លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ នៅក្នុងពិធីមួយដែលត្រូវបានរៀបចំធ្វើឡើងនៅលើរានហាលកាំជណ្តើរនៃវិមានសភាសហរដ្ឋអាមេរិក។ លោក Biden ដែលមានអាយុ ៧៨ ឆ្នាំ បានក្លាយជាប្រធានាធិបតីដែលមានវ័យចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ក្រោយពីលោកបានបម្រើការងារជាសមាជិកព្រឹទ្ធសភាអស់រយៈពេល ៣៦ ឆ្នាំ និងជាអនុប្រធានាធិបតីអស់រយៈពេល ៨ ឆ្នាំ។ នៅមុនលោកស្បថចូលកាន់តំណែង អ្នកស្រី Kamala Harris ដែលជាអតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកតំណាងរដ្ឋ California បានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក។ អ្នកស្រីបានក្លាយជាស្ត្រីដែលកាន់តំណែងខ្ពស់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកជាង ២០០ ឆ្នាំកន្លងមកនេះ។ អ្នកស្រីមានដើមកំណើតជាជាតិសាសន៍ស្បែកខ្មៅ និងឥណ្ឌា៕