រដ្ឋបាលលោក Trump បានស្នើលុបចោលអ្វីដែលហៅថា «រយៈពេលនៃឋានៈ» (duration of status) នៃទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ អ្នកចូលរួមកម្មវិធីទស្សនកិច្ចសិក្សា និងអ្នកធ្វើការខាងបណ្តាញផ្សាយព័ត៌មានអន្តរជាតិ។ ក្រុមមន្ត្រីសង្ឃឹមថា នឹងដាក់កំហិតថ្ងៃខែបញ្ចប់ជាក់លាក់ជាជាងអនុញ្ញាតឱ្យទិដ្ឋាការមានសុពលភាពរហូតដល់ថ្ងៃនិស្សិតទាំងនេះទទួលសញ្ញាប័ត្រ ឬមួយបញ្ចប់គម្រោងការស្រាវជ្រាវរបស់ពួកគេ។
នៅពេលនេះ អ្នកមានទិដ្ឋាការប្រភេទ F-1 អាចស្ថិតនៅក្នុងស.រ.អ.រហូតដល់និស្សិតនេះបញ្ចប់កម្មវិធីសិក្សាមួយ ឬមួយនិស្សិតនេះនៅអាចបំពេញតាមការតម្រូវនានានៃកម្មវិធីសិក្សានោះ។
បទបញ្ញត្តិមាន២៥៦ទំព័រ បានត្រូវស្នើហើយដែលក្រសួងសន្តិសុខមាតុភូមិហៅកាត់ថា DHS បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា នឹងតម្រូវឱ្យមានថ្ងៃខែផុតកំណត់៤ឆ្នាំ និងផ្តល់រយៈពេលពីរឆ្នាំសម្រាប់និស្សិតដែលហ្វឹកហ្វឺនខាងភាសាដោយមានលទ្ធភាពមានកម្រិតក្នុងការដាក់ពាក្យសុំបន្តទិដ្ឋាការនេះតទៅទៀត។
តើ«រយៈពេលនៃឋានៈ»មាននិយមន័យបែបណានៅពេលសព្វថ្ងៃនេះ?
«រយៈពេលនៃឋានៈ» ឬជាភាសាអង់គ្លេសថា duration of status មានន័យថា ជាជាងការកម្រិតពេលវេលាមួយជាក់លាក់ និស្សិតអន្តរជាតិម្នាក់នឹងត្រូវអនុញ្ញាតឱ្យស្ថិតក្នុងស.រ.អ.រហូតដល់ទទួលសញ្ញាប័ត្រ ដរាបណាគេរៀនគ្រប់មុខវិជ្ជានិងមិនបំពានច្បាប់អន្តោប្រវេសន៍ដូចជាធ្វើការដោយខុសច្បាប់ជាដើម។
តើនរណាខ្លះត្រូវផលប៉ះពាល់ដោយសារគោលការណ៍ណែនាំដែលបានត្រូវស្នើនេះ?
បទបញ្ញត្តិនេះអាចមានផលប៉ះពាល់ដល់ពួកជនមានទិដ្ឋាការប្រភេទ F, J និង I ដែលបានត្រូវអនុញ្ញាតឱ្យស្នាក់នៅជាបណ្តោះអាសន្ននៅក្នុងស.រ.អ.ដើម្បីរៀនយកសញ្ញាប័ត្រជាន់ខ្ពស់ ក្រុមបុគ្គលមានជំនាញពិសេសណាមួយដែលបានទទួលការយល់ព្រមឱ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នាផ្អែកលើការធ្វើការនិងការសិក្សានិងក្រុមអ្នកកាសែតបរទេស។
បើតាមក្រសួងសន្តិសុខមាតុភូមិថា ពលរដ្ឋដែលមកពីបណ្តាប្រទេសមានអត្រាខ្ពស់នៃការស្ថិតនៅក្នុងសហរដ្ឋអាមេរិកហួសថ្ងៃខែកំណត់ក្នុងទិដ្ឋាការគឺច្រើនជាង១០%នោះ ត្រូវរំពឹងថានឹងមានអាចស្នាក់នៅក្នុងសហរដ្ឋអាមេរិកមានកម្រិតត្រឹម២ឆ្នាំ។
ពួកជនជាតិដើមឬពលរដ្ឋពីប្រទេសមានឈ្មោះនៅក្នុងបញ្ជីនៃក្រសួងការបរទេសស.រ.អ.នៃបណ្តារដ្ឋឧបត្ថម្ភភេរវកម្មនឹងមានការកម្រិតឱ្យស្ថិតនៅក្នុងស.រ.អ.តែពីរឆ្នាំ។
តើក្រសួងសន្តិសុខមាតុភូមិស.រ.អ.និយាយដូចម្តេច?
ក្រសួងសន្តិសុខមាតុភូមិហៅកាត់ថា DHS បាននិយាយថា រយៈពេលបច្ចុប្បន្ននៃគោលនយោបាយ ទៅតាម«រយៈពេលនៃឋានៈ» នេះ និង«កំណើនច្រើនគួរសម»នៃនិស្សិតមានទិដ្ឋាការប្រភេទ F អ្នកផ្លាស់ប្តូរកម្មវិធីកាន់ទិដ្ឋាការប្រភេទ J និងអ្នកតំណាងបណ្តាញផ្សាយព័ត៌មានបរទេសមានទិដ្ឋាការប្រភេទ I ដាក់ឱ្យមាន«ឧបសគ្គដល់សមត្ថភាពរបស់ក្រសួងក្នុងការឃ្លាំមើលនិងត្រួតត្រាក្រុមជនមិនមែនជាអន្តោប្រវេសន៍ប្រភេទទាំងនេះ»។
ក្រសួងសន្តិសុខមាតុភូមិបាននិយាយបន្ថែមថា «ដោយសារហេតុនេះក្រសួងមានកង្វល់អំពីបូរណភាពនៃកម្មវិធីនេះនិងអំពីលទ្ធភាពនៃកំណើនគ្រោះថ្នាក់ដល់សន្តិសុខជាតិ»។
គេហទំព័រព័ត៌មានឧត្តមសិក្សា Inside Higher Ed រាយការណ៍ថាមានការចុះថយប្រមាណ១៥%នៃការចុះឈ្មោះចូលរៀនដោយក្រុមនិស្សិតក្នុងឆ្នាំសិក្សា២០២០-២០២១ ដោយមានរួមបញ្ចូលការចុះថយ២៥%នៃការចុះឈ្មោះរបស់និស្សិតអន្តរជាតិ។ ការរកឃើញនេះអាចមានន័យថាជាការបាត់បង់ប្រាក់ចំណូល២៣ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចស.រ.អ.។
អ្នកស្រី Sarah Spreitzer ជានាយិកានៃផ្នែកទំនាក់ទំនងជាមួយរដ្ឋាភិបាលនៃអង្គការក្រុមប្រឹក្សាអាមេរិកាំងខាងការសិក្សាអប់រំ។ អ្នកស្រីបាននិយាយថាមាន«និន្នាការការចុះថយ» នៃការចុះឈ្មោះក្រុមនិស្សិតអន្តរជាតិកាលពី៥ឆ្នាំមុននេះ ដោយចុះពីកំណើននៃការចុះឈ្មោះរបស់ពួកនិស្សិតបរទេសក្នុងប្រទេសអាមេរិកដែលមានរយៈពេលមួយទសវត្សរ៍។
អ្នកស្រី Sarah Spreitzer បានថ្លែងថា៖ «អ្វីជាច្រើនដែលក្រសួងសន្តិសុខមាតុភូមិនិយាយថាជាការខ្វល់ខ្វាយជាមួយទិដ្ឋាការនិស្សិត ដូចជានិស្សិតដូរកម្រិតនៃការរៀនសូត្រ រយៈពេលពួកគេចំណាយដើម្បីទទួលសញ្ញាប័ត្រ។ ព័ត៌មានជាច្រើនបានត្រូវតាមដានតាមរយៈប្រព័ន្ធ SEVIS រួចទៅហើយ»។
SEVIS ជាប្រព័ន្ធព័ត៌មានអំពីក្រុមនិស្សិតនិងអ្នកចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនានា។
អ្នកស្រី Sarah Spreitzer បាននិយាយថា៖ «ស្ថាប័នរបស់យើងបានចងក្រងព័ត៌មានទាំងនេះបញ្ជូនទៅ DHS រួចស្រេចហើយតាមរយៈប្រព័ន្ធ [SEVIS] នេះដែលបានត្រូវបង្កើតឡើងក្រោយថ្ងៃ [វាយប្រហារភេរវកម្ម] ទី១១ ខែកញ្ញា ឆ្នាំ២០០១។ ដូច្នេះជាការមិនច្បាស់លាស់ថា តើ[សំណើថ្មីនេះ]នេះនឹងផ្តល់ឱ្យ DHS នូវព័ត៌មានអ្វីថែមទៀត ដែលពួកគេមានហើយនោះ»។
តើអ្វីនឹងកើតមានដល់អ្នកដែលស្ថិតនៅក្នុងប្រទេសអាមេរិកហើយនោះ?
លោក Stephen Yale-Loehr ជាសាស្ត្រាចារ្យខាងរឿងអន្តោប្រវេសន៍នៅឯសាកលវិទ្យាល័យ Cornell។ លោកបាននិយាយថា បទបញ្ញត្តិថ្មីដែលបានត្រូវស្នើឡើងនេះចែងថា ពួកនិស្សិតអន្តរជាតិកំពុងស្ថិតនៅក្នុងស.រ.អ.រួចហើយ អាចស្នាក់នៅបន្តតាមរយៈបទបញ្ញត្តិដែលមានពីមុនមក មិនឱ្យលើសពី៤ឆ្នាំពីថ្ងៃខែដែលបទបញ្ញត្តិចុងក្រោយចូលជាធរមាន។
លោក Stephen Yale-Loehr ក៏បានថ្លែងដែរថា បទបញ្ញត្តិនេះអាចរារាំងការបន្តរស់នៅក្នុងស.រ.អ.របស់ពួកនិស្សិតអន្តរជាតិប្រសិនបើទីភ្នាក់ងារអន្តោប្រវេសន៍សម្រេចថា អ្នកមានទិដ្ឋាការម្នាក់គ្មានការជឿនលឿនក្នុងការរៀនសូត្រឱ្យបានសញ្ញាប័ត្រ។
លោក Yale-Loehr បាននិយាយថា៖ «បទបញ្ញត្តិដែលបានត្រូវស្នើនេះតម្រូវឱ្យនិស្សិតអន្តរជាតិភាគច្រើនបញ្ចប់ការសិក្សាក្នុងរយៈពេលបួនឆ្នាំ មិនថាសញ្ញាប័ត្រនោះជាធម្មតាត្រូវចំណាយពេលយូរប៉ុណ្ណាទេ។ ជាឧទាហរណ៍ និស្សិតរៀនយកសញ្ញាប័ត្របណ្ឌិតភាគច្រើនជាធម្មតារៀនជាងបួនឆ្នាំដើម្បីទទួលសញ្ញាប័ត្រពួកគេ»។
តើអ្វីជាហេតុផលសម្រាប់ការបន្តទិដ្ឋាការ?
បទបញ្ញត្តិថ្មីចែងថាសំណុំពាក្យសុំបន្តទិដ្ឋាការអាចត្រូវយល់ព្រម«ប្រសិនបើមានសេចក្តីត្រូវការពេលបន្ថែមដោយសារហេតុផលចាំបាច់ខាងការសិក្សាក្នុងសាកលវិទ្យាល័យ មានឯកសារពេទ្យបញ្ជាក់ថា និស្សិតនេះមានជំងឺឬមានកាលៈទេសៈដែលហួសពីការគ្រប់គ្រងរបស់និស្សិតនោះ»។
តើបទបញ្ញត្តិនេះចូលជាធរមាននៅពេលណា?
បទបញ្ញត្តិនេះស្ថិតក្នុងដំណាក់កាលជាសំណើនៅឡើយ ហើយមិនចូលជាធរមានជាបន្ទាន់ទេ។ សាធារណជនមានពេល៣០ថ្ងៃដើម្បីផ្តល់មតិ។
បន្ទាប់មក ទីភ្នាក់ងារអន្តោប្រវេសន៍នឹងពិនិត្យមើលមតិយោបល់ទាំងអស់ ព្រាងបទបញ្ញត្តិចុងក្រោយ និងបញ្ជូនបទបញ្ញត្តិចុងក្រោយនេះទៅឱ្យការិយាល័យគ្រប់គ្រងនិងថវិកាជាតិដើម្បីពិនិត្យសើរើ នៅមុនបទបញ្ញត្តិចុងក្រោយមួយអាចចួលជាធរមានបាន។
ដោយសារមានជំហានជាច្រើនទាំងនោះ ពួកអ្នកជំនាញខាងការសិក្សាអប់រំបាននិយាយថា ពួកគេមិនរំពឹងថា បទបញ្ញត្តិចុងក្រោយមួយនឹងអាចចូលជាធរមានបាននៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងខែវិច្ឆិកាទេ ហើយក៏មិនអាចមាននៅមុនប្រធានាធិបតីម្នាក់ត្រូវស្បថចូលកាន់តំណែងក្នុងខែមករាឆ្នាំក្រោយទេ។
ទោះយ៉ាងនេះក្តី អ្នកជំនាញយល់ឃើញថា បទបញ្ញត្តិថ្មីនេះជាការមិនលើកចិត្តមួយដល់ក្រុមនិស្សិតអន្តរជាតិនិងក្រុមជនឯទៀតៗ។
អ្នកស្រី Sarah Spreitzer ដែលជានាយិកានៃផ្នែកទំនាក់ទំនងជាមួយរដ្ឋាភិបាលនៃក្រុមប្រឹក្សាអាមេរិកាំងខាងការសិក្សាអប់រំបាននិយាយបន្ថែមថា៖ «ការណ៍នេះនឹងមានផលប៉ះពាល់តទៅទៀតដល់ក្រុមនិស្សិតថ្មីៗដែលពិចារណាចង់មករៀនក្នុងស.រ.អ.ដែលប្រហែលមានជម្រើសទៅសិក្សាក្នុងប្រទេសណាមួយក្នុងបណ្តាប្រទេសជាគូប្រជែងរបស់យើងដូចជាប្រទេសកាណាដា ចក្រភពអង់គ្លេស អូស្ត្រាលីឬប្រទេសនូវែលសេឡង់ជាដើម»៕