អាពាហ៍ពិពាហ៍រវាងព្រះអង្គម្ចាស់វីល្លាម (William) នៃប្រទេសអង់គ្លេសនិងនាង ឃែធើរីន មីដលថុន (Catherine Middleton) នឹងត្រូវបានប្រារព្ធនៅថ្ងៃទី២៩ខែមេសា ដែលពិធីនេះត្រូវបានគេរំពឹងថា មានមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោក នឹងមើល។ ក្រុមអ្នកពិនិត្យមើលបានកោតសរសើរចំពោះអនាគតព្រះអង្គម្ចាស់ក្សត្រីថាជាស្ដ្រីថ្មីម្នាក់ដ៏ល្អផូរផង់សម្រាប់ព្រះរាជវង្សានុវង្ស។ ទោះបីជាដំណើរជីវិតរបស់នាង ទៅកាន់ព្រះបរមរាជវាំងមិនរលូនគ្រប់ពេលក៏ដោយ ឥឡូវនេះនាងប្រឈមមុខនឹងឯកសិទ្ធដ៏អស្ចារ្យដែលនឹងមានផ្សាយនៅក្នុងព័ត៌មានសំខាន់ៗក្នុងពិភពលោក។
កាលពីខែវិច្ឆិកាមុន ព្រះអង្គម្ចាស់វីល្លាម និងនាង ឃែធើរីន មីដលថុន បង្ហាញខ្លួននៅមុខម៉ាស៊ីនថតរូប ដើម្បីប្រកាសអំពីការភ្ជាប់ពាក្យរបស់ពួកគេ។នាងដែលនឹងក្លាយទៅជាកូនក្រមុំ ឆ្លើយសំណួរអ្នកយកព័ត៌មានម្នាក់អំពីហេតុដែលព្រះអង្គម្ចាស់មិនបានប្រកាសការភ្ជាប់ពាក្យនេះឆាប់ជាងនេះ។
«ពិតណាស់ហើយ យើងទាក់ទាងគ្នាជាយូរណាស់មកហើយ។ យើងបាននិយាយអំពីអនាគតរបស់យើង ហើយវាហាក់ដូចជាជំហានធម្មតារបស់យើងទាំងពីរនាក់»។
ប្រវត្ដិនៃគូស្រករនេះបានចាប់ផ្ដើមកាលពី១០ឆ្នាំមុន នៅស្រុក ស៊ែន្ត អ៊ែនឌ្រូ (St. Andrews) ប្រទេសស្កុតលែន (Scotland) ដែលនៅទីនោះ ព្រះអង្គម្ចាស់បានរៀននៅសាកលវិទ្យាល័យក្នុងឆ្នាំ២០០១។ នៅទីនោះហើយ ដែលទ្រង់បានជួបនាង ឃែធើរីន មីដលថុន ដែលជានិស្សិតដូចគ្នា។
ក្រុមអ្នកសង្កេតបានសន្មត់ថា ព្រួញស្នេហ៍បានបាញ់ចំព្រះអង្គម្ចាស់ វីល្លាម ពេលទ្រង់បានទតឃើញនាងឃែធើរីន មីដលថុន ដែលបង្ហាញម៉ូដសម្លៀកបំពាក់ ដោយពេលនោះនាងបានស្លៀកពាក់រ៉ូបស្ដើង មើលឃើញសាច់។ អ្នកទាំងពីរក្លាយជាមិត្តភក្ដិនឹងគ្នា ហើយរស់នៅជាមួយគ្នាក្នុងផ្ទះមួយជាមួយនិស្សិតដទៃទៀត។ គេមិនដឹងច្បាស់ទេថាតើទ្រង់ និងនាងចាប់ចិត្តនឹងគ្នាពេលណាទេ ក៏ប៉ុន្ដែលោកស្រី លីនដា ខាន្នីងហាម (Linda Cunningham) ម្ចាស់ហាងកាហ្វេក្នុងមូលដ្ឋានអះអាងថា ព្រះអង្គម្ចាស់ វីល្លាម ចែចង់អនាគតគូដណ្ដឹងរបស់ទ្រង់ពេលទ្រង់សោយនំបារាំងនឹងកាហ្វេជាមួយនាង។ លោកស្រី ខាន្នីងហាម និយាយថាដំបូងឡើងលោកស្រីមិនជឿទេ។ លោកថ្លែងថា៖
«នាងតែងតែចូលមកជាមួយមិត្ដភក្ដិរបស់ទ្រង់ ហើយទ្រង់តែងតែយាងចូលមកជាមួយមិត្ដភក្ដិរបស់ទ្រង់។ ហេតុដូច្នេះហើយ ទ្រង់ និងនាងស្ថិតនៅក្នុងអគារជាមួយគ្នា ក៏ប៉ុន្ដែមិនសូវអង្គុយជាមួយគ្នាទេ។ បន្ទាប់មកទៀត ពេលយើងឮថាទ្រង់ហើយនឹងនាងចាប់ចិត្ដនឹងគ្នានោះ យើងក៏មើលទៅឃើញដូច្នោះមែន»។
ក្រោយពីបញ្ចប់ការសិក្សា ទ្រង់ និងនាង ក៏ត្រូវបានបណ្ដាញផ្សាយព័ត៌មានពិភពលោកផ្សព្វផ្សាយអំពីអ្នកទាំងពីរជាថ្មីម្ដងទៀត។ ការតាមថតរបស់ បណ្ដាញផ្សាយព័ត៌មានបានឡើងដល់កម្រិតកំពូលនៅឆ្នាំ២០០៧ នៅពេលដែលព្រះអង្គម្ចាស់វីល្លាម បានផ្ដាច់ការទាក់ទាងគ្នារយ:ពេលជាច្រើនខែ។
ព្រះរាជវង្សានុវង្សមិនសូវមានទំនាក់ទំនងល្អជាមួយនឹងបណ្តាញព័ត៌មានជាយូរណាស់មកហើយ ដោយសារតែព្រះរាជមាតារបស់ព្រះអង្គម្ចាស់ វីល្លាម គឺម្ចាស់ក្សត្រិយ ដាអាណា (Diana) ដែលទ្រង់បានសោយទីវង្គត់នៅក្នុងគ្រោះថ្នាក់រថយន្ដនៅឆ្នាំ១៩៩៧ នៅពេលដែលមានអ្នកថតរូបជិះម៉ូតូដេញតាមថត។ ព្រះអង្គម្ចាស់វីល្លាម តាំងព្រះទ័យថា នឹងការពារនាង ឃែធើរីន មីដលថុន ពីការយាយីពីបណ្ដាញផ្សាយព័ត៌មានដែលព្រះមាតារបស់ទ្រង់បានជួបប្រទះ។
ក្រុមមេធាវីរបស់ព្រះបរមរាជវាំង ព្រមានអ្នកថតរូបឲ្យថយចេញឆ្ងាយពេលពួកគេចូលទៅជិត។ ព្រះអង្គម្ចាស់ វីល្លាម និងនាង ឃែធើរីន ជួបគ្នាវិញ ហើយនៅខែតុលាឆ្នាំ២០១០ ព្រះអង្គម្ចាស់ វីល្លាម បានស្នើសុំរៀបអាពាហ៍ពិពាហ៍ជាមួយនាងពេលទ្រង់សម្រាកវិសមកាលនៅប្រទេសកេនយ៉ា ដោយបានជូនព្រះទម្រង់ភ្ជាប់ពាក្សរបស់សពព្រះមាតារបស់ទ្រង់ទៅឲ្យនាង។
នាង ឃែធើរីន ឬព្រះអង្គម្ចាស់ក្សត្រី ឃែធើរីន ដែលគេនឹងត្រូវបានស្គាល់ព្រះនាមក្រោយអាពាហ៍ពិពាហ៍ ហៀបនឹងចូលទៅក្នុងពិភពមួយដែលត្រូវបានស្គាល់ថាជារបស់អ្នកមានឯកសិទ្ធមួយចំនួនតូចប៉ុណ្ណោះ។
លោក ដ្យូ លីតថល (Joe Little) ជានិពន្ធនាយកនៃទស្សនាវដ្ដី ម៉ាដ្យេស្ទី (Majesty) ដែលជាទស្សនាវដ្ដី សរសេរអំពីព្រះរាជវង្សានុវង្ស។ លោកនិយាយថា៖
«ខ្ញុំចង់ដឹងថា តើនាងអាចស្រមៃឃើញថា នាងមានព្រឹត្ដិការណ៍នេះកាលដប់ឆ្នាំមុនទេ?។ ខ្ញុំគិតថាអត់ទេ។ ពិតមែនហើយ មានការបែកបាក់គ្នានៅក្នុងរឿងស្នេហាក្នុងព្រះរាជវង្សានុវង្ស។ ហើយពេលគេជាគ្នាវិញ គេមានចំណងស្នេហ៍កាន់តែខ្លាំងជាងមុន។ ខ្ញុំគិតថា នាងឃែធើរីន មានពេលប្រកបដោយមនោរម្មណ៍ជាច្រើន ហើយពេលវេលាបែបនេះសង្ឃឹមថានឹងបន្ដមានក្នុងរយ:ពេលជាច្រើនឆ្នាំតទៅ។
រឿងធំបំផុតដែលនាង ឃែធើរីន ត្រូវប្រឈមនោះគឺការប្រៀបធៀបដោយជៀសមិនផុតរវាងនាង និងព្រះអង្គម្ចាស់ក្សត្រី ដាអាណា។
ម្ចាស់ក្សត្រី ដាអាណា មានព្រះជន្មាយុត្រឹមតែ២០ព្រះវស្សាប៉ុណ្ណោះពេល ព្រះអង្គម្ចាស់ក្សត្រីរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ ឆាលស៍ (Charles)។ ប្រទេសអង់គ្លេស និងប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោកចាប់អារម្មណ៍។
នាងឃែធើរីន ធំដឹងក្ដីនៅក្នុងគ្រួសារមានទ្រព្យសម្បត្ដិ។ ឪពុកម្ដាយរបស់នាងជាមហាសេដ្ឋីដោយមានមុខរបរខ្លួនឯង។ គេមានគេហទំព័រលក់វត្ថុសម្រាប់ពិធីជប់លៀងពីផ្ទះរបស់គេនៅទីក្រុងឡុងដ៍ភាគខាងលិច។ ម្ដាយរបស់នាង ជាអតីតអ្នកទទួលភ្ញៀវលើយន្ដហោះ ហើយមានគ្រួសារជាអ្នកជីករ៉ែធ្យូងហើយនឹងឈ្មួញលក់សាច់។
នៅក្នុងប្រទេសមួយដែលគិតអំពីវណ្ណ:ជានិច្ច មានការនិយាយច្រើនអំពីការដែលនារីមកពីគ្រួសារជារាស្ដ្រសាមញ្ញនឹងត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់។
លោក ដ្យូ លីតថល និពន្ធនាយកទស្សនាវដ្ដីម៉ាដ្យេស្ទី និយាយថា រឿងនេះនឹងនាំផលប្រយោជន៍ទៅថ្វាយព្រះរាជវង្សានុវង្ស។
«នាង ឃែធើរីន គឺជាស្ដ្រីប្រៀបបានទៅនឹងខ្យល់បរិសុទ្ធ។ ខ្ញុំហ៊ាននិយាយថា មួយរយ:មកហើយ គ្មានភាពស្រស់បំព្រងនៅក្នុងព្រះរាជវង្សានុវង្សអង់គ្លេសទេ ហើយយើងនឹងមានភាពស្រស់បំព្រងនេះ»។
ព្រះអង្គម្ចាស់វីល្លាម ស៊ាំនឹងជីវិតមួយប្រៀបបានទៅនឹងត្រីក្រឹមដែលរស់ក្នុងកែវ មិនសូវមានសេរីភាព ក្នុងឋាន:ទ្រង់ជាព្រះអង្គម្ចាស់។ ចំពោះនាង ឃែធើរីន វិញ ដំណើរប្រកបដោយឯកសិទ្ធិដ៏កម្រមាន និងសម្ពាធដែលរង់ចាំនាងនៅពេលខាងមុខនេះ ចាប់ផ្ដើមឡើងបន្ទាប់ពីពិធីអាពាហ៍ពិពាហ៍នេះឯង៕
ប្រែសម្រួលដោយ កង ស៊ីវន