សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបានសើរើឡើងវិញនូវធម្មនុញ្ញនៃគណបក្សនយោបាយតែមួយរបស់ខ្លួន ប្រហែលជាមានគោលបំណងនឹងធ្វើឲ្យមានភាពរលូនដល់ការផ្ទេរអំណាចពីឪពុកទៅកូន នៅក្នុងប្រទេសកុម្មុយនិស្តឯកោពីគេនោះ។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ លោក ស្ទីវ ហឺមឹន ( Steve Herman) ទទួលបានឯកសារនេះដែលមិនទាន់ផ្សព្វផ្សាយជូនសាធារណជនទាំងនៅក្នុង និងនៅក្រៅប្រទេសកូរ៉េខាងជើង ហើយរាយការណ៍ពិស្ដារអំពីរឿងនេះ។
ក្រុមអ្នកជំនាញអំពីប្រទេសកូរ៉េខាងជើងនិយាយថា ធម្មនុញ្ញរបស់គណបក្សកម្មករកូរ៉េ ដែល វីអូអេទទួលបាន ហាក់ដូចជាបង្កើតឡើងដើម្បីរៀបចំឲ្យមានក្របខណ្ឌការងារសម្រាប់ឲ្យកូនប្រុសគឹម ចុង អ៊ុនឡើងកាន់អំណាចជំនួសឳពុកគឹម ចុងអ៊ីល។
ការសើរើធម្មនុញ្ញនោះរៀបចំឡើងនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំមុន នៅចំពេលដែលតំណាងប្រតិភូគណបក្សជួបប្រជុំគ្នានាទីក្រុងព្យុងយ៉ាង។ បន្ទាប់មក ទីភ្នាក់ងារសារព័ត៌មានរដ្ឋកាន់កាប់បានប្រកាសថា ធម្មនុញ្ញនោះបានត្រូវសើរើឡើងវិញដើម្បីពង្រឹងថ្នាក់ដឹកនាំរបស់គណបក្ស ហើយនិងលើកតម្កើងមុខនាទីរបស់ខ្លួននៅក្នុងកងទ័ព។
គេមិនបានបញ្ជាក់អំពីរឿងនេះដោយលម្អិតទេ ហើយធម្មនុញ្ញថ្មីក៏មិនបានត្រូវផ្សព្វផ្សាយប្រាប់សាធារណជនដែរ។
អ្នកជំនាញអំពីប្រទេសកូរ៉េខាងជើង រាប់បញ្ចូលសហគមន៍ស៊ើបការណ៍សម្ងាត់ផងដែលបានមើលឃើញធម្មនុញ្ញនោះ និយាយថា គេមិនមានការសង្ស័យថា វាមិនមែនជាធម្មនុញ្ញពិតប្រាកដនោះទេ។
មន្ដ្រីរដ្ឋការ និងអ្នកវិភាគនយោបាយនៅក្នុងរដ្ឋធានីសេអ៊ូលនិយាយថា ការផ្លាស់ប្ដូរមួយនៅក្នុងធម្មនុញ្ញបានអនុញាតឲ្យប្រធានគណបក្សគ្រប់គ្រងមកលើគណៈកម្មការកណ្ដាលរបស់យោធាដើម្បីធានាថា មនុស្សម្នាក់អាចកាន់កាប់កិច្ចការទាំងអស់របស់យោធាផង និងកិច្ចការទាំងអស់របស់រដ្ឋផង។ លោកគឹម ចុងអ៊ុន ដែលមានអាយុប្រមាណជាង២០ឆ្នាំ បានកាន់មុខនាទីជាសហប្រធានគណៈកម្មការជាមួយនាយអគ្គសេនាធិការយោធាអាយុ៦៨ឆ្នាំ គឺសេនាប្រមុខ រី យ៉ុងហូ។
លោកចុង ស៊ាងចាង អ្នកស្រាវជ្រាវថ្នាក់ខ្ពស់នៃវិទ្យាស្ថាន ស៊ីជុង ដែលសិក្សាអំពីនយោបាយការពារប្រទេស និងនយោបាយការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង និយាយថា ការផ្លាស់ប្ដូរនេះមានន័យថា គឹម ចុងអ៊ុនមានអំណាចគ្រប់សព្វ ដើម្បីគ្រប់គ្រងយោធា និង ប្រទេស បើសិនឪពុកទទួលមរណភាពឆាប់រហ័ស។
លោកជុងបានរំឭកអំពីមេដឹកនាំចិនម៉ៅ សេទុង ដែលបានអំណាចពីចុងកាំភ្លើង។ ដូចគ្នាដែរ នៅក្នុងប្រព័ន្ធសង្គមនិយមកូរ៉េខាងជើង ការត្រួតត្រាមកលើយោធាជាការសម្រេចដាច់ណាត់។ លោកជុងនិយាយថា ដោយមានការសើរើឡើងវិញនូវធម្មនុញ្ញរបស់គណបក្ស លទ្ធផលគឺគេបានធ្វើការសម្រេចនយោបាយរួចទៅហើយដោយផ្ដល់ឲ្យលោកគឹម ចុងអ៊ុន នូវការត្រួតត្រាមកលើយោធា។
ប្រទេសកូរ៉េខាងជើងអនុវត្ដអ្វីមួយហៅថា “នយោបាយយោធាជាអាទិភាពទីមួយ”
ដោយផ្ដល់ឲ្យកងទ័ពជាតិប្រដាប់អាវុធនូវមុខនាទីសំខាន់ជាងគេនៅក្នុងសង្គម ហើយមានន័យថា អ្នកដែលត្រួតត្រាយោធាអាចគ្រប់គ្រងមកលើប្រទេសដែរ។
ព្យុងយ៉ាងមានកងទ័ពអចិន្ដ្រៃយ៍ដ៏ធំជាងគេបង្អស់ក្នុងពិភពលោកគឺមានទាហានពាក់ឯកសណ្ឋានជាងមួយលាននាក់។ កូរ៉េខាងជើងក៏បានអភិវឌ្ឍអាវុធនុយក្លេអែរដែរ ទោះបីខ្លួន បានសច្ចាកាលពីអតីតកាលថានឹងមិនធ្វើអាវុធបរិមាណូក៏ដោយ។
អតីតទីប្រឹក្សារបស់ក្រសួងការបរទេស សរអ ខាងកិច្ចការ កូរ៉េខាងជើងគឺសាស្រ្ដាចារ្យ បលប៊ីណា ហ្វាង(Balbina Hwang) ធ្វើការឲ្យសាកលវិទ្យាល័យខាងកិច្ចការការពារប្រទេស ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា មានអ្វីផ្សេងដែលអាចបកស្រាយបានទៀតនៅក្នុងធម្មនុញ្ញនោះ។
«នេះជារដ្ឋាភិបាលមួយដែលមានស្ថាប័ន និងបទបញ្ជា ទោះបីជាបានត្រូវគ្រប់គ្រងដោយអំណាចផ្ដាច់ការក៏ដោយ។ តែការពិត គេមានរឿងនយោបាយផ្ទៃក្នុងនៅក្នុងសង្គមនោះ។ តែសង្គមនោះមិនមែនត្រូវរូវគ្នាទាំងអស់ទេ។ គេឃើញមានក្រុមនិយមប្រយោជន៍ផ្សេងៗ។ ទោះជាមានច្បាប់ធ្វើឡើងជាឡប់ឡែក៏ដោយ វាក៏មានន័យច្រើនដែរ»។
កូនប្រុសពៅរបស់លោកគឹម ចុងអ៊ីល ជាបុរសម្នាក់មិនសូវគេស្គាល់ច្រើនទេនៅក្នុងប្រទេសកូរ៉េខាងជើង ហើយទើបតែនៅឆ្នាំមុន ជននោះក៏ចេញមុខឲ្យគេស្គាល់នៅពេលគាត់បានត្រូវតែងតាំងជាឧត្ដមសេនីយ៍ផ្ដាយបួន។ ចាប់តាំងពីពេលនោះមក បណ្ដាញព័ត៌មានរដ្ឋបាន បង្ហាញរូបគឹម ចុងអ៊ុន ជាញឹកញាប់ នៅពេលមានពិធីបុណ្យធំៗ ដោយលោកឈរទន្ទឹមជាមួយឪពុករបស់លោក។
ពលរដ្ឋរបស់កូរ៉េខាងជើង នៅពុំទាន់ដឹងអំពីការផ្លាស់ប្ដូរ នៅក្នុងធម្មនុញ្ញរបស់គណបក្សទេ។ បណ្ដាញព័ត៌មានរដ្ឋ ដែលគេតាមឃ្លាំមើលនៅក្រៅប្រទេសកូរ៉េខាងជើង មិនទាន់រាយការណ៍ពិស្ដារ ឬផ្សព្វផ្សាយធម្មនុញ្ញថ្មីនោះទេ។
ក្រុមអ្នកជំនាញអំពីកូរ៉េខាងជើងនិយាយថា នេះជាសញ្ញាមួយបង្ហាញថា លោកគឹម ចុងអ៊ិល ធ្វើការដោយប្រុងប្រយ័ត្ន ពីព្រោះមានការមន្ទិលសង្ស័យនៅក្នុងប្រទេស និងនៅក្រៅប្រទេសអំពីការផ្ទេរអំណាចក្នុងគ្រួសារបីជំនាន់មនុស្សទៅហើយ។ លោកគឹម ចុងអ៊ីលបានឡើងកាន់អំណាចជំនួសឪពុកគឹម អ៊ិលស៊ុង មេដឹកនាំប្រទេសកូរ៉េខាងជើងដំបូងគេបង្អស់។
ប្រទេសកូរ៉េខាងជើង ជាប្រទេសមួយក្រីក្រជាងគេបង្អស់ក្នុងពិភពលោក។ តាមបច្ចេកទេស ប្រទេសនោះមានសង្រ្គាមជាមួយប្រទេសកូរ៉េខាងត្បូងដែលមានសេដ្ឋកិច្ចលូតលាស់ ចាប់តាំងពីបទឈប់បាញ់គ្នាបានបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ១៩៥៣មក៕
ប្រែសម្រួលដោយ អ៊ូ ធួក