ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកអូបាម៉ា​ថ្លែងថា​សភា​ត្រូវ​ធ្វើការ​ជាមួយ​លោក​ដើម្បី​ដោះស្រាយ​រឿង​បំណុល


លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ាប្រជុំ​​ជា​មួយ​ ក្រុម​មេដឹកនាំ​សភា​នៅ​ក្នុង​បន្ទប់​គណ:រដ្ឋ​មន្ដ្រី​នៅ​សេតវិមាន​ ពិភាក្សា​គ្នា​​អំពី​ការ​ខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ឱនភាព នៅ​ថ្ងៃ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។​
លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ាប្រជុំ​​ជា​មួយ​ ក្រុម​មេដឹកនាំ​សភា​នៅ​ក្នុង​បន្ទប់​គណ:រដ្ឋ​មន្ដ្រី​នៅ​សេតវិមាន​ ពិភាក្សា​គ្នា​​អំពី​ការ​ខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ឱនភាព នៅ​ថ្ងៃ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។​

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ មាន​ប្រសាសន៍ថា​មេដឹកនាំ​សភា​ទាំងពីរ​គណបក្ស​ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយ​លោក​ដើម្បី​សម្រេច​ឲ្យបាន​ការសម្រប​សម្រួល​ដ៏ធំ​ជាងគេ​បង្អស់​ដើម្បី​កាត់បន្ថយ​ឱនភាព​ចំណាយ​និង​តម្លើង​កម្រិត​ប្រាក់បំណុល​របស់​ជាតិ។​ លោក​ អូបាម៉ា​បានប្រើ​សន្និសិទ​សារព័ត៌មាន​មួយ​ដើម្បី​ធ្វើការ​គាប​សង្កត់​ទៅលើ​ក្រុម​អ្នក​តាក់តែងច្បាប់​ មុនកិច្ច​ប្រជុំ​ចរចាគ្នាមួយទៀត​នៅ​សេតវិមាន។

លោក​ អូបាម៉ា​មាន​ប្រសាសន៍ថា​ លោក​នឹងជួប​ជាមួយ​មេដឹកនាំ​សភា​សំខាន់ៗ​ជារៀង​រាល់ថ្ងៃ​ រហូត​ដល់​បញ្ហា​ឱនភាព​និង​ប្រាក់បំណុល​ដោះស្រាយ​រួច។​ លោក​ អូបាម៉ា​ និយាយថា​អ្នក​ទាំងអស់គ្នា​នៅតែ​ជឿថា​ ជាការ​មិនអាច​ទទួល​យកបាន​ទេ​ដែលថា​មិន​តម្លើង​ប្រាក់បំណុល​លើសពី​១៤​កណ្តក់​សញ្ញា​៣លាន​លាន​ដុល្លារ​ដែល​លោក​បន្ថែមថា​ មាន​កិច្ចការ​ជាច្រើន​ដែលនៅ​មិនទាន់​ធ្វើ​រួច។

លោក​ អូបាម៉ា​ បានប្រើ​សន្និសិទ​សារព័ត៌មាន​មួយ​ដើម្បី​បញ្ជូនសារ​នេះ​ទៅ​ក្រុម​គណបក្ស​សាធារណរដ្ឋ។

«ខ្ញុំ​ធ្លាប់​បាន​ឮ​ចេញ​ពីមិត្ត​ខាងគណបក្ស​សាធារណរដ្ឋ​ អស់​មួយរយៈ​ពេលហើយ​ថា​ វាជា​ការចាំបាច់​ខាង​សីលធម៌​សម្រាប់​យើង​ ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​ឱនភាព​និងបំណុល​របស់យើង​ នៅក្នុង​វិធីសាស្ត្រ​ប្រាកដ​ប្រជា​មួយ។​ ខ្ញុំ ​ធ្លាប់​បាន​ឮ​ពីពួកគេ​ថា​ នេះ​ជារឿង​មួយ​ដែល​កំពុង​បង្កើត​ភាព​មិន​ប្រាកដ​និង​ទប់ស្កាត់​ការវិនិយោគ​នៅក្នុង​សហគម​ពាណិជ្ជកម្ម។​ ដូច្នេះ​អ្វី​ដែលខ្ញុំ​និយាយ​ទៅកាន់​ពួក​គេ​នោះ​ គឺយើង​ត្រូវ​ចាប់ផ្តើម​ធ្វើហើយ»។

លោក​ អូបាម៉ា​ ក៏បាន​ទទួលស្គាល់​ដែរ​អំពី​ការប្រឆាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ចំពោះ​ការពិចារណា​ឬ​ការរួមបញ្ចូល​ការផ្លាស់ប្តូរ​យ៉ាងធំទូលាយ​ហើយ​ឆាប់​រហ័ស​ណាមួយ​ដែល​ហៅថា​កម្មវិធីសង្គម​ ដូចជា​ប្រាក់​សម្រាប់​ជួយ​ចេញ​ថ្លៃ​ពេទ្យ​ហៅ​ Medicare,​ Medicaid​ និងប្រាក់​សម្រាប់​ចូលនិវត្តន៍​ហៅ​ Social Security។

«ខ្ញុំ​បាន​ត្រៀមខ្លួន​ទទួល​ការរិះគន់​ពី​គណបក្ស​ខ្ញុំ​ដើម្បី​សម្រេច​ការងារ​ឲ្យបាន​ ហើយ​ខ្ញុំ​រំពឹង​ថា​ភាគី​ម្ខាង​ទៀត​ មាន​បំណង​នឹងធ្វើ​ដូចគ្នា​ដែរ​ ប្រសិន​បើពួក​គេចង់​មានន័យ​ដូចអ្វី​ដែល​ពួក​គេ​និយាយ​នោះ។​ រឿងនេះ​សំខាន់​ណាស់»។

លោក​ប្រធានាធិបតី​បាន​អះអាង​ថា​ លោក​និងលោក​John Boehner​ ប្រធាន​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ ចង់បាន​កញ្ចប់​ថវិកា​ចាយវាយ​ដ៏ធំមួយ​ ដែល​អាច​ធ្វើ​ទៅបាន​ ដែល​អាចដោះស្រាយ​បញ្ហា​បំណុល​និងបញ្ហា​ឱនភាព​សម្រាប់​រយៈ​ពេល​យូរមួយ។​ ប៉ុន្តែ​លោក Boehner​ បាន​បោះបង់​កិច្ចប្រឹងប្រែង​ឲ្យបាន​កញ្ចប់​ថវិកា​ធំ​ជាងនេះ​ដែល​ទាក់ទិន​នឹង​ទឹកប្រាក់​ចំនួន​ច្រើន​ជាង​៤លាន​លាន​ដុល្លារ ដែល​រួមចូល​គ្នា​នូវ​ការ​កាត់បន្ថយ​ការចំណាយ​និង​តម្លើង​ប្រាក់​ចំណូល។

នៅ​វិមាន​កាពីតូល​ មុនពេល​លោក​បាន​ចាកចេញ​សម្រាប់​ធ្វើការ​ចរចា​បន្ថែម​ទៀត​នៅ​ឯ​សេតវិមាន​នោះ​ លោក​ Boehner​បានបង្ហាញ​នូវ​ អ្វី​ដែល​លោក​បាន​ហៅថា​”តំបន់​បែងចែក”​ លើ​បញ្ហា​បំណុល​និង​ឧនភាព​នោះ ​នៅតែ​មាន​ធំធេង​នៅឡើយ។

«លោក​ប្រធានាធិបតី​បន្ត​ទទូច​ចង់បាន​ការតម្លើង​ពន្ធដារ​ ហើយ​ឥឡូវនេះ​ពួកគេ​ទើបតែ​ចាត់ទុក​ថា​ការកែទម្រង់​កម្មវិធី​ជា​មូលដ្ឋាន​ ដើម្បី​ដោះស្រាយ​បញ្ហា​ សម្រាប់​អនាគត​ខ្លី​និង​មធ្យម»។

លោក​ Boehner​ បាន​មានប្រសាសន៍​ថា​ លោក​យល់ស្រប​ជាមួយ​លោក​ប្រធានាធិបតី​ថា​សរអា​មិនអាច​អនុញ្ញាត​ឲ្យ​គ្មានសមត្ថភាព​សងបំណុល​ទេ។​ ប៉ុន្តែ​លោក​បាន​កត់សម្គាល់​ថា​សភា​ត្រូវតែ​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ណាមួយ​ដើម្បី​ទប់ស្កាត់​ការបាត់បង់​សមត្ថភាព​នេះ​ ហើយ​លោក​បាន​និយាយ​ថា​សំណើរ​បច្ចុប្បន្ននេះ​មិនអាច​ទទួល​ការអនុម័ត​ពី​សភា​បានទេ។

លោក​ អូបាម៉ា​ បានបញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា​លោក​នឹង​បន្ត​ជម្រុញ​ឲ្យមាន​ការ​ដោះស្រាយ​ធំ​បង្អស់​ដែលអាច​ធ្វើ​ទៅបាន​ ដោយ​និយាយថា​វាអាច​នាំឲ្យ​ងាយ​ស្រួល​ក្នុង​ការដោះស្រាយ​បញ្ហា​ឧនភាព​និង​ការទប់ទល់​បំណុល​ដែល​នាំ​ឲ្យមាន​ផលចំណេញ​ដល់​សេដ្ឋកិច្ច។

ប្រែសម្រួល​ដោយ នុច​ សារីតា

XS
SM
MD
LG