ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីនគរបាល១១នាក់ត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយសារតែគ្រឿងញៀន


រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

មន្ត្រី​នគរបាល​ចំនួន​ ១១​ នាក់​នៅ​ខេត្ត​ព្រៃវែង ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​ ហើយ​យក​ទៅ​កន្លែង​បន្សាប​សារធាតុ​ញៀន។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ ចុះ​ថ្ងៃ​ទី​ ២២​ ខែ​ធ្នូ​ ឆ្នាំ​ ២០២៣។

ពួកគេ​រួម​មាន ​លោក ​វណ្ណ តារា​ នាយ​ករង​ការិយាល័យ​រដ្ឋបាល​ លោក ​ឌុច​ រតនា​ នាយក​រង​ផ្នែក​រដ្ឋបាល​សរុប​នៃ​ការិយាល័យ​ភស្តុភា​ និង​ហិរញ្ញ​វត្ថុ​ លោក​ វណ្ណៈ សុវឌ្ឍនា​ នាយក​រង​ផ្នែក​ហ្វឹកហ្វឺន​និង​ពន្លត់​អគ្គិភ័យ​នៃ​ការិយា​ល័យ​បង្ការ​ពន្លត់​អគ្គិសនី​និង​សង្គ្រោះ ​និង​លោក​ ស៊ុក​ ច័ន្ទតារា​ នាយក​រង​ផ្នែក​ចល័ត​ការពារ​នៃ​ការិយាល័យ​អន្តរាគមន៍​ និង​តម្រួត​បទ​បញ្ជា ​ជាដើម។​

លោក ​ទូច សុឃៈ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ទៅ​តាម​វិន័យ​របស់​ក្រសួង​មហា​ផ្ទៃ ​ដោយ​ពួកគេ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌរដ្ឋ​ និង​បញ្ជូន​ទៅ​កន្លែង​បន្សាប​សារធាតុ​ញឿន។​

នៅ​ពេល​សួរ​ថា​ តើ​ពួកគេ​មាន​ពាក់​ព័ន្ធ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ទេ​ អ្នក​នាំ​ពាក្យ​រូប​នេះ​ថា​ លោក​មិន​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​ឡើយ​ ដោយ​សារតែ​មាន​ការ​ទាក់​ទិន​នឹង​សិទ្ធិ​របស់​បុគ្គល ​និង​ការ​ស៊ើប​អង្កេត​របស់​សមត្ថ​កិច្ច។​

លោក ​ទូច សុឃៈ ​បញ្ជាក់​ថា៖​ «ប៉ុន្តែ​ត្រឡប់​មក​វិញ​ ខ្ញុំ​មិន​និយាយ​ថា​ ពួក​គាត់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឬ​ក៏​ចែក​ចាយ​ទេ។​ ជួន​កាល​គាត់​ត្រឹម​តែ​លង់​ខ្លួន​ ចាញ់​ឧបាយ​កល​ ចាញ់​ការ​ញុះញង់​ ឬ​ក៏​ចង់​សាក​ល្បង ​ដោយ​ប្រការ​ណា​មួយ​ ក៏​ធ្លាក់​ខ្លួន​ចូល​ជាប់​អន្ទាក់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ហ្នឹង​ទៅ»។

ក្រសួង​មហាផ្ទៃ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា​ ពួក​គេ​ទាំង ​១១​ នាក់​នេះ​នឹង​ត្រូវ​កាត់​ផ្តាច់​ប្រាក់​បៀវត្សរ៍​ និង​របប​ឧបត្ថម្ភ​ផ្សេងៗ​ ព្រម​ទាំង​លុប​ចេញ​ពី​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ចាប់​ពី​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ត​ទៅ៕

XS
SM
MD
LG