នៅព្រឹកថ្ងៃពុធនេះ សពរបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg ត្រូវបានដាក់ក្នុងមឈូសកិត្តិយសដែលមានគ្របដោយទង់ជាតិសហរដ្ឋអាមេរិក និងត្រូវបាននាំមកតម្កល់នៅអគារតុលាការកំពូលសហរដ្ឋអាមេរិកនៅវេលាម៉ោង ៩:៣០នាទីព្រឹក ស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ មឈូសរបស់អ្នកស្រីត្រូវបានដាក់ក្នុងវិមានតុលាការកំពូល ដើម្បីឲ្យចៅក្រមនិងសហការីឯទៀតប្រចាំតុលាការបានគោរពវិញ្ញាណក្ខន្ធរបស់អ្នកស្រី។ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធលក្ខណៈឯកជនមួយក្នុងវិមានអគារតុលាការកំពូល លោក John Roberts ប្រធានចៅក្រមតុលាការកំពូល បានថ្លែងថា៖ «អ្នកស្រីចៅក្រម Ginsburg គឺជាមនុស្សរឹងមាំ ក្លាហាន ជាអ្នកតស៊ូ និងជាអ្នកមានជ័យជម្នះ» ហើយអ្នកស្រីក៏ជា «មនុស្សដែលយកចិត្តទុកដាក់ខ្ពស់ ប្រុងប្រយ័ត្ន អត់ឱន និងស្មោះត្រង់។ នៅក្នុងសាលសវនាការ និងក្នុងបន្ទប់ប្រជុំរបស់យើង អ្នកស្រីមានសំឡេងទន់ ប៉ុន្តែពេលអ្នកស្រីនិយាយ មនុស្សស្តាប់អ្នកស្រី»។ នេះបើយោងតាមសារព័ត៌មាន AP។ មនុស្សរាប់ពាន់នាក់ ត្រូវបានគេរំពឹងថា នឹងមកគោរពសពរបស់អ្នកស្រី Ginsburg ដែលត្រូវបានដាក់នៅមុខអគារតុលាការកំពូលសហរដ្ឋអាមេរិក រយៈពេល ២ ថ្ងៃ ដើម្បីឲ្យសាធារណជនទូទៅបានគោរពវិញ្ញាណក្ខន្ធរបស់អ្នកស្រី។ ជាអ្នកតស៊ូមតិនាំមុខគេដើម្បីសិទ្ធិអំណាចស្មើភាពដល់ស្ត្រីអាមេរិកក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ចៅក្រមតុលាការកំពូលអ្នកស្រី Ruth Bader Ginsburg បានទទួលមរណភាពកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយសារជំងឺមហារីកលំពែង៕