ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហប្រតិបត្តិការ​តំបន់​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ស្បៀង​អាហារ​ក្នុង​ទ្វីប​អាស៊ី


កសិករប្រមូលស្រូវដែលខូចខាតដោយសារខ្យល់ព្យុះ Megi កាលពីថ្ងៃទី២០តុលាឆ្នាំ២០១០នៅក្នុទីក្រុង San Mariano ខេត្ត Isabela នៅប៉ែកឦសាននៃប្រទេសហ្វីល្លីពីន។
កសិករប្រមូលស្រូវដែលខូចខាតដោយសារខ្យល់ព្យុះ Megi កាលពីថ្ងៃទី២០តុលាឆ្នាំ២០១០នៅក្នុទីក្រុង San Mariano ខេត្ត Isabela នៅប៉ែកឦសាននៃប្រទេសហ្វីល្លីពីន។

បាងកក ប្រទេស​ថៃ៖ តម្លៃ​ស្បៀង​អាហារ​កំពុង​ឡើង​ថ្លៃ​ក្នុង​ទ្វីប​អាស៊ី​ ហើយ​រដ្ឋាភិបាល​នានា​កំពុង​ចាត់​វិធានការ​ផ្សេងៗ​ ដើម្បី​រក្សា​តម្លៃ​កុំ​ឲ្យ​ឡើង​ថ្លៃ​ទៀត​ ដែល​វិធានការ​នេះ​ រួម​មាន​ការ​ដាក់​កម្រិត​តម្លៃ​អតិបរមា​និង​ការ​រឹតត្បិត​ការ​នាំ​ចេញ។ ក៏ប៉ុន្តែ​ការ​ឆ្លើយ​តប​នានា​របស់​រដ្ឋាភិបាល​ដែល​មិន​មាន​ការ​សម្រប​សម្រួល​គ្នា​បាន​ល្អ ​អាច​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ដល់​ស្ថានភាព​នេះ។

ការ​រាំងស្ងួត​ ទឹក​ជំនន់ ការ​ខ្វះខាត​និង​ការ​កើន​ឡើង​នូវ​សេចក្តី​ត្រូវការ​បាន​ធ្វើ​ឲ្យ​តម្លៃ​ស្បៀង​អាហារ​ក្នុង​ទ្វីប​អាស៊ី​កាន់តែ​ឡើង​ថ្លៃ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ ហើយ​អ្នក​ជំនាញការ​និយាយ​ថា ​តម្លៃ​ស្បៀង​អាហារ​អាច​ឡើង​ថ្លៃ​កាន់​តែ​ខ្លាំង​ឡើង​នៅពេល​ដែល​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ដាំ​ស្រូវ​សាលី​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភពលោក​កំពុង​ជួប​វិបត្តិ​ការ​រាំងស្ងួត។

ដោយសារ​បញ្ហា​នេះ​ ប្រទេស​ខ្លះ​បាន​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​មាន​គ្រប់គ្រាន់។ ប្រទេស​ឥណ្ឌា​បាន​ហាម​ឃាត់​ការ​លក់​ស្រូវ​សាលី​ទៅ​បរទេស​ចាប់តាំង​ពីឆ្នាំ​២០០៧​មក​ ហើយ​ទោះបី​ការ​ប្រមូល​ផល​បាន​ទទួល​ផល​ល្អ​នៅ​រដូវ​នេះ​ក៏ដោយ​ រដ្ឋាភិបាល​បន្ត​ស្តុកទុក​ស្រូវ​សាលី។

នៅ​សប្តាហ៍​នេះ​ ធនាគារ​ពិភពលោក​ប្រាប់​ឲ្យ​ដឹង​ថា ​តម្លៃ​ស្បៀងអាហារ​បាន​ឡើង​ដល់​កម្រិត​គ្រោះថ្នាក់​ ហើយ​បាន​រុញ​ច្រាន​មនុស្ស​ចំនួន​៤៤លាន​នាក់​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ។​ លោក​ រ៉ូប៊ើត ហ្សូលីក (Robert Zoellick)​ ប្រធាន​ធនាគារ​ពិភពលោក​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​នានា​បញ្ចៀស​ការ​ហាម​ឃាត់ការ​នាំ​ចេញ​ឬ​កម្រិត​តម្លៃ​ដែល​លោក​និយាយ​ថា​ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់តែ​អាក្រក់​ទៅៗ។

លោក​ Katsuji Matsunami ​ជា​អ្នក​ឯកទេស​ខាង​សន្តិសុខ​ស្បៀង​អាហារ​នៅធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្នុង​ទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វ៊ីលីពីន។ លោក​និយាយ​ថា​សាកលលោក​កំពុង​ភ្ញាក់​ដឹងខ្លួន​ពី​ភាព​គ្រោះថ្នាក់​នៃ​ការ​ប៉ះពាល់​នៃ​ភាព​ងាយ​រង​ផល​ប៉ះពាល់​របស់​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ។

«ប្រព័ន្ធ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ងាយ​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដូចជា​ការរាំង​ស្ងួត​ ទឹក​ជំនន់​និង​បញ្ហា​ផ្សេងៗ​ទៀត។​ ក្នុង​រយៈ​ពេលបី​បួន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ យើង​មាន​ទាំង​ថវិកា​និង​ចំណេះ​ដឹង​គ្រប់​គ្រាន់​ ក៏ប៉ុន្តែ​យើង​មិន​បាន​ធ្វើ​សកម្មភាព​គ្រប់គ្រាន់​ ដើម្បី​ការពារ​ទីវាល​លិចទឹក​ដ៏​ធំ​ល្វឹងល្វើយ​របស់​ទ្វីប​អាស៊ី​កុំ​ឲ្យ​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ឬ​កសិករ​តូចតាច​កុំ​ឲ្យ​រង​ផល​ប៉ះពាល់​ពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ក៏​ដូច​ជា​ភាព​រាំង​ស្ងួត។ យើង​អាច​ធ្វើ​ការងារ​នេះ​បាន ​ក៏ប៉ុន្តែ​យើង​មិន​បាន​ធ្វើ​វា​ទេ»។

លោក ​Nagesh Kumar ប្រធាន​សេដ្ឋវិទូ​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​ទីក្រុង​បាងកក​និយាយ​ថា ​គោល​នយោបាយ​កសិកម្ម​ទន់ខ្សោយ​ក៏​មាន​កំហុស​នៅ​ក្នុង​បញ្ហា​នេះ​ដែរ។

«គេ​មិន​អាច​ផ្គត់​ផ្គង់​ឲ្យ​ទាន់​នឹង​ការ​កើន​ឡើង​នូវ​សេចក្តី​ត្រូវការ​ពីព្រោះ​តែ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លង​មក​នេះ​មិន​យក​ចិត្ត​ទុកដាក់​ខាង​វិស័យ​កសិកម្ម​ក្នុង។ ហើយ​ផលិតភាព​កសិកម្ម​មិន​ជឿន​លឿន​ទៅ​មុខ»។

ទ្វីប​អាស៊ី​បាន​ប្រកាន់​យក​បដិវត្តន៍​បៃតង​ខាង​វិស័យ​កសិកម្ម​ក្នុង​ទសវត្សរ៍​១៩៦០​និង​ទសវត្សរ៍​១៩៧០។ ក៏ប៉ុន្តែ​ផលិតភាព​កសិកម្ម​ជា​ទូទៅ​បាន​ធ្លាក់​ចុះ​ចាប់តាំង​ពី​ដី​កសិដ្ឋាន​ជា​ច្រើនបាន​ត្រូវ​គេ​ប្រើប្រាស់​សម្រាប់​សាង​សង់​ផ្ទះ​និង​រោងចក្រ​ដើម្បី​តម្រូវ​តាម​ការ​កើនឡើង​នូវ​ចំនួន​ប្រជា​ពលរដ្ឋ​និង​ឧស្សាហ៍កម្ម។

យោង​ទៅ​តាម​សេចក្តី​រាយការណ៍​អំពី​សន្តិសុខ​ស្បៀង​អាហារ​របស់​អង្គការ​មូលនិធិ​អាស៊ី​កាល​ពី​ឆ្នាំ​ទៅ​ ប្រាប់​ឲ្យ​ដឹងថា​ភាគ​ចំណែក​សេដ្ឋកិច្ច​របស់​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​ផលិត​កសិកម្ម​សំខាន់ៗ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី​ ថៃ​ ហ្វីលីពីន​ វៀតណាម​ និង​ម៉ាឡេស៊ី​ បាន​ធ្លាក់ចុះ​ពី​៣៨,៦​ភាគ​រយ​នៅ​ឆ្នាំ​១៩៧០ ​មកត្រឹម​១៤,៥​ភាគរយ​នៅ​ឆ្នាំ​២០០៧។ ក្នុង​ប្រទេស​ចិន​ ចំនួន​នោះ​បាន​ធ្លាក់ចុះ​ពី​៣៥​ភាគរយ​ក្នុង​ឆ្នាំ​១៩៧០​មក​១១​ភាគរយ​ក្នុង​ឆ្នាំ​២០០៧។

ទោះបី​តំបន់​នោះ​ជា​ទីកន្លែង​ដាំដុះ​ធញ្ញជាតិ​ដ៏​ធំ​បង្អស់​របស់ពិភពលោក​ក៏ដោយ​ មនុស្ស​ដែល​គ្មាន​អាហារ​គ្រប់គ្រាន់​ជាង​៦៤​ភាគរយ​របស់​ពិភពលោក​ក៏​រស់នៅ​ទីកន្លែង​នោះ​ដែរ។

ឆ្លើយតប​ទៅ​នឹង​ការ​រំពឹងទុក​ថា​នឹង​មាន​ការ​ខ្វះ​ខាត​ម្ហូបអាហារ​ ប្រទេស​ចិន​បាន​សន្យា​ផ្តល់​ប្រាក់​ដល់​ពួក​កសិករ​ដើម្បី​បញ្ចូល​ទឹក​ក្នុង​ស្រែ​ស្រូវ​សាលី​ ដាំ​ស្រូវ​សាឡី​និង​ពោត​ និង​ព្យាបាល​ដាំណាំ​ដែល​មាន​ជំងឺ។ ចិន​ក៏​បាន​ទុក​ប្រាក់​ដាច់​ដោយ​ឡែក​ចំនួន​១៨០​លាន​ដុល្លារ​សម្រាប់​ទិញ​ឧបករណ៍​ថ្មី​និង​ប្រាក់​ជាង​១.០០០​លាន​ដុល្លារ​ទៀត​សម្រាប់​សម្រាល​ដល់​ការ​ប៉ះពាល់​ពី​ការ​រាំងស្ងួត។

ចិន​ក៏​បាន​ដាក់​ការ​កម្រិត​លើ​តម្លៃ​ស្បៀង​អាហារ​ខ្លះ ​ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​ក្រីក្រ​ពី​អតិផរណា​ដែល​បាន​ឡើង​ទៅ​ដល់​៤,៩​ភាគរយ​កាល​ពី​ខែ​មករា។

ក្នុង​ប្រទេស​ថៃ​ រដ្ឋាភិបាល​បាន​កំណត់​តម្លៃ​ប្រេង​ឆារ​ឲ្យ​នៅ​ត្រឹម​១,៥០​ដុល្លារ​ក្នុង​មួយ​លីត្រ​ បន្ទាប់​ពី​ទឹក​ជំនន់បាន​កាត់​បន្ថយ​ផលិតផល​ក្នុង​ស្រុក​យ៉ាង​ខ្លាំង។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Kumar​ និយាយ​ថា​ ទោះបី​អន្តរាគមន៍​របស់​រដ្ឋាភិបាល​អាច​ជា​ការ​ចាំបាច់​ដើម្បី​ជួយ​កសិករ​ក្រីក្រ​ក្តី​ ក៏​វិធានការ​នានា​ដូចជា​ការ​កម្រិត​តម្លៃ​ អាច​នាំ​ឲ្យ​មាន​សកម្មភាព​ផ្សារ​ងងឹត​កើន​ឡើង​ខ្លាំង​ទៅ​វិញ។

«ប្រសិន​បើ ​ព្រមពេល​នឹង​ការ​ដាក់​កម្រិត​តម្លៃ​នេះ​ គេ​ក៏​មាន​ការ​ត្រួតត្រា​និង​ត្រួត​ពិនិត្យ​មើល​ត្រឹមត្រូវ​នោះ​ វា​អាច​មាន​ប្រសិទ្ធិភាព​បំផុត​ ជាពិសេស​ប្រសិន​បើតម្លៃ​នោះ​ត្រូវ​ឡើងចុះ​ដោយ​ការ​ស្តុកទុក​ហួសហេតុ​និង​ការ​ក្រឡុក​ទីផ្សារ»។

ការ​ឆ្លើយ​តប​តែ​រៀងៗ​ខ្លួន​របស់​រដ្ឋាភិបាល​និមួយៗ​ អាច​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ នៅ​ដើម​ឆ្នាំ​២០០៨​ តម្លៃ​អង្ករ​បាន​ឡើង​លើស​មួយ​ជា​ពីរ។ប្រទេស​កម្ពុជា​ វៀតណាម​ ឥណ្ឌា​ និង​ប្រទេស​ចិន​ បាន​ព្រួយបារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ ដោយ​កាត់​បន្ថយ​ការ​នាំចេញ​អង្ករ។ នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ រដ្ឋាភិបាល​ដែល​នាំ​អង្ករ​ចូល​ បាន​បញ្ជា​ទិញ​បរិមាណ​អង្ករ​យ៉ាង​ច្រើន​នៅ​ទីផ្សារ​អន្តរជាតិ​ ដោយ​ធ្វើឲ្យ​តម្លៃ​អង្ករ​រឹត​តែ​ឡើង​ថ្លៃ។

លោក​ Matsunami ​និយាយ​ថា ​មិន​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ឡើង​កប់​ពពក​នៅ​ឆ្នាំ​២០០៨​នោះ​ទេ។

«អ្នក​ជំនាញការ​ខ្លះ​និយាយ​ថា​ការ​ឡើង​ថ្លៃ​នោះ​ គឺ​ដោយសា​អង្ករ​ត្រូវ​បាន​ស្តុកទុក​នៅ​គ្រប់​ជាន់​ថ្នាក់។ ក៏ប៉ុន្តែ​ខ្ញុំ​គិត​ថា​ សំខាន់​ជាង​អ្វី​ទាំងអស់​គឺមកពី​គេ​មាន​គោល​នយោបាយ​រឹតត្បិត​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​ ដូចជា​ការ​ហាមឃាត់​ការ​នាំចេញ​និង​បញ្ហា​ផ្សេងៗ​ទៀត»។

រហូត​មក​ទល់​ពេល​នេះ​ លើកលែង​ប្រទេស​ឥណ្ឌា​ចេញ​ រដ្ឋាភិបាល​អាស៊ី​នានា​មិន​បាន​រឹតត្បិត​ការ​នាំចេញ​របស់របរ​ប្រើប្រាស់​សំខាន់ៗ​ទេ។ កសិករ​ដាំ​ស្រូវ​សាលី​ឥណ្ឌា​កំពុង​គាប​សង្កត់​រដ្ឋាភិបាល​ ដើម្បី​អនុញ្ញាតិ​ឲ្យ​ពួកគេ​អាច​លក់​ស្រូវ​សាលី​ទៅ​បរទេស​ ដែល​អាច​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​ទូទាំង​សាកលលោក។

តម្លៃ​អង្ករ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចុះ​វិញ​បន្តិច ​ពីព្រោះ​តែ​ការ​ប្រមូល​ផល​គ្រប់គ្រាន់​ហើយ​និង​ការ​ធ្លាក់ចុះ​នៃ​សេចក្តី​ត្រូវការ​ពី​ប្រទេស​ហ្វីលីពីន​ដែល​ជា​អ្នក​ទិញ​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់។ លោក​ Matsunami​ និយាយ​ថា ​ការ​មាន​ព័ត៌មាន​ទីផ្សារ​គ្រប់គ្រាន់​ជួយ​រារាំង​ការ​ប្រែប្រួល​យ៉ាងខ្លាំង។ លោក​និយាយ​ថា​ ជា​ឧទាហរណ៍​ ការ​លក់ដូរ​អង្ករ​អាច​ទទួល​ផល​ប្រយោជន៍​ពី​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋាភិបាល​អំពី​សេចក្តី​ត្រូវការ​និង​ការ​ផ្គត់​ផ្គង់។

«ការ​លក់​ដូរ​អង្ករ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ភាគ​ច្រើន​ ធ្វើ​ឡើង​រវាង​ប្រទេស​គ្នា​ឯង​នៅ​ក្នុង​តំបន់។ ដូច្នេះ ​តើ​មាន​វេទិកា​ពហុភាគី​ដែល​ប្រទេស​នាំ​អង្ករ​ចេញ​និង​ប្រទេស​នាំ​អង្ករ​ចូល​អាច​អង្គុយ​ជជែក​គ្នា​ឬ​ទេ? ពួកគេ​មិន​ចាំបាច់​ចែក​រំលែក​រឿងសម្ងាត់​របស់​ជាតិ​ទេ​ ប៉ុន្តែ​ពួកគេ​អាច​អង្គុយ​និយាយ​គ្នាធម្មតា​បាន ​ដូចជា​ថា​ តើ​អស់​លោក​មើល​ឃើញ​ថ្ងៃ​អនាគត​យ៉ាង​ដូចម្តេច​ដែរ?​ តើ​អស់​លោក​អ្នក​មើល​ឃើញ​ទីផ្សារ​របស់​ប្រទេស​អស់លោក​អ្នក​យ៉ាងណា​ដែរ​នៅ​ពេល​ឥឡូវ​នេះ? វេទិកា​បែប​នេះ​មិន​មាន​ទេ»។

ពួក​អ្នក​ជំនាញការ​ក៏​ជម្រុញ​ឲ្យ​បង្កើត​ធនាគារ​ស្បៀង​អាហារ​របស់​តំបន់​ដែល​ប្រទេស​ជាតិ​នានា​អាច​ដក​យក​បាន​នៅ​ពេល​ខ្វះខាត​ ដែល​ជា​មធ្យោបាយ​មួយ​រារាំង​ការ​ឡើង​ថ្លៃ​ភ្លាមៗ។

សមាគម​ប្រទេស​ជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​១០​ជា​សមាជិក​ ហើយ​និង​ប្រទេស​ចិន​ កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន ​បាន​បង្កើត​អង្ករ​បម្រុង​ ក៏ប៉ុន្តែ​សម្រាប់​តែ​សេចក្តី​ត្រូវការ​ក្នុង​គ្រា​អាស័ន្ន​វិបត្តិ​មនុស្សធ៌ម​តែ​ប៉ុណ្ណោះ។

សមាគម​កិច្ច​សហប្រតិបត្តិការ​តំបន់​អាស៊ី​ខាង​ត្បូង​ ដែល​មាន​ប្រទេស​៨​ជា​សមាជិក​ មិន​ទាន់​បាន​បង្កើត​ធនាគារ​ស្បៀង​អាហារ​សម្រាប់​តំបន់​ឲ្យ​មាន​ប្រតិបត្តិការ​ពេញ​ទំហឹង​នៅឡើយ​ទេ ​ទោះបី​មាន​កិច្ច​ព្រមព្រៀង​ក្នុង​ឆ្នាំ​២០០៧​ក៏​ដោយ។

ប្រែសម្រួល​ដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG