ក្រុងឡឺគែរ៖ ពលរដ្ឋអេហ្ស៊ីពមានពេលសម្រាកមួយថ្ងៃទៀតនៅថ្ងៃច័ន្ទនេះ ខណៈដែលមេដឹកនាំយោធាថ្មីកំពុងរៀបចំផែនការសម្រាប់ពេលអនាគតរបស់ប្រទេសជាតិ។
មេដឹកនាំយោធា នៅក្នុងប្រទេសអេហ្ស៊ីពបានអនុញ្ញាតឲ្យឈប់សម្រាកជាសាធារណៈមួយថ្ងៃ នៅថ្ងៃច័ន្ននេះ ខណៈដែលមន្ដ្រីរដ្ឋការខ្លះ ធ្វើកូដកម្មទាមទារសេរីភាពថ្មី ក្រោយពីប្រធានាធិបតី ហូស្នី មូបារ៉ាក់បានត្រូវបណ្ដេញចេញពីតំណែង។
អតីតបាតុករ Gihan Mohamed ថ្លែងថា ប្រជាពលរដ្ឋព្រួយបារម្ភអំពីសេដ្ឋកិច្ច។
«នេះជាជំហានបោះទៅមុខ តែយើងនៅមានកិច្ចការច្រើនទៅមុខទៀតដើម្បីបំពេញ។ យើងនឹងត្រូវចំណាយពេលយ៉ាងយូរ ទើបយើងអាចស្តារការបាត់បង់ផ្នែកសេដ្ឋកិច្ចដែលប្រទេសជាតិប្រឈមមុខ និងការខូចខាតទាំងអម្បាលមាណ ហើយយើងមានសេចក្ដីសង្ឃឹមថា យើងអាចវិលត្រឡប់មកស្ថានភាពធម្មតាឡើងវិញ»។
យោធាបានរំលាយរដ្ឋសភានិងព្យួរទុករដ្ឋធម្មនុញ្ញ ដោយនិយាយថា យោធានឹងគ្រប់គ្រងប្រទេស៦ខែ រហូតដល់មានការបោះឆ្នោតជាតិ។នាយករដ្ឋមន្ដ្រីAhmed Shafiqនិយាយថា រដ្ឋមន្ដ្រីបច្ចុប្បន្នភាគច្រើននឹងបន្ដកាន់តំណែងរហូតដល់មានការបោះឆ្នោត។
លោក Shafiq ថ្លែងទៀតថា ជីវភាពប្រក្រតីរបស់ជនជាតិអេហ្ស៊ីពត្រូវវិលមកធម្មតាវិញ ជាមួយនឹងអារម្មណ៍មានសុវត្ថិភាព ដែលបានបាត់បង់កាលពីប៉ុន្មានសប្ដាហ៍មុននេះ។ លោកថ្លែងទៀតថា អសន្ដិសុខបានរលាយអស់ទៅហើយ តែវាមិនមានល្បឿនឆាប់រហ័សដូចចិត្ដទេ៕
ប្រែសម្រួលដោយ អ៊ូ ធួក