លោក រាជ សម្បត្តិ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានទទួលមរណភាពកាលពីយប់ថ្ងៃពុធទី១១ ឆ្នាំ២០១១ ដោយសារជំងឺលើសឈាម ឬដាច់សរសៃឈាម។ ជាមួយគ្នានឹងការចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ហើយនឹងការចងចាំគុណសម្បត្តិ ដ៏ច្រើនរបស់លោករាជ សម្បត្តិផងនោះ អ្នកយកព័ត៌មានកម្ពុជាមិត្តភក្តិ និងមន្ត្រីរដ្ឋាភិបាលបានចាត់ទុកថា មរណភាពនេះគឺជាការបាត់បង់ដ៏ធំសម្រាប់កម្ពុជា។
លោក រាជ សម្បត្តិ អាយុ៤៧ឆ្នាំមានកូន៣នាក់ ធ្លាប់ធ្វើជាអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានបារាំងAFP តាំងពីទសវត្ស៩០ ធ្លាប់ធ្វើជាគ្រូបណ្តុះបណ្តាល វិស័យព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់ពីលោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យខូឡំប៊ៀ (Columbia University) ស.រ.អា. ដ៏ល្បីល្បាញ។ កាលពីឆ្នាំ២០០៦ លោកបានចូលបម្រើការងារជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បន្ទាប់មកត្រូវបានដំឡើងឋានៈជាប្រធានផ្នែកការិយាល័យកិច្ចការសារធារណៈនៃសាលាក្តីខ្មែរក្រហម។
លោកកឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាដែលចូលរួមបណ្តុះ បណ្តាលវគ្គវិជ្ជាជីវៈសារព័ត៌មានជាមួយលោករាជ សម្បត្តិ បានថ្លែងទាំងក្រៀមក្រំថា៖ មរណភាពលោករាជ សម្បត្តិគឺជាការបាត់បង់ដល់កម្ពុជា ជាពិសេសផ្នែកធនធានមនុស្ស។
«អ្វីដែលយើងសោកស្តាយខ្លាំងបំផុតនោះគឺសមត្ថភាពបុគ្គល ហើយនឹងបទ ពិសោធន៍ពោរពេញទៅដោយសមត្ថភាពនៅក្នុងវិស័យព័ត៌មានហើយក្នុងវិស័យ ផ្សព្វផ្សាយ។ ជាពិសេសនោះគឺការបម្រើរយៈពេលបីឆ្នាំកន្លងទៅនៅឯសាលាក្តី ខ្មែរក្រហមដែលលោករាជ សម្បត្តិបានបម្រើវិស័យនេះយ៉ាងសក្តិសមនិងមាន ប្រសិទ្ធិភាព ដោយបានផ្តល់ភាពងាយស្រួលនិងផ្តល់ទំនាក់ទំនងដល់គ្រប់សារ ព័ត៌មានទាំងអស់ ដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលខ្ញុំចង់និយាយថា ផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ទូរទស្សន៍ជាតិកម្ពុជានៅគ្រប់វេទិកានៃដំណើរការនៃ សាលាក្តីខ្មែរក្រហម»។
លោកគុណវឌ្ឍន៍បានបរិយាយថា លោករាជ សម្បត្តិជាមនុស្សរស់រាយ ជាអ្នក មានសមត្ថភាពអាចធ្វើឲ្យស្ថានការណ៍ស្ងប់ រវាងអ្នកដើមចោទ និងចុងចោទក្នុង សាលាក្តីខ្មែរក្រហម។
លោក ទៀង សុភៈវិជ្ជា ប្រធានស្តីទីនៃសិក្ខាល័យប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្តែងការសោកស្តាយចំពោះមរណភាពលោករាជ សម្បត្តិដោយថ្លែងថា លោករាជ សម្បត្តិជាអ្នកកាសែតដ៏ល្បីក្នុងចំណោមអ្នកល្បីដែលមានចំនួនតិចក្នុងប្រទេសកម្ពុជា ហើយមានចំណេះដឹងខ្ពស់ខាងកាសែត និងជាអ្នកនាំពាក្យដ៏ល្បីសម្រាប់សាលាក្តីខ្មែរក្រហម។
«ការបាត់បង់គាត់គឺជាការបាត់បង់ដ៏ធំ គឺជាការបាត់បង់ធនធានមនុស្សមួយដ៏ធំសម្រាប់ជាតិក៏ដូចជាសម្រាប់សាលាក្តីខ្មែរក្រហមក៏ដូចវិស័យសារព័ត៌មានក៏ដូចសាលាព័ត៌មានទាំងមូលដែរ បាទ»។
លោក សុភៈវិជ្ជាបានបរិយាយថា លោករាជ សម្បត្តិជាមនុស្សល្អរស់រាយ ចូល ចិត្តលែងសើចច្រើន ចូលចិត្តសប្បាយ តែហ្មត់ចត់នឹងការងារ ។ លោក សុភៈវិជ្ជាបានដកស្រង់ការរៀបរាប់របស់គ្រួសារលោករាជ សម្បត្តិមកបញ្ជាក់ថា៖ គាត់មានជំងឺលើសឈាមយូរហើយ តែមិនធ្លាប់ធ្វើទុក្ខខ្លាំងទេ៖
«គ្រួសារនិងបងប្អូនគាត់ប្រាប់ថា គាត់មានជំងឺលើសឈាមជិត១០ឆ្នាំ ហើយ ប៉ុន្តែវាអត់មានបញ្ហាធ្វើទុក្ខអ្វីទាំងអស់កន្លងមក ហើយជាអកុសល បង(រាជ សម្បត្តិ) គាត់អត់ដែលលេងកីឡា គាត់អត់ដែលបារម្ភរឿងអីទាំងអស់ តែគាត់មានជំងឺហ្នឹង។ បើតាមខ្ញុំដឹង គាត់ធ្លាប់លេបថ្នាំការពារជំងឺលើសឈាមរហូត ហើយដល់ពេលហ្នឹង វាខ្លាំង វាដាច់តែម្តងបាទ»។
លោករាជ សម្បត្តិត្រូវគេបញ្ជូនចូលទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រកាល ពីថ្ងៃអង្គារ បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺសន្លប់មិនដឹងខ្លួន។ មួយថ្ងៃបន្ទាប់មក លោកបានស្លាប់ មុនពេលដែលគេប្រុងប្រៀបបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។
កិច្ចការរបស់លោករាជ សម្បត្តិចុងក្រោយមួយដែល VOA បានសម្ភាសគឺ បេសកកម្មរបស់លោកទៅកាន់ខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដើម្បីចូលរួមចែកចាយសៀវភៅស្តីពីដំណើរការសាលាក្តីខ្មែរក្រហមដល់សិស្សានុសិស្សនៅទីនោះ។ ស្របពេលជាមួយគ្នាដែរ លោកបានចូលរួមជាមួយអង្គការPeace Corps របស់ស.រ.អា.ដើម្បីបង្រៀនភាសាអង់គ្លេសនៅខេត្តបាត់ដំបងផង ដែរ។
ថ្លែងប្រាប់ VOA តាមទូរស័ព្ទពីខេត្តបាត់ដំបងកាលពីសប្តាហ៍មុន លោកសម្បត្តិ បានបញ្ជាក់ថា៖ លោកត្រៀមជួបសិស្សានុសិស្ស៤០០០នាក់ក្នុងសាកលវិទ្យាល័យបាត់ដំបង ដើម្បីអប់រំនិងពន្យល់អំពីដំណើរការសាលាក្តីខ្មែរក្រហម ប្រវត្តិនៃការកកើតរបបប្រល័យពូជសាសន៍ ជំហររបស់រដ្ឋាភិបាលកម្ពុជា និងអ.ស.ប.ក្នុងរឿងកាត់ទោសខ្មែរក្រហម។
«នៅបាត់ដំបងនេះ ពីល្ងាចមិញ តាមសំណើររបស់ជនជាតិអាមេរិកាំង ដែលជាគ្រូបង្រៀន Peace Corp នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង យើងបានជួប សិស្សានុសិស្សជិត៥០០នាក់។ ដោយឡែកសិស្សានុសិស្សនៅក្នុងសាលាហ្នឹងជាង១០០០នាក់ ដែលគេកំពុងរៀនហ្នឹង យើងបានផ្តល់សៀវភៅ១០០០ក្បាលសម្រាប់សាលាវិទ្យាល័យឯកភ្នំ។ ហើយសាលាដ៏ទៃទៀត ដែលមានUS Peace Corpsទៅបង្រៀនក្រោមការឧបត្ថមរបស់ស.រ.អា.ហ្នឹង ក៏បានស្នើជាច្រើនដូចជានៅខាងវាលរិញ នៅខាងខេត្តបន្ទាយមានជ័យ ហើយឥឡូវនេះគាត់មកខេត្តបាត់ដំបង។ អញ្ចឹងគឺយើងធ្វើគ្រប់កន្លែងណា៎ ហើយសិស្សានុសិស្សគេសប្បាយអបអរ។ ដោយឡែកមួយទៀត នៅព្រឹកថ្ងៃ ស្អែក យើងនឹងជួបនិស្សិតចំនួន៤០០០នាក់នៅសាកលវិទ្យាល័យបាត់ដំបង ដើម្បីនិយាយអំពីការវិវត្តន៍របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយយើងមិនបញ្ចប់ទេ។ កិច្ចការនេះ គឺយើងព្យាយាមធ្វើឲ្យបានច្រើនជាអតិបរមា តាមដែលយើងធ្វើទៅបាន»។
ខាងលើនេះជាអត្ថាធិប្បាយរបស់លោករាជ សម្បត្តិចុងក្រោយ ដែលនិយាយអំពីកិច្ចការរបស់លោកមុនមរណភាព។
លោក ខៀវ កូឡា អ្នកអត្ថាធិប្បាយទូរទស្សន៍ CTN បានថ្លែងថា មរណភាព របស់លោករាជ សម្បត្តិគឺជាការបាត់បង់ដ៏ធំហើយពិបាករកអ្នកជំនួស។
«ការបាត់បង់លោកសម្បត្តិនេះគឺជាការបាត់បង់ដ៏ធំនៅក្នុងវិស័យសារព័ត៌មាន កម្ពុជា ព្រោះថា លោក រាជ សម្បត្តិបានឧទ្ទិសជីវិតលោកសម្រាប់ការបម្រើអ្នកសារព័ត៌មានកម្ពុជា ហើយក្នុងឋានៈជាប្រធានការិយាល័យកិច្ចការសាធារណៈ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោកបានខិតខំ ខ្នះខ្នែងជាអតិបរមាដើម្បីបម្រើអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយគ្មានគិតពីយប់ ថ្ងៃ ក្តៅ រងារ ត្រជាក់ទេ»។
សាលាក្តីកាត់ទោសខ្មែរក្រហមបានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗអំពីមរណភាពរបស់លោករាជ សម្បត្តិ ដោយបង្ហាញពីការសោកស្តាយជាពន់ពេក៕