាយ​ចិត្ត​នៅ​ឡើយ​ចំពោះ​ការបាត់បង់​ឥទ្ធិពល​នៅក្នុងទ្វីប​អឺរ៉ុប​ខាងកើត និង​សូម្បី​តែ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ព្រំដែន​របស់​ពួក​គេ​ដែល​ពួក​គេ​បាន​ស្តី​បន្ទោស​យើង​ចំពោះ​ការបាត់​បង់​នេះ។ ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​ទំនាក់​ទំនង​មួយ​ដែល​ត្រូវការ​ធ្វើ​ការងារយ៉ាង​ច្រើន»។

ចំណែក​ឯ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ ប្រែនត៍ ស្កោវក្រូហ្វត៍ (Brent Scowcroft) មាន​ប្រសាសន៍​ថា ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ចាប់ផ្តើម​ធ្វើការ​ជាមួយ​គ្នា។

«ហើយ​វា​នឹង​ជា​ដំណើរការ​មួយ​ដ៏​យូរ​អង្វែង​និង​យឺត​ពីព្រោះ​នៅ​មាន​ការសង្ស័យ​ជាច្រើន​ហើយ​ពួក​គេ​នឹង​មិន​ធ្វើអ្វី​តាម​របៀប​ដែល​យើង​ចង់បាន​នោះ​ទេ។ ហើយ​ពួក​គេជា​ធម្ម​ជាតិ​មាន​គំនិត​អរិ​ភាពចំពោះយើង។ យើង​មិន​បាន​គិត​ថា អ្នក​ណា​ម្នាក់​បាន​ចាញ់​សង្រ្គាម​ត្រជាក់​នោះ​ទេ​ប៉ុន្តែ​ពួក​គេ​ពិត​ជា​គិត​ផ្សេង​ពីនេះ។ ដូច្នេះ​ពួក​គេ​នៅ​តែ​មាន​ការឈឺ​ចាប់​ចំពោះ​ការណ៍​ពិត​ដែល​ថា​ពួក​យើង​ងើប​ចេញ​ពីសង្រ្គាម​ត្រជាក់ដោយ​មានលទ្ធ​ផល​ល្អ​ហើយ​ដំណើរ​ជីវិត​ទាំង​មូល​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ។ ដូច្នេះ ​យើង​នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ទៀត​ដែល​ត្រូវ​ទៅ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ»។

អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ឡ័រែន អ៊ីហ្គល​ប៊ឺហ្គឺរ៍ (Lawrence Eagleburger) យល់​ឃើញ​ថា រុស្ស៊ី​កំពុង​តែ​ដើរ​តួនាទី​ដ៏​ប្រសើរ​ជាងយ៉ាង​ច្រើន​មួយជាអន្តរ​ជាតិ។

«រុស្ស៊ី​នាពេល​ចប្ចុប្បន្ននេះ​កំពុងតែ​ស្ថិត​នៅ​ក្នុង​ដំណើរការ​នៃ​ការព្យា​យាម​ដើម្បី​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​អានុ​ភាព​ខ្លាំង​ក្លា​ជាងមុនមួយនៅ​លើ​ឆាក​អន្តរជាតិ។ ហើយ​អ្នក​ក៏​ត្រូវតែ​យល់​ផង​ដែរ​ថា ទីក្រុង​ម៉ូ​ស្គូ​ឥឡូវ​នេះ រុស្ស៊ីឥឡូវ​នេះ គឺ​មិន​ស្ថិត​នៅ​ក្នុង​តួ​នាទី​ណាមួយ​ដែល​ស្មើ​ទៅ​នឹង​តួនាទី​របស់​អតីត​សហ​ភាព​សូវៀត​នោះ​ទេ។ រុស្ស៊ី​នាពេល​ឥឡូវ​នេះ​គឺ​ខ្សោយ​ជាង​និង​មាន​ឥទ្ធិពល​តិច​ជាង​ច្រើន​ណាស់​នៅ​លើ​ឆាក​អន្តរជាតិ។ ហើយ​ឥទ្ធិពល​មួយ​ចំនួន​នៅ​លើ​ឆាក​អន្តរជាតិ​និង​តួនាទី​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​ដ៏​ខ្លាំង​ជាង​មួយ​នៅ​លើ​ពិភព​លោក​គឺ​ជា​អ្វី​ដែល​រុស្ស៊ី​កំពុង​តែ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​សម្រេច​ឲ្យ​បាន។ ហើយ​ប្រការ​នេះ​នឹង​បន្ត​ធ្វើឲ្យ​មាន​ភាព​ខុស​គ្នា​មួយ​ចំនួន​រវាង​ប្រទេស​យើង​ទាំង​ពីរ»។

ក្រុម​អ្នកជំនាញ​និយាយ​ថា​ភាគី​ទាំង​ពីរ​បាន​ត​ភ្ជាប់​ភាព​ខុស​គ្នា ​ខណៈ​ពេល​ពួក​គេ​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ ទៅ​លើ​សន្ធិសញ្ញា​ថ្មី​មួយ​ក្នុង​ការកាត់​បន្ថយ​អាវុធ​បរិមាណូយុទ្ធសាស្រ្ត​ឬ​ដែលបាញ់​បាន​ចម្ងាយ​ឆ្ងាយ។

នៅ​ក្នុង​ការប្រមើល​មើល​ទៅ​មុខ​អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ម៉ូស្គូ​គួរតែ​ធ្វើការ​កសាង​ទំនាក់​ទំនង​ដោយ​ផ្អែក​ទៅ​លើ​ការរីកចម្រើន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១០។ លទ្ធភាព​នៃ​ការចរចា​ថ្មី​ទៅ​លើ​ការគ្រប់គ្រង​អាវុធ​និង​ការដាក់ពាក្យ​សុំ​របស់​រុស្ស៊ី​ដើម្បី​ក្លាយ​ទៅ​ជា​សមាជិក​ម្នាក់​នៃ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភពលោក​គឺ​ជា​បញ្ហា​គន្លឹះ​ពីរដែល​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ម៉ូស្គូ​កំពុងតែ​ប្រឈមមុខ​នៅ​ក្នុង​កំឡុង​ពេលប៉ុន្មាន​ខែ​ខាង​មុខនេះ៕

ប្រែសម្រួលដោយ ឌី​ ខាំបូលី

XS
SM
MD
LG