ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ព្រះរាជ​អាជ្ញា​កម្ពុជា​ជំទាស់​ការ​ស៊ើបអង្កេត​សំណុំ​​រឿង​០០៣


សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។​
សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។​

សហ​ព្រះរាជអាជ្ញា​កម្ពុជា ​លោកស្រី​ ជា លាង ​បាន​ជំទាស់​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃអង្គារ៍​នេះ ​ចំពោះ​ការ​តាម​ស៊ើបអង្កេត​និង​ចាប់​ខ្លួន​ជនសង្ស័យ​នៅក្នុង​សំណុំរឿង​០០៣​យកមក​កាត់ទោស​ ដោយសារ​លោកស្រី​ សំអាង​ថា ​ពួកគេ​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម​នោះទេ។

តាម​ការ​លើកឡើង​ក្រៅ​ផ្លូវការ​របស់​ជនរងគ្រោះ​ និង​សាច់ញាតិ​ជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ ចំនួន​ពីរនាក់​បាន​ឲ្យដឹង​ថា​ ជន​សង្ស័យ​នៅក្នុង​សំណុំរឿង​ទីបី​នេះ​ មាន​ពីរ​រូប ​គឺ​លោក​មាស មុត ​ដែល​ជា អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរ​ក្រហម​ និង​លោក​ ស៊ូ ម៉េត ​អតីត​មេបញ្ជាការ​កងទ័ព​អាកាស។

លោកស្រី​ ជា លាង ​បាន​លើកឡើង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃ​អង្គារន៍​នេះ​ថា​ ជន​សង្ស័យ​ ដែលត្រូវ​បាន​លើកឡើង​នៅក្នុង​សំណុំរឿង​០០៣​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​ហើយ​ក៏​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម​នោះ​ដែរ។ ពោល​គឺ​មានតែ​ជន​ពីរក្រុម​នេះទេ​ ដែល​សាលាក្តី​ ខ្មែរក្រហម​អាច​ធ្វើការ​ស៊ើបអង្កេត​និង​តាម​ចាប់​ខ្លួន​យក​មកកាត់​ទោស​បាន។

សេចក្តី​សំអាង​ខាងលើ​នេះ​ ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ លោក អាន់ឌ្រូ ខេលី (Andrew Cayley) ​បាន​ស្នើសុំ​ជា​ឯកតោភាគី​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ថែម​ទៀត ​និង​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​នៅក្នុង​សំណុំ​រឿង​០០៣​ បន្ទាប់ពី​សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ ប្រកាស​ថា ​ខ្លួន​បាន​ស៊ើបអង្កេត​សំណុំ​រឿង​នេះ ចប់​សព្វគ្រប់​រួច​ហើយ។

រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា ​បាន​ជំទាស់​យ៉ាងខ្លាំងក្លា​ទៅ ​និង​ការតាម​ស៊ើបអង្កេត​នៅក្នុង​សំណុំ រឿង​០០៣ ​និង​សំណុំរឿង​០០៤ ​ដែល​មាន​ជនសង្ស័យ​សរុប​ចំនួន​ប្រាំនាក់​ ដែល​ស្នើ​ដោយ​សហ​ព្រះរាជ អាជ្ញា​បរទេស​នោះ។

សហ​ព្រះរាជអាជ្ញា​កម្ពុជា​ លោកស្រី ​ជា លាង​ ក៏បាន​បង្ហាញ​ជំហរ​ស្របគ្នា​ជាមួយ​រដ្ឋាភិបាល​ខ្មែរ​ដែរ​ ដែល​ត្រូវ​គេ​លើកយក​មក​រិះគន់​មិន​ចេះចប់​អំពី​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​ទៅលើ​ សាលាក្តី​ខ្មែរ​ក្រហម។

លោកស្រី ​Clair Duffy ​អ្នក​សម្របសម្រួល​របស់​អង្គការ​យុត្តិធម៌​សង្គម​សេរី​ OSJI​ របស់​សហរដ្ឋ​ អាមេរិក​ ដែល​កំពុង​តែ​តាម​ឃ្លាំមើល​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា ​ការបង្ហាញ​ជំហរ​ របស់​លោកស្រី​ជា លាង ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ។

«ខ្ញុំ​គិតថា​ វា​ច្បាស់ណាស់​ថា​ មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​សំណុំរឿង​០០៣​ និង​០០៤ ហើយ​ខ្ញុំ​គិតថា​សេចក្តី​ថែ្លង​ការណ៍​របស់​អ្នកស្រី​ ជា លាង​ មិនបាន​បន្ថែម​អ្វី​ថ្មី​ទៅលើ​ជំហរ​របស់​អ្នកស្រី ​ដែល​យើង​ដឹង​រួច​ទៅ​ហើយ​នោះ​ទេ​ គឺ​តាំងពី​ពេល​ដែល​សំណុំរឿង​ទាំងពីរ​ត្រូវបាន​បញ្ជូន​ទៅ​ស៊ើបអង្កេត​នោះ»។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ និង​សហ​ព្រះរាជអាជ្ញា​ជាតិ ​បាន​ខ្វែងគំនិត​គ្នា​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​បង្គាប់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​នៅក្នុង​សំណុំរឿង​០០៣​និង​០០៤។

សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ ​ក៏បាន​បង្ហាញ​អំពី​ការ​មិន​ចូលរួម​របស់​ខ្លួន​នៅក្នុង​ការ​ស៊ើបអង្កេត​នេះ​ ដែរ។ ដូច្នេះ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ បាន​សម្រេច​ធ្វើការ​ស៊ើបអង្កេត​ជា​លក្ខណៈ​ឯកតោភាគី​ទៅ​ លើ​សំណុំរឿង​ទាំងពីរ​នេះ៕

XS
SM
MD
LG