យានអវកាសចម្លងឈ្មោះ អាត្លង់ទិស កំពុងរៀបចំខ្លួនសម្រាប់បេសកកម្មចុងក្រោយក្នុងកម្មវិធីយានចម្លងរបស់សហរដ្ឋអាមេរិក នាខែក្រោយនេះ។ យានិកអាត្លង់ទិសមានសេចក្តីរំភើបនិងធ្វើការសញ្ជប់សញ្ជឹង មុនពេលធ្វើការហោះហើរលើកចុងក្រោយរបស់យានអាវកាសនេះ។
ក្រុមយានិក ដែលដឹកនាំដោយមេបញ្ជាការបេសកកម្ម លោក គ្រីស្តូហ្វ៊័រ ហ្វ៊ើហ្គូសុន (Christopher Ferguson) បានជួបជាមួយក្រុមអ្នកយកព័ត៌មាននៅឯមជ្ឈមណ្ឌលអវកាសខេនណឺឌី (Kennedy Space Center) ក្នុងរដ្ឋហ្ល័ររីដា (Florida)។ លោក ហ្វ៊ើហ្គូសុន អនុសេនីយឯកកងទ័ពជើងទឹកចូលនិវត្តន៍របស់សហរដ្ឋអាមេរិក បាននិយាយថា លោក និងក្រុមយានិករបស់លោកមានអារម្មណ៍ថាជាកាតព្វកិច្ចពិសេស ដែលត្រូវតែធ្វើឲ្យបានល្អ។
«យើងមិនបានជជែកគ្នាអំពីរឿងនេះទេ តែខ្ញុំគិតថា ពួកយើងមានបន្ទុកបន្ថែមដើម្បីធានាឲ្យប្រាកដថា យើងបំពេញកិច្ចការឲ្យបានប្រសើរបំផុតសម្រាប់ការហោះហើរលើកចុងក្រោយក្នុងបេសកកម្មនេះ ហើយក្រុមយានិកមានការត្រៀមខ្លួនយ៉ាងហ្មត់ចត់។ យើងនឹងចេញដំណើរទៅបំពេញការងារឲ្យបានល្អអស្ចារ្យ»។
លោកហ្វ៊ើហ្គូសុន អាកាសយានិក ដឹក ហឺលី (Doug Hurley) និងអ្នកឯកទេសបេសកកម្ម សានឌី ម៉ាកនឹស (Sandy Magnus) និង រ៉េចស៍ វ៉ាល់ហេម (Rex Walheim) នឹងដឹកជញ្ជូនគ្រឿងបន្លាស់ និងគ្រឿងបរិក្ខារទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ក្នុងអំឡុងពេលហោះហើរ។ យានអាត្លង់ទិសក៏នឹងសាកល្បងថាតើការចាក់ប្រេងឥន្ទន:សម្រាប់ផ្កាយរណបនៅលើគន្លងតារាវិថីដោយគ្រឿងយន្ត អាចធ្វើទៅរួចដែរឬទេ ក្នុងអំឡុងបេសកកម្មចំនួន១២ថ្ងៃរបស់ខ្លួន។
យានចម្លងនឹងវិលត្រឡប់មកវិញជាមួយឧបករណ៍បូមឧស្ម័នអាម៉ូនិញ៉ាដែលមិនដំណើរការ ដើម្បីជួយអង្គការណាសា ឲ្យយល់ច្រើនជាងមុនអំពីគ្រឿងយន្តដែលខូច និងធ្វើឲ្យប្រសើរឡើងនូវគំរូប្លង់នៃម៉ាស៊ីនបូមសម្រាប់ប្រព័ន្ធនាពេលអនាគត។
អាត្លង់ទិសគ្រោងធ្វើការហោះហើរនៅថ្ងៃទី៨ ខែកក្កដា ហើយលោកហ្វ៊ើហ្គូសុន ថ្លែងថាលោករំពឹងថាការចុះចតចុងក្រោយនឹងក្លាយជាព្រឹត្តការណ៍ប្រកបដោយការក្តុកក្តួលក្នុងចិត្តខ្លាំងសម្រាប់អ្នករាល់គ្នា ដែលពាក់ព័ន្ធជាមួយកម្មវិធីរបស់យានអវកាសចម្លង។
«ដូចដែលខ្ញុំបាននិយាយរួចហើយ នៅពេលដែលកម្មវិធីនេះបានដល់ទីបញ្ចប់ទាំងស្រុងនៅវគ្គចុងក្រោយ ខ្ញុំគិតថាកម្មវិធីដែលមានទំហំដ៏ធំធេង នឹងធ្លាក់មកលើពួកយើងហើយនឹងធ្វើឲ្យយើងមានអារម្មណ៍ក្ដុកក្ដួល។ អ្នកដឹងទេថាការសម្រេចឲ្យយានអវកាសចម្លងនេះត្រូវឈប់ហោះហើរ គឺកង់ចុងក្រោយរបស់យានអវកាសចម្លងនេះនឹងឈប់វិល នាំឲ្យយើងមានការលំបាកនឹងទទួលយក»។
បេសកកម្មនេះគឺជាកម្មវិធីយានអវកាសចម្លងចុងក្រោយរបស់សហរដ្ឋអាមេរិក។ ក្នុងអំឡុងប្រវត្តិសាស្ត្ររយៈពេល៣០ឆ្នាំរបស់ខ្លួន ក្រុមយានអវកាសចម្លង មានដូចជាខូឡំប៊ីយ៉ា (Columbia) អាត្លង់ទិស (Atlantis) ឆាលេនជឺ (Challenger) ឌីស្កូវ្វ្រី (Discovery) និងអេនឌីវវើរ (Endeavour) បានធ្វើការហោះហើរទៅក្នុងលំហរអាកាស បានចម្ងាយជាង៨២៥លានគីឡូម៉ែត្រ។ យានចម្លងដំបូង ឈ្មោះអិនធើប្រាយ មិនដែលបានហោះហើរទៅក្នុងលំហរអាកាសទេ។
យានចម្លងចំនួនពីរ គឺឆាលេនជឺ និងខូឡំប៊ីយ៉ា និងយានិករបស់យានចម្លងទាំងពីរនេះ បានបាត់បង់។ យានអវកាសឆាលេនជឺ បានផ្ទុះនៅលើជើងទម្របាញ់បង្ហោះ ក្នុងខែមករា ឆ្នាំ១៩៨៦។ យានអាវកាសខូឡំប៊ីយ៉ា ផ្ទុះខ្ទេចតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលចុះចតនៅខែកុម្ភ: ឆ្នាំ២០០៣។
អង្គការណាសាសង្ឃឹមថានឹងចាប់ផ្តើមសាកល្បងយានដាក់ជំនួសយានអវកាសចម្លង ឈ្មោះយានអូរ៉ីយ៉ន ដោយមានក្រុមអាកាសយានិកនៅក្នុងយាននោះ នៅក្នុងឆ្នាំ២០១៣៕
ប្រែសម្រួលដោយ លី សុខឃាង