ជនសង្ស័យម្នាក់ក្នុងចំណោមប្រាំនាក់គឺ តា អាន ជាអតីតអនុប្រធានតំបន់មជ្ឈិមប្រចាំនៅខេត្តកំពង់ចាម ដែលមានជនរងគ្រោះជាង១៥ម៉ឺននាក់ស្លាប់នោះ បានបដិសេធពីការជាប់ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មនានា។ លោកបានអះអាង លោកមិនចង់ ទៅបំភ្លឺនៅតុលាការទេ ប៉ុន្តែលោក មិនខ្លាចតុលាការដែរ។ ខាងក្រោមនេះជាភាគចុងក្រោយក្នុងបទសម្ភាសបីភាគរវាងលោក សុខ ខេមរាជាមួយតា អាន។
សំណួរ៖ សម័យនោះ ហេតុអីបានជាមានការកាប់សម្លាប់មនុស្សច្រើនម្ល៉េះទូទាំងប្រទេសជិត ២លាននាក់ អញ្ចឹងអាហ្នឹងវារបៀបយ៉ាងម៉េចដែរបាទ?
ឆ្លើយ៖ អត់យល់ទេក្មួយ អាហ្នឹង ជ្រៅពេកហើយ។ ហួសកម្រិតខ្ញុំ ខ្ញុំមិនដឹងទេ មិនដឹងកាប់សម្លាប់យ៉ាងម៉េច។
ស៖ បើអញ្ចឹង លោកកាលសម័យនោះអត់មានបានទទួលនៅក្នុងមន្ទីរដែលនៅវត្ត អូ ត្រកួនហ្នឹង អត់មានពាក់ព័ន្ធអីទេ?
ឆ៖ អត់ទេ អត់ទាំងស្គាល់ អូ ត្រកួនហ្នឹងផង បាទ។
ស៖ បើទៅ កងមាស ហ្នឹង អញ្ចឹងនៅទទួលបន្ទុកនៅម្តុំខាងណាដែរ បាទ?
ឆ៖ ខ្ញុំនៅនឹងព្រៃទទឹង។
ស៖ នៅ ព្រៃទទឹង?
ឆ៖ បាទ ផ្សារព្រៃទទឹង។ រួចបើនិយាយពីប្រជាជន វាស្រឡាញ់ខ្ញុំអន្តរធានហើយ។ ខ្ញុំឆ្ងល់ណាស់ តែទៅណាមកណានោះ រួចអញ្ចេះ អាផ្ទះហ្នឹងគេរុះរើផ្ទះប្រជាជនយកមកគរនៅព្រៃទទឹង គេសម្រាប់ធ្វើផ្ទះគេ អ្នកដឹកនាំនោះណា។ ខ្ញុំទៅទាំងធ្វើ មីទ្ទីង ហៅប្រជាជនយកសសរផ្ទះយកអីទៅវិញ យកទៅធ្វើ ធ្វើនៅ។ រួចនិយាយពីស្រឡាញ់នោះ រួចបើទៅខ្ញុំទៅ កងមាស ទៅ កំពង់សៀម ខ្ញុំយកស្ករត្នោតទៅ រួចតែក្រឡេកឃើញហើយ (គេថា) ស្ករមកហើយ អ៊ូ រួចបើខ្ញុំមកពីនោះវិញ ខ្ញុំយកថ្នាំជក់នេះ ទាំងបាល់ទាំងបាល់ គេធ្វើបាល់ធំអញ្ចេះនោះ រួចតាមការដ្ឋានធ្វើទំនប់ធ្វើអី ដឹកដើរចែក គេថាអូ បានថ្នាំជក់ហើយ អត់ដែលអ្នកណាថាអញ្ចេះអញ្ចុះ បាទ ខ្ញុំឆ្ងល់ វាយ៉ាងណា? ឆ្ងល់ណាក្មួយ។
ស៖ ប៉ុន្តែនៅក្នុងសម័យកាលនោះ បទបញ្ជាដែលមានការឲ្យទៅដល់អំណាចទៅដល់ថ្នាក់ក្រោមដើម្បីដូចថាដោះស្រាយមនុស្សឬក៏ការកាប់សម្លាប់អីសម័យនោះ តើមានទទួលបញ្ជាអីពី…?
ឆ៖ អត់ទេ អត់ទេ។ អត់មានបញ្ជាទេ។
ស៖ អញ្ចឹងមានន័យថាអ្នកថ្នាក់ក្រោមហ្នឹង ឧបមាថា សម័យនោះមានការសម្លាប់អីច្រើនអញ្ចឹង អាហ្នឹងគេចេះតែធ្វើខ្លួនគេឬក៏វាមានបញ្ហាអីកើតឡើងនៅពីក្រោយនោះឬក៏យ៉ាងម៉េច បាទ?
ឆ៖ ដែលខ្ញុំថាមិនមានបញ្ជា គឺការណែនាំមាន។ ការណែនាំ លុះត្រាតែជននោះឯងមានអំពើសកម្មភាពដោយប្រឆាំងនឹងបញ្ហាអ្វីមួយ។ ចុះបើគេមិនមានការប្រឆាំង ទោះបីជន ប្រជាជនដែលកំណត់ថា ១៧មេសាក៏ដោយនោះ បើគេមិនមានអីប្រឆាំងនោះ ទៅធ្វើអាម៉េច? ការនោះវាមានអញ្ចឹង។ អញ្ចឹងបានខ្ញុំថាខ្ញុំអត់យល់ អត់យល់ទេក្មួយ។ រួចក្មួយ ខ្ញុំនិយាយអញ្ចឹង ក្មួយយល់យ៉ាងម៉េចវិញ ខ្ញុំសួរទៅវិញទៅចុះ។ ហ៊ឺស!
ស៖ អញ្ចឹង ឥឡូវហ្នឹង បើតុលាការហៅកោះទៅក៏ត្រូវតែទៅហើយ មិនខ្លាចបារម្ភអីទេណាស់?
ឆ៖ ខ្ញុំអត់ខ្លាចទេ។
ស៖ អាចនឹងទៅទេមើលទៅ នឹងហ៊ានទៅតទល់ជាមួយតុលាការឬមួយក៏យ៉ាងណា ត្រៀមខ្លួនរួចស្រេចហើយមើលទៅ?
ឆ៖ ឥឡូវ និយាយពីចង់នោះ មិនចង់ទេ។ អត់ចង់ទេក្មួយ។ ព្រោះជីវិតរស់នៅហ្នឹងកំពុងប្រកបរបរ រកស៊ី តុលាការទៀត ឲ្យន័យថាខ្ញុំចង់នោះ វាមិនចង់ទេ។ ខ្ញុំអត់ដូចនែ៎ លោក ខៀវ សំផន ថាចង់ទៅពន្យល់ចង់ទៅអី ខ្ញុំអត់ចង់ទេ អត់ចង់ទៅទេ ព្រោះទីមួយតុលាការហ្នឹងមានកន្លែងឲ្យខ្ញុំសុំសីលដែរ? ខ្ញុំសួរអញ្ចឹង មានកន្លែងឲ្យខ្ញុំសូត្រធម៌ដែរ សុំសីលដែរ បើមិនអត់ រួចខ្ញុំចង់ទៅធ្វើអី? តើខ្ញុំនិយាយអញ្ចឹង យ៉ាងម៉េចក្មួយប្រុស? ថាចង់ អត់ចង់ទេ តែខ្លាច អត់ខ្លាចទេ ថាឲ្យចង់ទៅ អត់ចង់ទេ។
ស៖ បើគេមកចាប់បង្ខំអ្នកប្រាំនាក់ហ្នឹងបន្ថែមទៀត ដូចថាមានលោក មាស មុត លោក ស៊ូ ម៉េត លោកស្រី អ៊ឹម ចែម តា ទិត ហើយនិង តា អាន ហើយនឹងម្នាក់ផ្សេងទៀត តើពេលហ្នឹងមើលទៅវានឹងប៉ះទង្គិចយ៉ាងម៉េចខ្លះនៅក្នុងសង្គមឬក៏ជីវភាពរស់នៅ?
ឆ៖ ជីវភាពរស់នៅរបស់ខ្ញុំប៉ះហើយ ប៉ុន្តែក្នុងសង្គមខ្ញុំអត់ដឹងទេ (ខ្ញុំ)មិនដឹងឆ្លើយថាម៉េចទេក្នុងសង្គម ឲ្យខ្ញុំឆ្លើយថាម៉េច។ សង្គមនិយាយសង្គមជាតិទាំងមូល ខ្ញុំមិនដឹងថាម៉េច ប៉ុន្តែជីវភាពគ្រួសារខ្ញុំប៉ះ។
ស៖ ដោយរបៀបយ៉ាងម៉េចដែរ បាទ?
ឆ៖ បាទ?
ស៖ ដោយរបៀបប៉ះហ្នឹងយ៉ាងម៉េចខ្លះ?
ឆ៖ ធម្មតា មនោសញ្ចេតនារបស់គ្រួសារ តែអញ្ចឹងទៅ ក្ររហាមអញ្ចេះផងហ្នឹង គិតគូរយ៉ាងម៉េច វរវរលក់ដីលក់ធ្លីផ្តល់ថវិកាលែងកើត ប៉ះកូនសិក្សារៀនសូត្រ ប៉ះអីៗ ប៉ះជីវភាពរស់នៅ។ តែអញ្ចឹងបាននិយាយ បានន័យថាខ្ញុំអត់ចង់ទេ តែខ្ញុំអត់ខ្លាចទេ។ ហ៊ឺស! ឲ្យចង់ទៅអីបំភ្លឺអីអញ្ចេះអញ្ចុះ អត់ចង់ទេ តែខ្ញុំអត់ខ្លាចទេ ព្រោះអំពើប្រព្រឹត្តរបស់ខ្ញុំវាអត់ ហើយការតស៊ូរបស់ខ្ញុំមិនមែនខ្ញុំជាអ្នកផ្តើមគំនិតទេ។ សមត្ថភាពខ្ញុំ រាងរៅខ្ញុំប៉ុណ្ណឹង ខ្ញុំមិនមែនអ្នកផ្តើមគំនិតទេ។ ហើយខ្ញុំនិយាយមួយម៉ាត់ថែមទៀត ខ្ញុំនិយាយមួយម៉ាត់ទៀត ដោយខ្ញុំឮពាក្យសម្តេច។ ឮបន្ទូលសម្តេចឪ សម្តេចឪថានៅក្នុងសម័យ ប៉ុល ពត ថាយកសម្តេចដាក់គុកអីអញ្ចេះអញ្ចុះ។ ហើយសម្តេច គឺថាសមត្ថភាពប្រហែលសម្តេច ចុះសមត្ថភាពប្រហែលខ្ញុំ ហ៊ឺសៗ សុំពិចារណាមើលចុះ សមត្ថភាពប្រហែលខ្ញុំនេះតើយ៉ាងម៉េច?
ស៖ ខ្ញុំសុំអរគុណច្រើនដែលបានផ្តល់កិច្ចសម្ភាសជាមួយវីអូអេសម្លេងសហរដ្ឋអាមេរិក សុំអរគុណ បាទ។
ឆ៖ បាទ៕