ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​​អាមេរិក​​រង​សម្ពាធ​នៅ​ពេល​ដែល​ការ​រាប់​សន្លឹក​ឆ្នោត​​​នៅ​បន្ត​ជិត​ដល់​ទី​បញ្ចប់


រូបឯកសារ៖ មន្ត្រីប៉ូលិសឃ្លាំមើលរក្សាសន្តិសុខក្នុងបាតុកម្មមួយ ដែលធ្វើឡើងនៅថ្ងៃបោះឆ្នោត ក្នុងទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ មន្ត្រីប៉ូលិសឃ្លាំមើលរក្សាសន្តិសុខក្នុងបាតុកម្មមួយ ដែលធ្វើឡើងនៅថ្ងៃបោះឆ្នោត ក្នុងទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ទោះបី​លោក Joe Biden កាល​ពី​ថ្ងៃ​សៅរ៍ ​ត្រូវ​បានព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធីបតី​អាមេរិក​ឆ្នាំ​ ២០២០ ​ក្តី ក៏​ការ​រាប់​សន្លឹក​ឆ្នោត​ដែល​នៅ​សេស​សល់​ និង​ប្រទាញ​ប្រទង់​គ្នា​ នៅ​តែបន្ត។​

​នៅ​មុន​ការ​ព្យាករណ៍ចុង​ក្រោយ​នេះ មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ទូទាំងសហរដ្ឋ​អាមេរិក​បន្តអំពាវនាវ​កាន់​តែ​ខ្លាំង​ឡើង​ដល់​ប៉ូលិស​និង​ភ្នាក់ងារ​ពង្រឹង​ច្បាប់​សហព័ន្ធ​ ឲ្យ​ជួយ​រក្សា​សន្តិភាព​នៅ​ពេល​ដែល​ចំនួន​សន្លឹក​ឆ្នោត ​ដែល​ត្រូវ​បាន​រាប់​ជិត​ដល់​ទីបញ្ចប់។

ចាប់តាំង​ពី​ទីក្រុង Philadelphia ដល់​ទីក្រុង Phoenix មាន​ការដាក់​ពង្រាយ​មន្ត្រី​ប៉ូលិស​ ដើម្បី​រក្សា​គម្លាតពីគ្នា​រវាង​ពួក​អ្នក​គាំទ្រ​គណបក្ស​ និង​បាតុករ​ពី​ក្រុម​អ្នក​រាប់​សន្លឹក​ឆ្នោត​ នៅ​ខាង​ក្នុង​អគារ​និង​កន្លែង​សំខាន់ៗ​ទៀត។​

រហូត​មកទល់​ពេល​នេះ ការប្រមូល​ផ្តុំ​ទាំងនោះ បាន​ធ្វើ​ឡើង​ដោយ​សន្តិវិធី។ ក៏​ប៉ុន្តែក្រុម​មន្ត្រី​បាន​ព្រមាន​ថា ការ​តានតឹង​កំពុង​ពុះ​កញ្ជ្រោល ​នៅ​មុនប្រទេស​ជាតិបានប្រកាស​អ្នក​ឈ្នះ​បោះឆ្នោត កាល​ពី​ថ្ងៃ​សៅរ៍​នោះ។

លោក Joe Gloria អ្នក​កាន់បញ្ជី​បោះឆ្នោត​នៅ​ក្នុង​ស្រុក Clark នៃ​រដ្ឋ Nevada បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ កាលពី​ថ្ងៃ​សុក្រ​ ដោយ​បាន​សម្តែង​នូវការ​ព្រួយ​កង្វល់​នៅ​ថ្ងៃ​ទី ២​ ជាប់ៗ​គ្នា​ថា៖ «ការណ៍​នេះ​កំពុង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​បុគ្គលិក​របស់​ខ្ញុំ។ ខ្ញុំ​មាន​បុគ្គលិក​ដែល​មាន​ការ​ភ័យ​ខ្លាចចាកចេញ​ពី​អគារ​នៅពេល​ឥឡូវ​នេះ»។

លោក​បាន​និយាយ​សរសើរ​ពី​ការឆ្លើយតបរបស់​កម្លាំង​សន្តិសុខ​ថា​ ជា​ការ​ល្អបំផុត​ថា៖ «យើង​មាន​កងកម្លាំង​ពង្រឹង ច្បាប់​ដ៏ធំ​បូក​ផ្សំ​ជាមួយ​កង​សន្តិសុខ​នៅ​ក្នុង​ស្រុក​របស់​យើង​ ដែល​បាន​ស្ថិត​នៅ​ទីនេះ»។​

ក៏ប៉ុន្តែ​ មិន​មែន​គ្រប់​កន្លែងប្រព្រឹត្ត​ទៅ​រលូន​ទេ។

ក្រុមអ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump និង​ក្រុម​អ្នក​គាំទ្រ​លោក Joe Biden គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក បាន​ប៉ះទង្គិច​គ្នា​មួយ​សន្ទុះ​ក្នុង​អំឡុង​ពេល​នៃ​បាតុកម្ម​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ចូល​ព្រឹក​ថ្ងៃ​សុក្រ​ នៅ​ខាង​ក្រៅ​អគារ​រាប់​សន្លឹក​ឆ្នោត​របស់​សង្កាត់ Maricopa ក្នុង​ក្រុង Phoenix រដ្ឋ Arizona។

ហើយ​នៅ​ក្រុង Philadelphia រដ្ឋ Pennsylvania ​មន្ត្រី​កាលពី​ថ្ងៃ​សុក្រ បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​មក​ពី​រដ្ឋ Virginia ដែល​មាន​កាន់​កាំភ្លើង​ខ្លី​ នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​សន្និបាត​ដែល​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​នៅ​ទីនោះ។

លទ្ធផល​រាប់​សន្លឹក​ឆ្នោត​ចុង​ក្រោយ​ពី​រដ្ឋ​ Pennsylvania នេះ​ បាន​នាំ​ឲ្យ​មាន​ការ​ព្យាករណ៍​ថា​ លោក Biden ឈ្នះ​នៅ​ក្នុង​រដ្ឋ​នេះ​ ហើយដែលធ្វើ​ឲ្យ​គេ​ព្យាករណ៍​ថា ​លោក​បាន​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី៕

XS
SM
MD
LG