ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​ជំរុញ​បេក្ខភាព​ស្រ្តី​សម្រាប់​ការបោះឆ្នោត​ឃុំ-សង្កាត់


តាម​ការ​ឱ្យ​ដឹង​គឺ​ចំនួន​ស្រ្តី​ក្នុង​តួនាទី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​ការ​កើន​ឡើង​ពី​ការ​បោះ​ឆ្នោត​មួយ​ទៅ​ការបោះ​ឆ្នោត​មួយ។​ ក្នុង​ការបោះ​ឆ្នោត​ឆ្នាំ​២០០៧ ​កន្លង​ទៅ​នេះ​ ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាស្រ្តី​មាន​ចំនួន​១៥​ភាគ​រយ​នៃ​ចំនួន​ក
តាម​ការ​ឱ្យ​ដឹង​គឺ​ចំនួន​ស្រ្តី​ក្នុង​តួនាទី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​ការ​កើន​ឡើង​ពី​ការ​បោះ​ឆ្នោត​មួយ​ទៅ​ការបោះ​ឆ្នោត​មួយ។​ ក្នុង​ការបោះ​ឆ្នោត​ឆ្នាំ​២០០៧ ​កន្លង​ទៅ​នេះ​ ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាស្រ្តី​មាន​ចំនួន​១៥​ភាគ​រយ​នៃ​ចំនួន​ក

គណបក្ស​នយោបាយ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ជំរុញ​ឱ្យ​មាន​បេក្ខភាព​ស្រ្តីឱ្យ​បាន​ច្រើន​នៅក្នុង​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​ ហើយ​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ក្តី​សង្ឃឹម​ថា​ ចំនួន​ស្រ្តី​ជាប់​ឆ្នោត​ជា​សមាជិកក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នឹង​កើន​ឡើង​បាន​ជិត​ពីរ​ដងច្រើន​ជាងតួលេខ​នា​ពេល​បច្ចុប្បន្ន។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០១២​ខាងមុខ​នេះ​ដែល​នេះ​ជា​ការបោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​លើក​ទីបី​ជារៀងរាល់​ប្រាំ​ឆ្នាំ​ម្តង។

លោកស្រី​មូរ សុខហួរ​ អ្នក​តំណាងរាស្រ្តនិង​ជា​ប្រធាន​ចលនា​ស្ត្រី​នៃ​គណបក្ស​សម រង្ស៊ី​ បាន​បញ្ជាក់​ថា​ គណបក្ស​របស់​លោក​ស្រី​កំពុង​ធ្វើ​ចលនា​យ៉ាង​សកម្ម​ដើម្បី​ជំរុញ​ស្រ្តី​ឱ្យ​មាន​សេចក្តី​ក្លាហាន​ដើម្បី​ឈរ​ឈ្មោះ​ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​និង​ត្រូវ​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ។​ លោកស្រី​ថ្លែងថា៖

«បើសិន​ជាយើង​មើល​អំពី​បញ្ហា​ប្រជាពលរដ្ឋ​គឺ​យើង​ឃើញ​ថា​ មាន​បញ្ហា​ធំធេង​ណាស់។ ​បញ្ហា​ធំ​គឺ​បញ្ហា​ដីធ្លី ​ភាព​ក្រីក្រ​ ការអត់​ការងារ​ធ្វើ​ ការ​ខ្វះខាត​នូវ​ការអប់រំ។ ​នេះ​ឃើញ​ថា​ យើង​ជាស្រ្តី​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ស្រ្តី។​ អញ្ចឹង​យើង​ត្រូវ​តែ​ចូលក្នុង​ឆាក​នយោបាយ​ ហើយ​ឆាក​នយោបាយ​ដើម្បី​អ្វី? មែនទែន​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ​ បញ្ហា​ស្រ្តី​ហ្នឹង​ឯង។​ហើយ​យើង​ត្រូវ​ចាប់ផ្តើម​តាំង​ពី​ថ្នាក់​មូលដ្ឋាន​គឺ​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ដែល​នឹង​មក​ដល់​ក្នុង​ខែ​៦​ឆ្នាំ​២០១២​ខាងមុខ​នេះ»។

សម្រាប់​យុទ្ធសាស្រ្ត​របស់​គណបក្ស​សម​ រង្ស៊ី​គឺ​ការ​ផ្តល់​ការបណ្តុះ​បណ្តាល​ស្រ្តី​ ឱ្យ​ចេះ​និយាយ​នៅ​មុខ​ហ្វូង​មហា​ជន​និង​ជំនាញ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​នៅក្នុង​មូលដ្ឋាន​របស់​ពួកគេ។

សម្រាប់​គណបក្ស​សិទ្ធិ​មនុស្ស​គឺ​អាទិភាព​បាន​ទៅ​ស្រ្តី​ បើសិនជា​បេក្ខជន​បុរស​និង​ស្រ្តី​មាន​សមត្ថភាព​ស្មើគ្នា​ និង​មានគ្រប់​លក្ខណៈ​សម្បត្តិ​ដែល​គណបក្ស​បានកំណត់​ដូចគ្នា។

លោក​កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ បាន​បញ្ជាក់​ថា៖

«យើង​យក​តាមឆន្ទៈ​របស់​ប្រជាពលរដ្ឋ​មិនមែន​យកឆន្ទៈ​របស់​មនុស្ស​មួយ​ក្រុម​ណា​ទេ​គឺ​តាម​ឆន្ទៈ​អ្នក​មូលដ្ឋាន។ ​អ្នកមូលដ្ឋាន​គេ​មើល​ឃើញ​អ្នកណា​ដែល​មានសមត្ថភាព​ ទោះបី​អ្នកនោះ​ស្រ្តី​ក៏ដោយ ​បុរស​ក៏ដោយ​ យើង​អត់មាន​រើសអើង​ទេ។ ​បើសិន​អ្នក​ហ្នឹង​មាន​គុណភាព​គ្រប់គ្រាន់​ មាន​សមត្ថភាព ​មាន​គុណធម៌ ​មានគោលជំហរ​ច្បាស់លាស់​នោះ​ គេ​ស្នើ​មក​យើង​យល់​ព្រម។ ​ហើយ​បើសិន​ពិន្ទុ​ស្មើគ្នា​ យើង​ឱ្យ​អាទិភាព​ទៅ​លើ​ស្រ្តី»។

លោកស្រី​ហូ ណូន ​ប្រធាន​គណៈកម្មការ​សុខាភិបាល ​សង្គមកិច្ច ​ការងារ​និង​កិច្ចការ​នារី​នៃ​រដ្ឋសភា​ និង​ជាសមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បានបញ្ជាក់​ថា​ គណបក្ស​របស់​លោកស្រី​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​ជំរុញ​ស្រ្តី​ចូល​ក្នុង​ឆាកនយោបាយ​ ជាពិសេស​ក្នុង​ការបោះឆ្នោត​នៅ​មូលដ្ឋាន​ ក្នុង​ពេល​ខាង​មុខ​នេះ។

«គណបក្ស​ប្រជាជន ​បើ​ថា​ សន្យា​គឺ​ធ្វើ។ បើ​ថា​ ជំរុញ​ស្រ្តី​គឺ​ថា​ យើង​មាន​ការ​កើន​ឡើង​ច្រើន​ណាស់​តាំង​ពី​ជួរ​តំណាង​រាស្រ្ត​ តាំង​ពីជួរ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គឺ​យើង​បាន​ដាក់​ផែនការ​តែ​ហ្មង​ថា​ ត្រូវ​តែ​បាន​ប៉ុន្មាន​ភាគរយ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​បាន​ ពីព្រោះ​ថ្នាក់​លើ​លោក​យក​ចិត្ត​ទុក​ដាក់​ណាស់​ចំពោះ​ស្រ្តី»។

តាម​ការ​ឱ្យ​ដឹង​គឺ​ចំនួន​ស្រ្តី​ក្នុង​តួនាទី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មាន​ការ​កើន​ឡើង​ពី​ការ​បោះ​ឆ្នោត​មួយ​ទៅ​ការបោះ​ឆ្នោត​មួយ។​ ក្នុង​ការបោះ​ឆ្នោត​ឆ្នាំ​២០០៧ ​កន្លង​ទៅ​នេះ​ ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាស្រ្តី​មាន​ចំនួន​១៥​ភាគ​រយ​នៃ​ចំនួន​ក្រុម​ប្រឹក្សា​សរុប។

លោកស្រី​ប៉ុក ​ណន្តដា​ នាយិកា​អង្គការ​ចម្រើន​ស្រ្តី​សង្ឃឹម​ថា​ យ៉ាង​ហោច​ណាស់​ក៏​មាន​ស្រ្តីចំនួន​មួយ​ភាគ​បួន​ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទាំង​អស់​ក្នុង​ប្រទេស​នឹង​ត្រូវ​បាន​ជាប់​ឆ្នោត។

«ខ្ញុំ​សង្ឃឹម​ថា​ បាន​យ៉ាង​តិច​២៥​ភាគរយ​ ពីព្រោះ ​ខ្ញុំ​ឃើញ​សន្ទុះ​នៃ​ស្រ្តី​ដែល​ចង់​ចូលរួម​នោះ​ច្រើន​ ឱ្យ​តែ​គណបក្ស​នយោបាយ​គាត់​ដាក់​នៅ​បញ្ជី​លេខ​រៀង​ខាងលើ»។

យោង​តាម​គណៈ​កម្មការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ឱ្យ​ដឹង​ថា​ ចំនួន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សម្រាប់​អាណត្តិ​ទីបី​ខាងមុខ​នេះ​មាន​ចំនួន​១១.៤៥៩។

លោកស្រី​បញ្ជាក់​ថា​ អង្គការ​ចម្រើន​ស្ត្រី​បាន​ធ្វើ​ការ​ជាច្រើន​ជាមួយ​គណបក្ស​នយោបាយ​ ដោយ​បាន​បណ្តុះ​បណ្តាល​ស្រ្តី ​និង​ធ្វើ​កម្ម​វិធី​តស៊ូ​មតិ​ជាមួយ​គណបក្ស​នយោបាយ​មួយ​ចំនួន​ដើម្បី​ឱ្យ​គេ​យល់​និង​ដាក់​បេក្ខភាព​ស្រ្តី ​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​លំដាប់លេខ​រៀង​ខាងលើ​ដើម្បី​ឱ្យ​ពួកគេ​មាន​ឱកាស​ជាប់​ឆ្នោត​បាន​ច្រើន។

លោក​ស្រី​យល់​ថា​ កត្តា​ជីវភាព​និង​ចំណេះ​ដឹង​របស់​ស្រ្តី​មិន​មែន​ជា​ឧបសគ្គ​ធំដុំ​ទេ​ នាពេល​បច្ចុប្បន្ន​នេះ។

«បញ្ហា​ប្រឈម​របស់​គាត់​ជា​ចម្បង​ដែល​ខ្ញុំ​ឃើញ​គឺ​គណបក្ស​នយោបា​យ​នៅ​មិនទាន់​ជឿជាក់​ថា​ ដាក់​ស្រ្តី​នៅ​លេខ​រៀង​ទីមួយ​នៅ​ឡើយ​ទេ។ ​នេះ​គឺ​ជា​ការ​ប្រឈម​ទីមួយ។​ ការប្រឈម​ទីពីរ​គឺ​បញ្ហា​ដែល​ស្រ្តី​ខ្លួន​ឯង​នៅមាន​ការ​រារាំង​ក្នុង​ចិត្ត​នៅឡើយ​ មិនទាន់​ដាច់​ណាត់​ខ្លួន​ឯង​ថា​ តើ​ខ្លួន​ឯង​ហ្នឹង​ចូល​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខនារី​ហ្នឹង។ ​នៅ​ពេល​ដែល​ជាប់​ហើយ​ហ្នឹង​ ខ្លួន​ឯង​មាន​លទ្ធភាព​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​បាន​ដែរ​ឬទេ ​ព្រោះ​ថា​បញ្ហា​នៅ​មូលដ្ឋាន​ច្រើន​ណាស់»។

ប៉ុន្តែ​សម្រាប់​កញ្ញា​ស៊ិន រ៉ូហ្សេត ​គឺ​មាន​លក្ខណៈ​ខុស​ពីនេះ។​ ក្នុង​វ័យ​២៥​ឆ្នាំ​ នាង​បាន​បង្ហាញ​នូវ​ការប្តេជ្ញា​ចិត្ត​ដើម្បី​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ចៅ​សង្កាត់​អូចា​នៃ​ក្រុង​បាត់​ដំបង​សម្រាប់​កូតា​គណបក្ស​សម រង្ស៊ី ​ក្នុង​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ពេល​ខាងមុខ​នេះ។ ​នាង​បាន​បញ្ជាក់​ថា៖

«ពីភូមិ​មួយ​ទៅ ​ភូមិ​មួយ​គឺ​ខ្ញុំ​ដឹង​បញ្ហា​ ថា​តើ​ភូមិ​ហ្នឹង​ត្រូវ​ការ​អ្វី? ​ភូមិ​អូចា​ត្រូវ​ការ​អ្វី?​ ភូមិ​ព្រៃ​កូន​សេកត្រូវ​ការ​អ្វី?​ អញ្ចឹង​ពេល​យើង​ស្គាល់​បញ្ហា​ យើង​ទៅ​បំភ្លឺ​បញ្ហា។ ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ពួកគាត់​គឺ​ពួកគាត់​នឹង​គាំទ្រ​យើង ​ហើយ​គឺ​គាត់​អត់​មាន​ប្រកាន់ថា​ ចាស់​ឬ​ក្មេង​ទេ​ ឱ្យ​តែ​មាន​អ្នក​អាច​ជួយ​គាត់​បាន»។

នៅមិន​ទាន់​ដឹង​ថា​ មាន​គណបក្ស​ប៉ុន្មាន​នឹង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ទេ។​ ការប្រកាស​ឱ្យ​ដឹង​ពី​ចំនួន​និង​ឈ្មោះ​គណបក្ស​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​៣១ ​ខែ​ធ្នូ​ក្នុង​ពេល​ខាងមុខ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

ប្រទេស​កម្ពុជា​បាន​បោះ​ឆ្នោត​ឃុំ-សង្កាត់​លើក​ទីមួយ​ក្នុង​ឆ្នាំ​២០០២ ​និង​លើក​ទីពីរ​ក្នុង​ឆ្នាំ​២០០៧៕

XS
SM
MD
LG