អតីតប្រធានគណបក្សរាជានិយម ព្រះអង្គម្ចាស់នរោត្តម រណឫទ្ឋិ នៅថ្ងៃចន្ទ័នេះ បានប្រឆាំងទៅនឹងការច្របាច់បញ្ចូលគ្នា រវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម ដែលព្រះអង្គធ្លាប់គង់ជាព្រះប្រធាននៃគណបក្សទាំងពីរនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ ព្រះអង្គម្ចាស់រណឬទ្ឋិ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រមានបន្ទូលថា ការច្របាច់បញ្ចូលគ្នានៃគណបក្សទាំងពីរនឹងធ្វើឲ្យបាត់បង់ការគាំទ្រពីម្ចាស់ឆ្នោត ព្រមទាំងធ្វើឲ្យបាត់បង់ឈ្មោះ និងកិត្តិយសរបស់គណបក្សជាតិនិយម ដែលកាលពីមុន គឺជាគណបក្សនរោត្តម រណឫទ្ឋិ ដែលព្រះអង្គធ្លាប់គ្រប់គ្រង។
សេចក្តីអធិប្បាយរបស់ព្រះអង្គម្ចាស់រណឫទ្ឋិ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយកាលពីដើមខែសីហាថា គណបក្សណាមួយ ដែលរំលាយខ្លួនចូលគណបក្សមួយទៀត គណបក្សនោះនឹងត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយពីក្រសួងមហាផ្ទៃ។
កាលពីខែមិថុនា គណបក្សជាតិនិយម និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាគូសត្រូវនឹងគ្នា បានចុះពិធីសារចងសម្ព័ន្ឋភាព ដើម្បីជម្រុញប្រសិទ្ឋិភាព និងស្តារប្រជាប្រិយភាពឡើងវិញ ខណៈដែលគណបក្សទាំងពីរឈ្នះឆ្នោតបានត្រឹមតែពីរអាសនៈរៀងៗខ្លួន នៅក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០០៨។
នៅពេលដែលគណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់ឈ្នះឆ្នោតដាច់គេនៅឆ្នាំ១៩៩៣ នៅក្នុងការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ ដោយទទួលបាន៥៨អាសនៈ នៅក្នុងរដ្ឋសភា ដែលមាន១២០អាសនៈ។ គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានពុះបំបែកជាពីរបន្ទាប់ពីព្រះអង្គម្ចាស់ រណឬទ្ឋិ ត្រូវបានទម្លាក់ចេញពីប្រធានគណបក្សកាលពីខែតុលា ឆ្នាំ២០០៦។
លោកប៉ែន សង្ហារ អ្នកនាំពាក្យគណបក្សជាតិនិយម មានប្រសាសន៍ថា គណបក្សរបស់លោក បានពន្យល់ទៅកាន់ព្រះអង្គម្ចាស់រណឫទ្ឋិ វិញកាលពីព្រឹកមិញនេះ ថាការច្របាច់បញ្ចូលគ្នានៃគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម នឹងមិនធ្វើឲ្យខូចខាតគណបក្សនោះទេ។ លោកបន្តថា៖
«ព្រឹកមិញនេះ គណបក្សជាតិនិយម បានធ្វើលិខិតមួយថ្វាយសម្តេចក្រុមព្រះនរោត្តម រណឫទ្ឋិ ដោយ បានទួលថ្វាយលោកផងដែរថា ផ្អែកទៅលើពិធីសារ និងឧបសម្ព័ន្ឋនៃពិធីសាររវាងគណបក្សហ៊្វុនស៊ិនប៉ិច និងជាតិនិយម ដែលនៅក្នុងប្រការទាំងនេះ គឺជាប្រការគន្លឹះសម្រាប់ធានាអធិបតេយ្យគណបក្ស និងរក្សានៅអត្តសញ្ញាណរបស់គណបក្សនីមួយៗ» ។
ដោយឡែកលោកកែវ ពុធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ថា ការច្របាច់បញ្ចូលគ្នានៃគណបក្សទាំងពីរអាចធ្វើទៅរួចនៅក្នុងរយៈពេល៦ខែមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣មកដល់។ លោកថ្លែងដូច្នេះថា៖
«ច្បាប់គណបក្សគឺបើយើងធ្វើអាហ្នឹង ប្រាំមួយខែមុនការបោះឆ្នោតគឺមិនបាត់បង់ទេ ពីព្រោះ៦ខែមុនការបោះឆ្នោតគឺថា បក្សណារត់ចូលទៅខាងនេះ ខាងនោះ គឺអត់បាត់បង់កៅអីសភាទេ។អញ្ចឹងគឺថា នៅពេលហ្នុងយើងធ្វើបាន»។
លោកកែវ ពុធរស្មី បន្ថែមថា នៅពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម ទើបតែចាប់ផ្តើមការចងសម្ព័ន្ឋភាពសហការគ្នា នៅតាមខេត្តមួយចំនួន ដូចជាខេត្តស្វាយរៀង ព្រៃវែង សៀមរាប និងខេត្តកំពង់ធំ។ គណបក្សទាំងពីរនឹងធ្វើបញ្ជីឈ្មោះបេក្ខជនរួមគ្នានៅក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១២។
សូមបញ្ជាក់ថា នេះគឺជាអន្តរាគមន៍លើកដំបូងបំផុតរបស់ព្រះអង្គម្ចាស់នរោត្តមរណឬទ្ឋិ ទៅលើ បញ្ហាគណបក្សដែលព្រះអង្គធ្លាប់កាន់កាប់ បន្ទាប់ពីព្រះអង្គបានខ្ទាតចេញពីឆាកនយោបាយកាលពី ឆ្នាំ២០០៨ ហើយត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ។ ក៏ប៉ុន្តែលោកនរាណឫទ្ឋិ អានន្ទដាយ៉ាត នាយខុទ្ទកាល័យរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ឋិ មានប្រសាសន៍ថា នេះមិនមែនជាការធ្វើអន្តរាគមន៍ទៅលើបញ្ហានយោបាយរបស់ព្រះអង្គម្ចាស់រណឬទ្ឋិ នោះទេ។