ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​រដ្ឋាភិបាល៖ សង្គម​ស៊ីវិល​គាំទ្រ​ប្រជា​ពលរដ្ឋ​ឲ្យ​​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​រដ្ឋាភិបាល


រូបឯកសារ៖ ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ឲ្យ​មាន​ការដោះលែង​សកម្មជន​ដីធ្លី ទេព វន្នី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ឲ្យ​មាន​ការដោះលែង​សកម្មជន​ដីធ្លី ទេព វន្នី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

ក្នុង​ឆ្នាំ​២០១៦​មាន​ការ​តវ៉ា ​និង​ធ្វើ​បាតុកម្ម​ជិត​១៤០០​លើក ​ដែល​ការ​តវ៉ា​ខ្លះ​មាន​ការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្នុង​គោលដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដែល​ចេញ​ដោយ​ស្នងការ​នគរបាល​រាជធានី​​ភ្នំពេញ។

ស្នងការ​នគរបាល​រាជធានីភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បានឲ្យ​ដឹងថា ​ក្នុង​ឆ្នាំ​២០១៦​ មាន​ការ​តវ៉ា​ធ្វើ​បាតុកម្ម​ កូដកម្ម​ជិត១៤០០​លើក​ ​ក្នុង​នោះ​មាន​កូដកម្ម​ខ្លះ​មាន​ការ​គាំទ្រ​ពី​អង្គការ​សង្គម​ស៊ីវិលដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល។​ អ្នក​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ថា ​ជា​អ្នក​ធ្វើការ​តវ៉ា​ទាំង​នោះ​ ដូចជាប្រជា​ពលរដ្ឋ ​សមាជិក​គណបក្ស​ប្រឆាំង ​និង​អង្គការ​សង្គម​ស៊ីវិល​ជា​ដើមនោះ ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ​ហើយ​ថា​ រដ្ឋាភិបាល​ព្យាយាម​ទម្លាក់​កំហុស​លើ​ពួកគេ​ដើម្បី​បិទបាំង​អសមត្ថភាព​របស់​ខ្លួន។​

ក្នុង​ឆ្នាំ​២០១៦​មាន​ការ​តវ៉ា ​និង​ធ្វើ​បាតុកម្ម​ជិត​១៤០០​លើក ​ដែល​ការ​តវ៉ា​ខ្លះ​មាន​ការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្នុង​គោលដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដែល​ចេញ​ដោយ​ស្នងការ​នគរបាល​រាជធានីភ្នំពេញ។

របាយ​ការណ៍​បូក​សរុប​សភាព​ការណ៍ ​កិច្ច​ប្រតិបត្តិការ​ ការងារ​ រក្សា​សន្តិសុខ ​សណ្តាប់​ធ្នាប់​សង្គម ​ឆ្នាំ​២០១៦​ និង​ទិសដៅ​ឆ្នាំ​២០១៧ ​ដែល​បង្ហាញ​ដោយស្នងការ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «សភាព​ការណ៍​សន្តិសុខ​មាន​ការប្រែប្រួល​ស្មុគស្មាញ ​ក្នុង​នោះ​មាន​បញ្ហា​ខ្លះ​បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ ​ឬ​ដោយ​ប្រយោល​ដល់​រាជធានី​ភ្នំពេញ​ ដូចជា​ការ​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ក្នុង​គោលដៅ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់»។

របាយ​ការណ៍​នេះ​បន្តថា ​ករណី​តវ៉ា​ធ្វើបាតុកម្ម ​និង​កូដកម្មក្នុង​ឆ្នាំ​២០១៦​មាន​ចំនួន​ជិត​១៤០០​លើក ​រីឯ​ក្នុង​ឆ្នាំ​២០១៥​មាន​ ៤៤៣​លើក។ ​ក្នុងនោះ ​ការ​តវ៉ា​ទាមទារ​របស់​កម្មករ ​កម្មការិនី​រោងចក្រ​ក្នុង​ឆ្នាំ​២០១៦មាន​ចំនួន​៩៦៦​លើក ​ការធ្វើ​បាតុកម្ម ​និង​កូដកម្ម​ដោយ​គណបក្ស​នយោបាយ​មាន​ចំនួន​៣៥៩​លើក​ និងការធ្វើ​បាតុកម្ម​ទាមទារ​របស់​ពលរដ្ឋ​ចំនួន​២២១​លើក។​

របាយ​ការណ៍​នោះ​បញ្ជាក់​ថា ​ការ​បង្កើត​បដិវត្តន៍​ពណ៌ ​និង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មាន​ចំនួន​៣០​លើក ​ដែល​ទាមទារ​ឲ្យ​ដោះ​លែង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល៤​នាក់ ​និង​មន្រ្តី​គ.ជ.ប.​ ម្នាក់​ ​ដោយ​ឥត​លក្ខខណ្ឌ ​និង​ស្រាវជ្រាវ​រក​ឃាតករ​ពិត​ដែលបាន​បាញ់​សម្លាប់​លោក ​កែម ឡី​ ជាដើម។ ​របាយ​ការណ៍​ដដែល​បន្ថែម​ថា ​ការ​តវ៉ា​ទាមទារ​ទាំង​នោះ​មាន​ការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​គោលដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។​

VOA ​បានព្យាយាមទាក់ទង​លោក ​ជួន សុវណ្ណ ​ស្នងការ​នគរបាល​រាជធានី ​និង​លោក​ភួង ម៉ា ឡៃ​ ស្នងការរង​រាជធានី​ភ្នំពេញ និង​លោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋានប៉ូលិស​ជាតិ​ ដើម្បី​សុំ​ការអធិប្បាយ​បន្ថែម​លើ​របាយ​ការណ៍​នេះ​ តែ​មិន​អាចទាក់ទង​បាន​ទេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

មន្រ្តី​គណបក្ស​ប្រឆាំង ​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដីធ្លី ​បាន​ច្រាន​ចោល​របាយ​ការណ៍​ដែល​លើកឡើង​ថា​ ការ​តវ៉ាទាមទារដែល​កើត​មាន​កន្លង​មក​ មានគោលដៅ​ផ្តួល​រំលំ​រដ្ឋាភិបាល ​ហើយ​ថា​ ការ​លើកឡើង​នេះ​ជា​លេសបិទបាំង​អសមត្ថភាពរបស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម។

លោកស្រី ​មូរ សុខហួរ ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ ប្រាប់ ​VOA​ ថា ​ការតវ៉ារបស់​ប្រជា​ពលរដ្ឋ​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ និង​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។ ​ការតវ៉ា​ទាំងនេះ​កើត​ឡើង​ដោយសារ​រដ្ឋាភិបាល​មិន​បាន​រក​ដំណោះស្រាយ​សមស្រប​ ដូច្នេះ​ប្រជា​ពលរដ្ឋ​មានតែតវ៉ា​ដោយ​សន្តិវិធី​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។ ​លោកស្រី​បន្ថែម​ថា​ រដ្ឋាភិបាល​មិន​មាន​សមត្ថភាព ​និង​គ្មាន​ឆន្ទៈ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋបាន​ ហេតុនេះ​ហើយ​បាន​ជា​បង្កើតរបាយ​ការណ៍នេះ​ដើម្បី​ចោទ​ប្រកាន់​លើ​ពលរដ្ឋ​ខ្លួន​ឯង។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​

«ក្នុង​១០​ឆ្នាំ​ហ្នឹង ​រាជរដ្ឋាភិបាល​បាន​ធ្វើ​អ្វី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ដែល​គាត់​យំ​ស្រែក​ រហូត​ចំណាក​ស្រុក ​រហូត​ដល់​បាត់​បង់​ការ​សិក្សា​របស់​កុមារា ​កុមារី​ទៅ​ទៀត។ ​តើ​គួរ​ឲ្យ​គាត់​ធ្វើ​បាតុកម្ម​ទេ? ​បើសិនជា​គាត់​ផ្តួល​រលំ ​តើ​សញ្ញា​អី? ​អ្នកខ្លះ​មាន​តែ​ផ្កាឈូក ​ អ្នកខ្លះ​ត្រឹមតែ​ពាក់អាវ​ពណ៌នេះ ​ពណ៌នោះ។ ​ផ្តួល​រំលំ​អី? រដ្ឋាភិបាល​ខ្លាច​ស្អី? ​បញ្ហា​តែមួយ​ទេ​គឺ​អសមត្ថភាព​នៃ​អ្នក​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់»។​

អ្នកស្រី ​បូវ សោភា ​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ​ដែល​តែងចូល​រួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ​បាន​ប្រាប់ ​VOA​ ថា ​រដ្ឋាភិបាល​បង្កើត​របាយ​ការណ៍​នោះ​មក​ដើម្បី​បិទ​បាំង​កំហុស​ដែល​បាន​ធ្វើ​ចំពោះ​ប្រជា​ពលរដ្ឋ​កន្លង​មក។ ​អ្នកស្រី​បន្ត​ថា ​អង្គការ​សង្គម​ស៊ីវិល​តែង​ជួយ​ការពារប្រជា​ពលរដ្ឋ​ឲ្យរួច​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​ការ​រំលោភ​ដីធ្លីជាដើម មិនមែន​គាំទ្រ​ឲ្យ​មាន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ដូចការ​ចោទ​ប្រកាន់​នោះ​ទេ។​

អ្នកស្រី​ថា៖​

«ពេល​ដែល​គាត់​និយាយ​ហ្នឹង​វា​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ប៉ុណ្ណា? ​ដែល​ខ្លួន​ឯង​ជា​ថ្នាក់​ដឹកនាំ​មួយ ​ជា​អាជ្ញាធរ​មួយ​ ដែល​ជា​អ្នក​ការពារ​ប្រទេស​ជាតិ ​ដល់​ទីបំផុតបែរជាចោទ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ ហើយ​អ្នក​ដែល​ជួយ​ប្រជាជន​យើង​ បែរ​ជា​គិត​ថា​ គេ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ ​បើ​ពួក​ខ្ញុំ​មាន​អាវុធផ្តួល​រំលំ​រដ្ឋាភិបាល ​មិនមែន​ប្រជា​ពលរដ្ឋ​បឹងកក់​ជាង​៣​ពាន់​គ្រួសារត្រូវ​បាន​គេ​យក​ដី​ទាំង​ស្រស់ ​ហើយ​ដល់​ឥឡូវយក​ដី​បឹងកក់​យក​ទៅ​លក់​មួយ​ការ៉េ ​សុទ្ធ​តែ​៥ពាន់​ ទៅ​៧​ពាន់​ដុល្លារ។​ សួរថា ​តើ​ពួក​ខ្ញុំ​មាន​សមត្ថភាព​អី?»​

លោក ​អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​លីកាដូ ​បាន​ប្រាប់​ VOA​ ថា ​ក្នុង​ពេល​កន្លង​ប្រជា​ពលរដ្ឋ​តវ៉ា​ទាមទារ​ និង​ធ្វើ​បាតុកម្ម ​ដោយសារ​បញ្ហា​របស់​ពួកគេមិន​ទទួល​បាន​ការ​ដោះ​ស្រាយ។ ​លោក​បន្ថែម​ថា ​ប្រជា​ពលរដ្ឋ​ជាង​៩០​ភាគរយ​បាន​តវ៉ា​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​ដីធ្លី។​

លោក​មាន​ប្រសាសន៍​ថា៖

«បញ្ហា​ដែល​តវ៉ា​កន្លង​មក​គ្មាន​ការ​ជ្រោមជ្រែង​អី​ទេ។​ ​បើសិន​មិនមាន​ការ​រំលោភ​បំពាន​រឿង​ដីធ្លី​របស់​គាត់​ទេ ​ខ្ញុំ​ជឿ​ថា​ ពួកគាត់​មិនមាន​ការ​តវ៉ា​នោះ​ទេ»។​

រដ្ឋាភិបាល​តែង​បង្រ្កាប​បាតុករ ​ដែល​ទាមទារ​រក​ដំណោះ​ស្រាយ​បញ្ហា​សង្គម ​និង​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ដែល​កំពុង​ជាប់​ឃុំ​មួយ​ចំនួន ​តាមរយៈ​ការ​គំរាម​កំហែង ​ការ​វាយដំ ​ការចាប់ខ្លួន​ និង​ការ​ដាក់ឃុំ​ក្នុងពន្ធនាគារ​ជាដើម៕

XS
SM
MD
LG