នគរបាលកំពុងតាមស្វែងរកចាប់ខ្លួនលោកសម ពិសី នាយកក្រុមហ៊ុន ធី&ភី ខូអិលធីឌី (T&P Co., Ltd.) ដែលជាទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ីអំពីបទបង្ខាំងមនុស្សដោយខុសច្បាប់ បទជ្រើសរើសអនីតិជនដោយខុសច្បាប់ និងបទក្លែងឯកសារ។
ដីកាតាមចាប់ខ្លួនលោកសម ពិសីនេះ បានធ្វើឡើងបន្ទាប់ពីនគរបាលបានឆ្មក់ចូលទៅក្នុងក្រុមហ៊ុនធី&ភី ខូអិលធីឌី នៅក្នុងខេត្តកំពង់ឆ្នាំងកាលពីចុងសប្តាហ៍ ដើម្បីសង្គ្រោះក្មេងស្រីក្រោមអាយុ១៨ឆ្នាំចំនួន៣០នាក់ដែលកំពុងទទួលការបណ្តុះបណ្តាលឲ្យបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។
លោកឧត្តមសេនីយ៍ទោ ប៊ិត គឹមហុង ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃបានថ្លែងថា លោកបានស្នើសុំទៅនាយកដ្ឋានអន្តោប្រវេសន៍ និងបានបញ្ជូនដីកាទៅមន្ត្រីអន្តោប្រវេសន៍ច្រកទ្វាព្រំដែនទាំងអស់ដើម្បីចាប់ខ្លួនលោក សម ពិសី តាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់តុលាការ បើលោកប៉ុនប៉ងឆ្លងដែនដើម្បីរត់គេចពីការចោទប្រកាន់។
លោកឧត្តមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ បានថ្លែងថា លោក សម ពិសី នាយកក្រុមហ៊ុន ធី&ភី ខូអិលធីឌីនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ទាក់ទងនឹងការជ្រើសរើសអនីតិជន ការក្លែងឯកសារ និងការបង្ខាំងមនុស្សដោយខុសច្បាប់។
«យើងសង្ស័យថាប្រធានក្រុមហ៊ុននេះនៅភ្នំពេញ។ ប៉ុន្តែឥឡូវ យើងមានដីកាហើយ។ យើងកំពុងតែតាមស្វែងរកគាត់ ដើម្បីនាំខ្លួនទៅតុលាការ ហើយចាត់ការតាមផ្លូវច្បាប់។ យើងនឹងតាមប្រមាញ់គាត់ តាមរកគាត់ មិនអត់ឱនឲ្យគាត់រួចផុតពីសំណាញ់ច្បាប់ទេ។ ប៉ុន្តែឥឡូវ គាត់កំពុងគេចខ្លួន។ អញ្ចឹង យើងកំពុងតែរកគាត់»។
លោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំ បានចេញដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី១០ ខែតុលា ដោយចោទប្រកាន់លោក សម ពិសី នាយកក្រុមហ៊ុន ធី&ភី ខូអិលធីឌី អំពីបទបង្ខាំងមនុស្សដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ ជីវ ផល្លី បានបញ្ជាក់តាមសម្តីដើមថា៖
«យើងកំពុងសុំទៅព្រះរាជអាជ្ញា ដើម្បីឲ្យចោទប្រកាន់លោកពិសី ពីបទល្មើសទៀតបន្ថែម គឺបទជ្រើសរើសអនីតិជនដោយខុសច្បាប់ និងបទក្លែងឯកសារ បន្ទាប់ពីនគរបាលបានរកឃើញ»។
លោកឧត្តមសេនីយ៍ ជីវ ផល្លី បានបន្តថា នគរបាលបានចាប់ឃុំខ្លួនជនសង្ស័យបួននាក់ពាក់ព័ន្ធនឹងអំពើខុសច្បាប់របស់ក្រុមហ៊ុន ធី&ភី ខូអិលធីឌីនេះ រួមមានឈ្មោះ ឡុង សីណា អាយុ ៣០ឆ្នាំ តំណាងក្រុមហ៊ុននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានចោទអំពីបទបង្ខាំងមនុស្សដោយខុសច្បាប់ចំពោះការចាក់សោរក្មេងស្រីក្នុងបន្ទប់ ខណៈដែលមេខ្យល់ឈ្មោះ ប៉ែន សំអាង អាយុ៤៥ឆ្នាំត្រូវបានចោទប្រកាន់អំពីបទក្លែងបន្លំឯកសារ និងមានបំណងបញ្ជូនមនុស្សឆ្លងដែនដោយខុសច្បាប់។ អ្នកស្រី ខឹម ស្រី អាយុ៤៥ឆ្នាំ និងអ្នកស្រី សឿន សី អាយុ៤៤ឆ្នាំដែលជាម្តាយរបស់អនីតិជនពីរនាក់ ក្នុងចំណោម៣០នាក់ ត្រូវបានចោទប្រកាន់អំពីបទក្លែងបន្លំឯកសារបន្ថែមអាយុកូនរបស់ខ្លួន។
លោក មឿន តុលា ប្រធានផ្នែកកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍បានថ្លែងថា អាជ្ញាធរត្រូវស្វែងរកចាប់ខ្លួនអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុននេះមកដាក់ទោសឲ្យខាងតែបាន។ ក្រុមហ៊ុននេះត្រូវតែបិទដើម្បីជាគំរូមួយដល់ក្រុមហ៊ុនផ្សេងៗ និងជាការកែប្រែមុខមាត់របស់កម្ពុជា។
«ការជ្រើសរើសពលករឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនេះ ដោយសារតែកង្វះនៃការការពារ និងកង្វះនៃការត្រួតពិនិត្យឲ្យដិតដល់។ យើងឃើញថា ការជ្រើសរើសពលករនេះ ហាក់ដូចជាធ្លាក់ទៅជាទម្រង់នៃការជួញដូរមនុស្ស»។
លោក អាន ប៊ុនហាក់ ប្រធានសមាគមនៃទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានថ្លែងថាទង្វើខុសច្បាប់របស់ក្រុមហ៊ុន ធី&ភីខូអិលធីឌីនេះ អាចធ្វើឲ្យមានការភ័យខ្លាចដល់ពលករដែលមានបំណងទៅធ្វើការក្រៅប្រទេសតាមរយៈក្រុមហ៊ុនជ្រើសរើសពលករផ្សេងៗទៀត និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនជ្រើសរើសពលករត្រឹមត្រូវដទៃទៀត។
«សមាគមបានធ្វើការណែនាំសឹកបបូរមាត់ហើយអំពីបញ្ហាអនីតិជន និងបញ្ហាបង្ខាំងមនុស្សនេះ។ ក៏ប៉ុន្តែករណីនេះនៅតែកើតឡើង។ ដូច្នេះយើងពិតជាមានការសោកស្តាយចំពោះអំពើរបស់ក្រុមហ៊ុននេះ»។
លោក ហូ វុទ្ធី អនុប្រធាននាយកដ្ឋានការងារនៃក្រសួងការងារ បានបញ្ជាក់ថាក្រុមហ៊ុននេះត្រូវបានបិទ៕