លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលថៃជាប់ឆ្នោតថ្មីខាងមុខនេះនឹងប្រើយន្តការច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។
ប្រទេសកម្ពុជានិងប្រទេសថៃ បានវាយប្រយុទ្ធគ្នាជាច្រើនលើកនៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ បន្ទាប់ពីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាត្រូវបានចុះក្នុងបញ្ចីបេតិកភ័ណ្ឌពិភពលោកកាលពីខែកក្កដា ឆ្នាំ២០០៨ ដោយសារប្រទេសថៃអះអាងថាដីទំហំ ៤,៦គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទ ជាកម្មសិទ្ធិរបស់ថៃ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងការបើកការដ្ឋានស្តារផ្លូវនៅក្នុងខេត្តកំពង់ស្ពឺយ៉ាងដូច្នេះថា៖
«ខ្ញុំសង្ឃឹមថារដ្ឋាភិបាលក្រោយការបោះឆ្នោតថ្ងៃទី៣ ខែកក្កដានេះ នឹងអាចដោះស្រាយបានបញ្ហាផ្ទៃក្នុង របស់ខ្លួនឯងផងហើយមិននាំចេញជម្លោះទៅខាងក្រៅ ហើយដោះស្រាយជម្លោះជាមួយអ្នកជិតខាងរបស់ខ្លួន»។
ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃនៅក្បែរប្រាសាទព្រះវិហារដែលប្រទេសកម្ពុជាបានដាក់សំណើរទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យបកស្រាយសាលក្រមស្តីពីប្រាសាទព្រះវិហារនៅថ្ងៃទី២៧ខែមេសា ជាមធ្យោបាយដោះស្រាយតាមផ្លូវច្បាប់។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ជម្លោះនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី បើសិនដោះស្រាយមិនដាច់ស្រេច រដ្ឋាភិបាលថៃក្រោយការបោះឆ្នោត យើងអាចបបួលគ្នាឡើងទៅតុលាការទៀត។ មានតែវិធីបែបហ្នឹងទេដែលវាស្រួល»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថាប្រទេសកម្ពុជាប្រាថ្នាចង់មានព្រំដែនសន្តិភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃដូចប្រទេសកម្ពុជាមានជាមួយប្រទេសវៀតណាមនិងប្រទេសឡាវ។
«ខ្ញុំសុំមិត្តឡាវ មិត្តភូមាសូមកុំភាន់ច្រឡំ វ៉ៃកម្ពុជា។ បើថៃវ៉ៃកម្ពុជាបានសម្រេច អស់លោកក៏រងគ្រោះដែរ។ ខ្ញុំប្រាប់អស់លោកឱ្យហើយទៅ។ ជាសារមួយបញ្ចូនប្រាប់ថាគេបង្ក្រាបកម្ពុជាបាន។ ថ្ងៃក្រោយគេនឹងបង្ក្រាប ឡាវ និងភូមា»។
កងទ័ពនៃប្រទេសកម្ពុជា និងប្រទេសថៃនៅតាមបណ្តោយព្រំដែន និងការវាយប្រយុទ្ធគ្នារឿយៗបានកើតមានឡើង ដែលបានសម្លាប់កងទ័ព និងជនស៊ីវិលនៃភាគីទាំងពីរ។
ការវាយប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបានផ្ទុះឡើងពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា នៅប្រាសាទតាមាន់ និង ប្រាសាទតាក្របីក្នុងខេត្តឧត្តរមានជ័យដែលបានសម្លាប់ មនុស្ស១៩នាក់នៃភាគី ទាំងពីរ និងជនស៊ីវិលប្រមាណ១០០ ០០០បានរត់គេច ចេញពីផ្ទះសម្បែងទៅរកកន្លែងសុវត្ថិភាព។
ប្រទេសកម្ពុជា និងប្រទេសថៃបានសុខចិត្តទទួលយកអ្នកសង្កេតការណ៏ឥណ្ឌូនេស៊ី មកត្រួតពិនិត្យមើលបទឈប់បាញ់គ្នានៅតំបន់ព្រំដែន នៅថ្ងៃទី២២ ខែកុម្ភៈ នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុង Jakarta។ ប៉ុន្តែភាគីថៃបានទាមទារឱ្យដកកងទ័ព និងប្រជាពលរដ្ឋកម្ពុជា ចេញពីតំបន់ជម្លោះ៤,៦ គីឡូម៉ែត្រ ការ៉េនៅក្បែរប្រាសាទព្រះវិហារ ដែលកម្ពុជាបានបដិសេធ៕