ជនប្រដាប់អាវុធបានធ្វើឲ្យសមាជិកសភាគណបក្សប្រឆាំងម្នាក់រងរបួសនៅក្នុងការបាញ់ប្រហារដោយការជិះម៉ូតូនៅក្នុងរដ្ឋធានីនៃប្រទេសថៃដែលពួកមេដឹកនាំគណបក្សប្រឆាំងនិយាយថាជំរុញឡើងដោយរឿងនយោបាយ។ ការវាយប្រហារបានកើតមានឡើងនៅពេលដែលប្រទេសនោះរៀបចំធ្វើការបោះឆ្នោតជាតិនៅក្នុងខែមិថុនា។
លោក Pracha Prasobdee សមាជិកសភាគណបក្សប្រឆាំងថៃបានធ្វើដំណើរក្នុងរថយន្តរបស់លោកនៅខាងក្រៅរាជធានីបាងកកនៅពេលដែលពួកជនប្រដាប់អាវុធជិះម៉ូតូបានបើកការបាញ់ប្រហារធ្វើឲ្យលោករងរបួស។ សេចក្តីរាយការណ៍ប្រាប់ឲ្យដឹងថាការរងរបួសរបស់លោក Bracha មិនគំរាមកំហែងដល់អាយុជីវិតទេ។
ការបាញ់សមាជិកគណបក្សប្រឆាំងភឿថៃបានកើតមានឡើងភ្លាមៗបន្ទាប់ពីលោក Abhisit Vejjajiva បានរំលាយសភាជាន់ទាបមុនពេលការបោះឆ្នោតទូទៅនៅថ្ងៃទី៣ខែមិថុនា។
អ្នកស្រី Naruemol Thandamrong ដែលត្រូវជាប្អូនស្រីរបស់លោកនិងជាសហសេវិកនិងសមាជិកសភាដែរនោះ បានប្រាប់បណ្តាញផ្សាយព័ត៌មានក្នុងស្រុកថា អ្នកស្រីជឿជាក់ថាការវាយប្រហារនេះមានជាប់ទាក់ទិននិងនយោបាយ។
ក្នុងការបោះឆ្នោតថ្ងៃទី៣ ខែមិថុនា ពួកអ្នកបោះឆ្នោតនឹងជ្រើសរើសសមាជិកសភា៣៧៥នាក់ហើយនឹង១២៥ផ្សេងទៀត នឹងត្រូវតែងតាំងដោយគណបក្សនយោបាយនាៗនៅក្នុងប្រទេសនៅក្នុងការបោះឆ្នោតមួយដែលគេរំពឹងថាមានការប្រកួតប្រជែងដ៏ក្តៅគគុក។
គណបក្សភឿថៃ បានត្រូវគាំទ្រដោយអតីតនាយករដ្ឋមន្រ្តី Thanksin Shinawatra ដែលត្រូវបានបណ្តេញចេញពីតំណែងនៅឆ្នាំ២០០៦ដោយរដ្ឋប្រហារយោធា។ ក្រោយមកលោកបានប្រឈមមុខការចោទប្រកាន់ហើយបានត្រូវកាត់ឲ្យជាប់គុករយៈពេល២ឆ្នាំ។ លោកបានរត់គេចខ្លួនចេញពីប្រទេសមុនពេលការប្រកាសសាលក្រម ក៏ប៉ុន្តែប្រជាប្រីយភាពរបស់លោកនៅតែមានជាដដែល។
លោក Chris Baker ជាអ្នកធ្វើអត្ថាធិប្បាយនិងអ្នកនិពន្ធស្តីពីនយោបាយប្រទេសថៃនិយាយថាអំពើហិង្សាខាងនយោបាយទំនងជាកើនឡើងមុនពេលការបោះឆ្នោតដូចការកើនឡើងអំពើហិង្សាខាងការបោះឆ្នោតកាលពីពេលថ្មីៗនេះ។ លោក Baker និយាយថាអំពើហិង្សាបានឡើងខ្ពស់បំផុតក្នុងពេលបោះឆ្នោតកាលពីពេលថ្មីៗនេះ។
«អំពើហិង្សាប្រាកដជាបានកើនឡើងយ៉ាងខ្លាំងនៅក្រោមលោក Thaksin ដែលការបោះឆ្នោតបានក្លាយជាការមានសារៈសំខាន់បំផុតហើយមនុស្សបានចាប់ផ្តើមសម្លាប់គ្នា។ ខ្ញុំមិនគិតថាយើងនឹងមានភាពធូស្រាលទេ។ យើងនឹងឃើញមានអំពើហឹង្សាច្រើន»។
គណបក្សផឿថៃក៏ត្រូវបានទទួលការគាំទ្រពីគណបក្សរណៈសិរ្សប្រជាធិបតេយ្យដែលលម្អៀងខាងលោក Thaksin ដែលគេស្គាល់ថាជាពួកអាវក្រហមដែលបានដឹកនាំបាតុកម្មនៅតាមផ្លូវក្នុងឆ្នាំ២០០៩និងឆ្នាំ២០១០នៅក្នុងការប៉ុនប៉ងមួយដើម្បីបង្ខំរដ្ឋាភិបាល Abhisit ដែលកំពុងកាន់អំណាចឲ្យចេញពីអំណាច។ ពួកគេ បានចោទប្រកាន់រដ្ឋាភិបាលថាខុសច្បាប់ ពីព្រោះតែរដ្ឋាភិបាលនេះគាំទ្រដោយពួកយោធា។ រដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់នេះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន