មេដឹកនាំភេរវកម្ម អូសាម៉ា ប៊ិន ឡាដិន ត្រូវបានសម្លាប់ ប៉ុន្តែអង្គការភេរវកម្មរបស់គាត់អាចនៅតែជាការគំរាមកំហែង។ ក្រោយពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១មកសហរដ្ឋអាមេរិកបានផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួនមកផ្តោតការយកចិត្តទុកដាក់លើសង្គ្រាមប្រឆាំងអំពើភេរវកម្មខ្លាំងជាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ក្រុមអ្នកវិភាគបាននិយាយនៅថ្ងៃពុធនេះថា សេរីភាពស៊ីវិលនិងសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោកត្រូវបានធ្លាក់ចុះដោយសារការព្រួយបារម្ភផ្នែកសន្តិសុខរបស់អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។
ការឆ្លើយតបរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ មានផលវិបាកអវិជ្ជមានសម្រាប់ចលនាសិទ្ធិមនុស្សនៅទូទាំងពិភពលោក។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកមានដំណើរវែងឆ្ងាយដើម្បីឱ្យទទួលបានអំណាច សីលធម៌ដែលបានបាត់បង់កាលពី១០ឆ្នាំមុន។ លោក អ៊ូ វីរៈ បានបន្តថា ចំពោះការស្លាប់អូសាម៉ា ប៊ិន ឡាដិន ត្រូវបានសង្ឃឹមថា អាមេរិកយកឱកាសនេះ ដើម្បីបិទទំព័រព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា និងផ្តល់អាទិភាពដល់ការគោរពសិទ្ធិមនុស្ស សេរីភាពស៊ីវិល និងនីតិរដ្ឋ។ លោក អ៊ូ វីរៈ បានបន្ថែមថា អំពើភេរវកម្មបានចងភ្ជាប់ទំនាក់ទំនងថ្មីរវាងអាមេរិកនិងកម្ពុជា។ លោក វីរៈ បានប្រាប់វីអូអេខ្មែរថា៖
«ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១១មក អាមេរិកព្យាយាមសហការជាមួយរដ្ឋាភិបាលកម្ពុជាដោយផ្តោតទៅលើតែរឿងភេរវកម្ម ប៉ុន្តែគិតតិចតួចអំពីបញ្ហាសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកបានកែប្រែគោលនយោបាយរបស់ខ្លួនចំពោះកម្ពុជា ហើយមកដល់ពេលនេះ សហរដ្ឋអាមេរិកសុខចិត្តធ្វើជាមិត្តរបស់កម្ពុជាក្នុងការសហការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ អញ្ចឹងហើយ គោលនយោបាយក្នុងការគាំទ្រលទ្ធិប្រជាធិបយ្យេ និងសិទ្ធិមនុស្សមានការធ្លាក់ចុះ»។
លោកឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព បានថ្លែងថា ទំនាក់ទំនងអាមេរិក-កម្ពុជាត្រូវបានពង្រឹងតាមរយៈកិច្ចខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្មដែលបានផ្តួចផ្តើមគំនិតនិងគាំទ្រដោយអាមេរិក។
«សហរដ្ឋអាមេរិកបានជួយបច្ចេកទេសនិងចំណេះដឹងផ្សេងៗដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ យើងបានបង្កើតនាយកដ្ឋានប្រឆាំងអំពើភេរវកម្មដែលមានការគាំទ្រពីសហរដ្ឋអាមេរិក។ ដូច្នេះ ភេរវកម្មបានជួយឱ្យទំនាក់ទំនងអាមេរិក-កម្ពុជាជិតស្និទ បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។»
លោក ឈាង វណ្ណារិទ្ធ បានបន្តថា អាមេរិកបានចាត់ទុកកម្ពុជាថាជាដៃគូដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មតាមរយៈការគាំទ្រសមត្ថភាព និងបច្ចេកទេសបូករួមនឹងការចែករំលែកព័ត៌មានសម្ងាត់។
«ចាប់ពីឆ្នាំ២០០១មក យើងឃើញថា ភេរវកម្មគឺជាផ្នែកមួយនៃផលប្រយោជន៍របស់អាមេរិក ហើយក៏ជាអាទិភាពមួយនៅក្នុងគោលនយោបាយការបរទេសអាមេរិក។ ប៉ុន្តែយើងត្រូវយល់ថា ចំពោះតម្លៃនៃនយោបាយការបរទេសសហរដ្ឋអាមេរិកនៅតែភ្ជាប់ទៅនឹងការគោរពសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកអនុវត្តទាំងគោលនយោបាយប្រឆាំងអំពើភេរវកម្ម និងការគោរពសិទ្ធិមនុស្ស។ ចំពោះកម្ពុជា សហរដ្ឋអាមេរិកនៅតែផ្តោតការយកចិត្តទុកដាក់ទាំងវិស័យប្រឆាំងអំពើភេរវកម្ម និងទាំងវិស័យសិទ្ធិមនុស្ស»។
លោកសុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកអាចផ្លាស់ប្តូរការបំពានសិទ្ធិមនុស្សក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ បន្ទាប់ពីអូសាម៉ា ប៊ិន ឡាដិន ត្រូវបានសម្លាប់។ លោក សំអឿន ថ្លែងដូច្នេះថា៖
«សហរដ្ឋអាមេរិកនឹងត្រូវតែប្រឹងប្រែងខ្លួនឯង ដើម្បីបង្ហាញពិភពលោកអំពីភាពជាគំរូសម្រាប់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកត្រូវតែបង្កើតបច្ចេកទេស ឬវីធិសាស្ត្រ មធ្យោបាយផ្សេងៗសម្រាប់ជនសង្ស័យភេរវករ ឬអ្នកទោស ដើម្បីជៀសវាងការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្ស។ ប៊ិន ឡាដិនស្លាប់ហើយ។ ខ្ញុំគិតថា សហរដ្ឋអាមេរិកត្រូវធ្វើការកែលម្អប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។ អាមេរិកនឹងមិនផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទេ ពីព្រោះ ប៊ិនឡាដិន បានស្លាប់ ប៉ុន្តែអង្គការភេរវកម្មរបស់គាត់មិនទាន់បានស្លាប់ទាំងស្រុងទេ»។
ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ប៊ិន ឡាដិន ស្លាប់ហើយ តែអង្គការចាត់តាំងរបស់ប៊ិន ឡាដិន ឬអង្គការភេរវកម្មទាំងអស់ក្នុងសាកលលោកមិនទាន់រលាយនៅឡើយ។
«ខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការពីមុខយើងនៅតែពង្រឹង។ កិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចរបស់យើងជាមួយសមត្ថកិច្ចតំបន់ និងពិភពលោក ជាពិសេសសហរដ្ឋអាមេរិក ដើរតួនាទីសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងពិភពលោក។ យើងត្រូវប្រុងប្រយ័ត្នចំពោះអំពើភេរវកម្ម»។
ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបន្តថា កម្ពុជាបានទទួលផលប្រយោជន៍ច្រើនណាស់ពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្មជាមួយអាមេរិក ដូចជាការកាត់ទោសចលនាកងទ័ពសេរីជាតិកម្ពុជាដែលជាអង្គការភេរវកម្មដឹកនាំដោយឈុន យ៉ាសិទ្ធិ និងការចាប់ខ្លួនមេភេរវកម្មហាំបាលី។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា កម្ពុជានៅតែរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនេះដដែល៕