ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​សំណង់​ទំនប់​ទឹក​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​អំពី​អនាគត​នៃ​ទន្លេ​មេគង្គ​


ទិដ្ឋភាព​នៃទំនប់​វារី​អគ្គិសនី​មួយ។
ទិដ្ឋភាព​នៃទំនប់​វារី​អគ្គិសនី​មួយ។

រដ្ឋាភិបាល​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ជិត​ដល់​ពេល​ធ្វើ​សេចក្តី​សម្រេចអំពី​ផែនការ​សង់​ទំនប់​ទឹក​វារី​អគ្គិសនី​មួយ​នៅ​ក្នុង​ប្រទេស​លាវ។​ ក្រុម​អ្នក​ការ​ពារ​បរិដ្ឋាន​ព្រួយ​បារម្ភ​ថា​ ផែនការ​សង់​ទំនប់​ទឹក​មួយ​ចំនួន​ នឹង​ធ្វើ​ឲ្យ​ខូច​បរិដ្ឋាន​ផង​ និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវភាព​របស់​មនុស្ស​ ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ផង។

នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ជើង​ រដ្ឋាភិបាល​មាន​ផែន​ការ​សង់​ទំនប់​ទឹក​វារី​អគ្គិសនី​នៅ​សាយ៉ាប៊ូរីដែល​មាន​កម្លាំង​ ១២៦០​ មេហ្កាវ៉ាត់​ នៅ​លើ​ផ្លូវ​ទឹក​ធំ​នៃ​ទន្លេ​មេគង្គ​ក្រោម។

នេះ​ជា​ទំនប់​ទឹក​ទី​មួយ​នៃ​ទំនប់​ទឹក​១២​ ដែល​គេ​គ្រោង​សង់​នៅ​លើ​ទន្លេ​មេគង្គ។​ រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​ជាប់​ទាក់​ទង​ ឲ្យដឹង​ថា​ទំនប់​ទឹក​ទាំង​នេះ​ ជា​ប្រភព​ថាមពល​ដ៏​ស្អាត​សម្រាប់​តំបន់​ ដែល​មាន​ការ​ជឿន​លឿន​យ៉ាង​ឆាប់​រហ័ស​ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ។

គម្រោង​ទំនប់​ទឹក​ សាយ៉ាប៊ូរី​ ដែល​មាន​តម្លៃ​ ៣​,៥​ពាន់​លាន​ដុល្លារ​ នឹងត្រូវ​សង់​ឡើង​ដោយ​មាន​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​ថៃ​ ដែល​នឹង​ទិញ​អគ្គិសនី​ស្ទើរ​ទាំង​អស់​ដែល​ផលិត​ចេញ​ពី​ទំនប់​ទឹក​នេះ។

នេះ​ជា​គម្រោង​ទី​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ប្រទេស​បួននៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ - គឺ​ លាវ​ ថៃ​ កម្ពុជា​ និង​ វៀតណាម​ - ក្រោម​ការ​ពិគ្រោះ​យោបល់​គ្នា​ ដែល​មានគណៈកម្មការ​ទន្លេ​មេគង្គ​ជា​អ្នក​ជួយមើល​ការ​ខុស​ត្រូវ។

រដ្ឋាភិបាល(ទាំង​បួន)​អាច​បង្ហាញ​សេចក្តី​សម្រេច​របស់​ខ្លួន​នៅ​ចុង​ខែ​នេះ។

នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​ ១៩៩៥​ ប្រទេស​ទាំង​បួន​នឹង​ត្រូវ​ធ្វើ​សហប្រតិបត្តិការ​គ្នា​ ដើម្បី​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដែល​មាន​និរន្តរភាព​ នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ដែល​មាន​ ៤៩០០​ គីឡូម៉ែត្រ។

អ្នក​ការពារ​បរិដ្ឋាននិយាយ​ថា​ ការ​ពិគ្រោះ​គ្នា​មិន​បាន​ធ្វើ​ប្រកប​ដោយ​តម្លាភាព​ទេ​ ហើយ​ថា​ផែនការ​សង់​ទំនប់​ទឹក​នេះ​ ក៏​មិន​បាន​ធ្វើ​ការ​ពិភាក្សា ឬ​ការ​សិក្សា​ក្នុង​តំបន់​ឲ្យ​បាន​គ្រប់​គ្រាន់​ដែរ។

អ្នក​ស្រី​ អេមី​ ត្រាន់ដឹម​ (Ame​ Trandem)​ នៃ​អង្គការការ​ពារ​បរិដ្ឋាន​ទន្លេអន្តរជាតិ​ International​ Rivers​ ថ្លែង​ថា រដ្ឋាភិបាលទាំង​នោះ​ មិន​ទាន់​បាន​ដល់​ចំណុចដែល​ពួក​គេ​បាន​ទទួល​ព័ត៌មាន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​អាច​ធ្វើ​សេចក្តី​សម្រេច​ដោយ​ខ្លួន​ឯង​បាន​នៅ​ឡើយ​ទេ។​ លោក​ស្រី​មាន​ប្រសាសន៍​ថា៖

«ដូច្នេះ​ហើយ​បាន​ជា​អង្គការ​ International​ Rivers​ បាន​ស្នើ​ឲ្យ​គេ​ពន្យា​ពេល​ធ្វើ​សេចក្តី​សម្រេច​សម្រាប់រយៈ​ពេល​១០​ ឆ្នាំ​ទៅ​មុខ​ទៀត។​ យើង​យល់​ថា ការ​ពិគ្រោះ​យោបល់​គ្នា​អំពី​ទំនប់​ទឹក​ សាយ៉ាប៊ូរី​ គួរ​បញ្ឈប់​នៅ​ពេល​នេះ​ ដើម្បី​ចាប់​ផ្តើម​ពន្យា​ពេល​១០​ឆ្នាំ​នេះ​ ដែល​នឹង​ជួយ​ឲ្យ​មនុស្ស​មាន​ការ​យល់​ដឹង​ច្បាស់​ជាង​មុន​អំពី​ទន្លេ​មេគង្គ»។

គណៈកម្មការ​ទន្លេ​មេគង្គ​ ដែល​ទទួល​ថវិកា​ពី​ប្រទេស​អូស្រ្តាលី​ (Australia)​ ណូវ៉ែល​ ហ្សេឡង់​ (New​ Zealand)​ សហភាព​អ៊ឺរ៉ុប​ និង​ សរអា​ បាន​ស្នើ​ឲ្យ​ពន្យា​ពេល​គម្រោង​សង់​ទំនប់​ទឹក​ សាយ៉ាប៊ូរី។​ គណៈកម្មការ​និយាយ​ថា​ គេ​ត្រូវ​បំពេញ​កិច្ច​ការ​ច្រើន​ទៀត​ ដើម្បី​វាយ​តម្លៃអំពី​ផល​ប៉ះ​ពាល់ទាំង​ស្រុង​នៃ​ការ​សង់​ទំនប់​ទឹក​វារី​អគ្គិសនី​ដល់​ទៅ​ ១២។

ក៏​ប៉ុន្តែ​រដ្ឋាភិបាល​លាវ​ឲ្យ​ដឹង​ថា​ ខ្លួន​មិន​ឃើញ​ហេតុផលដើម្បី​ពន្យា​ពេល​ទេ​ ហើយ​ថា​រដ្ឋាភិបាល​លាវ​បាន​បំពេញ​តាម​តម្រូវ​ការ​ ខាង​ច្បាប់​ ខាង​បរិដ្ឋាន​ និងខាង​សង្គម​គ្រប់​សព្វ​អស់​ហើយ។

លោក​ អាណុន​ ស្ន៊ិដវង្ស​ (Anond​ Snidvongs)​ បរិយាកាសវិទូ​ នៃ​សកលវិទ្យាល័យ​ ជូឡាលង្គន​ (Chulalongorn)​ នៃប្រទេស​ថៃ​និយាយ​ថា​ នៅ​ពេល​ដែល​ទំនប់​ទឹក​ផ្លាស់​ប្តូរ​ចរន្ត​ទឹក​ហូរ​ វា​អាច​ធ្វើ​ឲ្យ​ខូច​ជីវៈ​ចម្រុះ​និង​សេដ្ឋកិច្ច។​ លោក​មាន​ប្រសាសន៍​ថា៖

«នេះ​ជា​ការណ៍​ពិត​ដែល​មាន​ភស្តុតាង​ច្បាស់​លាស់។​ ត្រី​នៅ​ក្នុង​ទន្លេ​មេគង្គ​ជា​អាហារ​ផង​ និង​ជា​សេដ្ឋកិច្ច​ផង។​ សេដ្ឋកិច្ច​ប្រហែល​មួយ​ភាគ​បី​របស់​កម្ពុជា​នៅ​ពេល​នេះ បាន​មក​ពី​ការ​នាំ​ចេញ​ត្រី​ទាំង​នោះ​ទៅ​ប្រទេស​ដទៃ​ ជា​ពិសេស​ប្រទេស​ថៃ»។

អ្នក​ការ​ពារ​បរិដ្ឋាន ដូច​ជា​អ្នក​ស្រី​ ត្រាន់ដឹម​ នៃ​អង្គការ​ International​ Rivers​ និយាយ​ថា​ មនុស្ស​រាប់​លាន​នាក់​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់។​ លោក​ស្រី​បន្ត​ថា៖

«នៅ​ពេល​ដែល​យើង​ក្រឡេក​មើល​ទៅ​អនាគត​ បើ​គេ​សង់​ទំនប់​ទឹក​ទាំង​នេះ​មែន​ អនាគត​នឹង​មាន​ភាព​អាប់​អួរ។​ មនុស្ស​នឹង​ធ្លាក់ខ្លួន​ក្រ​ ដោយ​សារ​ការ​បាត់​បង់​ប្រភព​ប្រាក់​ចំណូល​ដ៏​សំខាន់​របស់​គេ​ ពី​ការ​នេសាទ​ត្រី។​ មនុស្ស​ក៏នឹង​ខ្វះ​អាហារ​បរិភោគ។​ នេះ​ជា​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​មួយ»។

អ្នក​ការពារ​បរិដ្ឋាន​ កំពុង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នៃ​ដង​ទន្លេ​មេគង្គ​ទាំង​បួន​បញ្ឈប់​គម្រោង​ទំនប់​ទឹក​ សាយ៉ាប៊ូរី​ ជា​បណ្តោះ​អាសន្ន​ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ផលវិបាក​សម្រាប់​រយៈ​ពេល​យូរ​ ទៅ​លើ​ទន្លេ​មេគង្គ និង​ប្រជាពលរដ្ឋ​នៃដង​ទន្លេ​នេះ៕

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន

XS
SM
MD
LG