ភ្នំពេញ៖ សហគមន៍ជាតិនិងអន្តរជាតិបានហៅសាលក្រមដាក់ទោសអតីតប្រធានមន្ទីរសន្តិសុខស-២១ កាំង ហ្កេកអ៊ាវ ហៅឌុចថា ជាការបញ្ចប់និទណ្ឌភាពនិងការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរដែលទទួលរងគ្រោះដោយឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ព្រមទាំងអំពើឃោរឃៅផ្សេងៗទៀត។
នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីតុលាការពិសេសខ្មែរក្រហមបានកាត់ទោសឱ្យអតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ជាប់ពន្ធនាគារចំនួន១៩ឆ្នាំអំពីការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ប្រមាណ១៤ ០០០នាក់ នៅក្នុងចុងទសវត្សរ៍១៩៧០ សហគមន៍ផ្តល់ជំនួយអន្តរជាតិ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានសា្វគមន៍សាលក្រមនេះ ដោយចាត់ទុកថា ជាការបង្ហាញពីការបញ្ចប់និទណ្ឌភាព។
មនុស្សប្រមាណ១៤០០០នាក់ត្រូវបានសម្លាប់នៅមន្ទីរសន្តិសុខស-២១ ក្រោមការគ្រប់គ្រងរបស់ឌុច ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ មានតែមនុស្ស១២នាក់ ប៉ុណ្ណោះបានរួចជីវិតពីមន្ទីរសន្តិសុខស-២១ នេះ។ មនុស្សទាំងនេះត្រូវបានធ្វើទារុណកម្ម ឬប្រហារជីវិត។
លោកធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្ស ADHOC បានថ្លែងថា អង្គការសង្គមស៊ីវិលអាចទទួលយកលទ្ធផលនៃការកាត់ទោសឱ្យអតីតប្រធានគុកទទួលស្លែង ឌុច ជាប់ពន្ធនាគារចំនួន១៩ឆ្នាំ ដែលប្រហាក់ប្រហែលនឹងទោសជាប់ពន្ធនាគារ ១ ជីវិត ដោយសារតែឌុច មានអាយុ៦៧ឆ្នាំទៅហើយ ប៉ុន្តែអង្គការសង្គមស៊ីវិលបានសម្តែងការខកចិត្តចំពោះការសម្រេចក្តីរបស់តុលាការ ដែលមិននិយាយពីករណីសំណងរដ្ឋប្បវេណីជាសមូហភាពសម្រាប់ជនរងគ្រោះ។
លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា រដ្ឋាភិបាល បានសម្តែងការសប្បាយរីករាយចំពោះលទ្ធផលនៃការកាត់ទោសឌុច ហើយនេះគឺជាការបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ។
«វាបានបង្ហាញថា ទីមួយគឺការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ និងទីពីរ វាបានបង្ហាញអំពីកម្រិតផ្នែកវិជ្ជាជីវៈរបស់អង្គចៅក្រមរបស់យើងក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ»។
សេចក្តីថ្លែងការណ៍របស់សហប្រធាននៃតុលាការខ្មែរក្រហម បានបញ្ជាក់ថា ក្រុមប្រទេសផ្តល់ជំនួយបានស្វាគមន៍ការបញ្ចប់សវនាការលើករណីកាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងនេះ។
លោក Jean-Francois Desmazieres ឯកអគ្គរដ្ឋទូតបារាំង និងលោក Masafumi Kuroki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលតំណាងឱ្យក្រុមប្រទេសផ្តល់ជំនួយអន្តរជាតិថា សាលក្រមនេះផ្តល់ក្តីសង្ឃឹមថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅទី បំផុតនឹងបំពេញបានតាមការសន្យារបស់ខ្លួន ក្នុងការធ្វើជាយានឆ្ពោះទៅរកយុត្តិធម៌ និងការបង្រួប បង្រួមជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយម្ចាស់ជំនួយសូមបញ្ជាក់សារជាថីនូវទំនុកចិត្ត និងការគាំទ្ររបស់ខ្លួន ចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរ និងជួយប្រទេសកម្ពុជាក្នុងការពង្រឹងការខិតខំរបស់ខ្លួនថែមទៀត ដើម្បីនីតិរដ្ឋ។
សេចក្តីថ្លែងការណ៍នេះបានបន្តថា ម្ចាស់ជំនួយទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមចៅក្រមជាតិ និង អន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការនៅក្នុងតុលាការខ្មែរក្រហមទាំងអស់ ចំពោះការបំពេញការងារ បានពេញលេញ និងដោយឯករាជ្យ ដើម្បីលើកកម្ពស់បទដ្ឋាននៃច្បាប់ និងដំណើរប្រពឹត្តទៅប្រកប ដោយភាពត្រឹមត្រូវ។
លោកឯកអគ្គរដ្ឋទូត David Lipman ប្រធាននៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានហៅ សាលក្រមនេះថា បានធ្វើឡើងស្របតាមបទដ្ឋានអន្តរជាតិ។
លោក David Lipman បានថ្លែងតាមសម្តីដើមថា យើងគឺជាអ្នកគាំទ្រដ៏រឹងមាំ។ យើងគឺជាអ្នកផ្តល់ ជំនួយហិរញ្ញវត្ថុជាលក្ខណៈអន្តរជាតិដ៏សំខាន់ដល់សាលាក្តីខ្មែរក្រហមនេះ។
«នៅពេលបច្ចុប្បន្ននេះ វាគឺសំខាន់ខ្លាំងណាស់ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ វាបង្ហាញថា ប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព ហើយវាបង្ហាញពីការជ្រើសរើសយកយុត្តិធម៌ និងការបង្រួបបង្រួមជាតិ»។
លោក John E. Johnson អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងតាមសម្តីដើមថា «យើងស្វាគមន៍ទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសផ្តល់ជំនួយអន្តរជាតិនេះ»។
លោក Donna Guest នាយករងនៃអង្គការសិទ្ធិមនុស្ស Amnesty International ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វីក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចដល់ការកាត់ទោសនៅក្នុងករណីលេខ០០១ ដែលត្រូវបានធ្វើឡើងជាករណីទីមួយដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺជាបច្ចុប្បន្នភាពជាប្រវត្តិសាស្ត្រ ប៉ុន្តែនៅតែជាជំហានទីមួយឆ្ពោះទៅរកយុត្តិធម៌សម្រាប់ប្រជាពល រដ្ឋជិត២០០០០០០នាក់ ដែលត្រូវបានសម្លាប់ជាលទ្ធផលនៃមហាឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយរបបខ្មែរក្រហម។
លោក David Tolbert ប្រធានមជ្ឈមណ្ឌលអន្តរជាតិសម្រាប់យុត្តិធម៌អន្តរកាល បានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍ថា នៅទីបញ្ចប់ ឌុចត្រូវបានគេឱ្យទទួលខុសត្រូវចំពោះអំពើឃោរឃៅព្រៃផ្សៃ ផ្សេងៗដែលគាត់បានប្រពឹត្ត។ តាមការសម្រេចក្តីនេះ តុលាការបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ធ្វើបានលទ្ធផលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមានឧបសគ្គនានាចំពោះយុត្តិធម៌ ដែលរួមមានការជ្រៀតជ្រែកផ្នែកនយោបាយ ការចោទប្រកាន់ពីអំពើពុករលួយ និងភាពមិនច្បាស់លាស់នៃមូលនិធិ។
លោក Jeremy Browne អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា សាលក្រមនៅទីក្រុងភ្នំពេញបានបញ្ចូនសារដ៏ខ្លាំងមួយ ដែលសហគមន៍អន្តរជាតិ និងមិនអនុញ្ញាត ឱ្យបទឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបែបនេះប្រព្រឹត្តឡើងដោយគ្មានទោសទេ ទោះបីជាត្រូវចំណាយពេលដ៏យូរ ដើម្បីនាំយកអ្នកប្រព្រឹត្តទៅកាត់ទោសក៏ដោយ៕