ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​វត្ថុ​បុរាណ​ជាង​៧០​ពី​ប្រទេស​អង់គ្លេស


​វត្ថុបុរាណ​ជា​​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ​ ត្រូវ​ប្រគល់​ដោយ​​ក្រុម​គ្រួសារ​លោក Douglas Latchford អ្នក​រក្សា​ទុក​វត្ថុ​បុរាណ​ជនជាតិ​អង់គ្លេស។
​វត្ថុបុរាណ​ជា​​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ​ ត្រូវ​ប្រគល់​ដោយ​​ក្រុម​គ្រួសារ​លោក Douglas Latchford អ្នក​រក្សា​ទុក​វត្ថុ​បុរាណ​ជនជាតិ​អង់គ្លេស។

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ទទួល​វត្ថុបុរាណ​ចំនួន​៧៧​ពី​ប្រទេស​អង់គ្លេស ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា«ព្រលឹង​ដូនតា​ខ្មែរ និង​រតន​សម្បត្តិ​ដ៏​មាន​តម្លៃ​នានា»។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចេញ​ផ្សាយ​នា​ថ្ងៃ​ចន្ទ​នេះ។

វត្ថុបុរាណ​ទាំង​នេះ​ជា​ប្រភេទ​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ ដែល​ទទួល​បាន​ពី​ក្រុម​គ្រួសារ​របស់​លោក Douglas Latchford អ្នក​រក្សា​ទុក​វត្ថុ​បុរាណ​ជនជាតិ​អង់គ្លេស ដោយ​អនុលោម​តាម​កិច្ច​ព្រម​ព្រៀង​នា​ខែ​កញ្ញា ឆ្នាំ​២០២០ រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជា​តំណាង​នៃ​រដ្ឋាភិ​បាល​កម្ពុជា និង​គ្រួសារ​របស់​លោក Douglas Latchford។ កិច្ច​ព្រម​ព្រៀង​នោះ​បញ្ជាក់​ថា​រាល់​វត្ថុ​បុរាណ​ខ្មែរ​ទាំង​អស់ ដែល​កាន់​កាប់​រក្សា​ទុក​ដោយ​គ្រួសារ​លោក Douglas Latchford នឹង​ត្រូវ​ប្រគល់​ជូន​មក​កម្ពុជា​វិញ។

គ្រឿង​អលង្ការ​បុរាណ​ខ្មែរ​នេះ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ មានដូចជា​ក្បាំង​មកុដ ខ្សែក ខ្សែដៃ ខ្សែ​ក្រវាត់ ក្រវិល បន្តោង ស្ថិត​ក្នុង​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ ជា​គ្រឿង​អលង្ការ​មាស និង​លោហៈ​មាន​តម្លៃ​មួយ​ចំនួន។

ក្រសួង​វប្បធម៌​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​សូម​សម្តែង​ការ​កោត​សរសើរ​ដល់​រាជ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ដែល​មាន​សុឆន្ទៈ ខ្នះ​ខ្នែង និង​សហការ​បាន​ល្អ​ប្រសើរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សម្រប​សម្រួល​ប្រគល់​វត្ថុ​បុរាណ​ទាំង​នេះ​ជូន​មក​រាជ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ ដែល​ស​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​សហការ​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​សកល​លោក»។

អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​លើក​ឡើង​ថា​វត្ថុ​បុរាណ​ទាំង​នេះ គឺ​ជា​«ព្រលឹង​ដូនតា​ខ្មែរ និង​រតនសម្បត្តិ​ដ៏​មាន​តម្លៃ​នានា ដែល​បាន​រសាត់​ចាក​ឆ្ងាយ​ពី​មាតុភូមិ​កំណើត​អស់​ជាច្រើន​ឆ្នាំ​ក្នុង​អំឡុង​នៃ​សង្គ្រាម​ច្រើន​ទសវត្សរ៍​កន្លង​ទៅ​នេះ»។

អ្នកស្រី​បន្ថែម​ថា៖ «ការ​វិល​ត្រឡប់​មក​វិញ​នៃ​សម្បត្តិ​វប្បធម៌​ជាតិ​ទាំង​នេះ បាន​បើក​ទំព័រ​ថ្មី​មួយ​ទៀត ក្នុង​ការ​ស្វែង​យល់ និង​សិក្សា​ស្រាវជ្រាវ​អំពី​ចក្រភព​អង្គរ និង​សារៈសំខាន់​នៃ​បេតិកភណ្ឌ ទាំង​នោះ​សម្រាប់​ពិភព​លោក»។ អ្នកស្រី​ក៏​លើក​ទឹក​ចិត្ត​ដល់​បុគ្គល​ឯកជន ដល់​សារមន្ទីរ ក៏ដូច​ជា​ស្ថាប័ន​នានា​លើ​សកលលោក ដែល​កំពុង​តាំង​បង្ហាញ និង​រក្សា​ទុក​វត្ថុបុរាណ​របស់​កម្ពុជា សូម​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​វប្បធម៌ ឬ​តាម​រយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​ការ​ក្នុង​ប្រទេស​នីមួយៗ ក្នុង​ការ​ប្រគល់​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ។

គួរ​បញ្ជាក់​ថា​ក្រោយ​មាន​ការ​ឯកភាព​ពី​កូនស្រី​របស់​អ្នក​ជំនាញ​វត្ថុ​បុរាណ​ម្នាក់ គឺ​លោក Douglas Latchford ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ២០២០ វត្ថុ​បុរាណ​នានា​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​ជា​បន្ត​បន្ទាប់។

កាល​ពី​ចុង​ឆ្នាំ​ ២០១៩ Douglas Latchford ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​រដ្ឋ​អាជ្ញា​អាមេរិក​ថា «រត់​ពន្ធ​វត្ថុ​បុរាណ» ​ដែល​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រទេស​កម្ពុជា និង​ការ​សម្រួល​ឲ្យ​វត្ថុ​បុរាណ​នោះ​ងាយ​ស្រួល​លក់​នៅ​លើ​ទីផ្សារ​វត្ថុ​សិល្បៈ​អន្តរជាតិ​ដោយ​សារ​លោក​បាន​ជួយ​លាក់​បាំង​ប្រវត្តិ​បាត់​បង់​វត្ថុ​ទាំង​នោះ​តាម​រយៈ​ការ​ចេញ​ឯក​សារ​ក្លែង​ក្លាយ។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​សារព័ត៌មាន​New York Times (ញូវយ៉ក​ថែមស៍)​កាល​ពី​កន្លង​ទៅ។

លោក Douglas Latchford ​ដែល​មាន​សញ្ជាតិ​ថៃ និង​អង់​គ្លេស ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ជា​«បណ្តាញ‍»​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​សម្រាប់​វត្ថុ​បុរាណ​កម្ពុជា ដែល​ត្រូវ​បាន​គេ​លួច​ជីក​ដោយ​ខុស​ច្បាប់​ពី​ប្រាសាទ​បុរាណ​នៅ​ក្នុង​ព្រៃ​ក្នុង​អំឡុង​ពេល​ប្រទេស​កម្ពុជា​ជួប​សង្គ្រាម​ស៊ីវិល ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី៦០។

លោក ធុយ ចាន់ធួន អ្នក​ស្រាវជ្រាវ​វត្ថុ​បុរាណ​កម្ពុជា​ជិត​៣០​ឆ្នាំ​មក​ហើយ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​វត្ថុ​បុរាណ​ខ្មែរ​ភាគ​ច្រើន​ដែល​បាន​បាត់​បង់​ទៅ​ គឺ​ក្នុង​ពេល​ប្រទេស​មាន​សង្រ្គាម​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ឆ្លៀត​ឱកាស​នាំ​យក​ទៅ​ប្រទេស​របស់​ពួកគេ។

លោក​បន្ត​ថា៖ «អ្នក​ដែល​ លួច​ច្រើន​ជាង​គេ​ អ្នក​ដែល​យក​ទៅ​លក់​ច្រើន​ជាង​គេ​ គឺ​ស្រុកសៀម​ហ្នឹង​ អ៊ីចឹងគឺ​ប្រទេស​ក្បែរ​ខាង​ទាំង​ពីរ​ហ្នឹង​ ជា​អ្នក​យក​របស់​យើង​ច្រើន​ជាង​គេ​ ហើយ​ដែល​ច្រើន​ជាង​គេ​គឺ​ស្រុក​សៀម គឺ​សុទ្ធ​តែ​ពួក​មូលធន​និយម​ គេ​សំបូរ​លុយ​ គេ​ជះ​ទឹក​លុយ​ធ្វើ​ការ​ខាង​ហ្នឹង​ច្រើន​ បាទ»។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ រដ្ឋាភិបាល​អាមេរិក​ក៏​បាន​នាំ​វត្ថុបុរាណ​ដែល​លាក់​ទុក​នៅ​អាមេរិក​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​ផង​ដែរ៕

XS
SM
MD
LG