ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋ ហ្វីលីពិន (Philippine) ប្រមាណបីពាន់នាក់ បានចាកចេញពីផ្ទះទៅធ្វើការនៅក្នុងប្រទេសមួយទៀត។ ពួកគេត្រូវបានទាក់ទាញដោយការទទួលបានប្រាក់កំរៃខ្ពស់ ហើយប្រាក់ខែរបស់ពួកគេបានជួយលើកស្ទួយយ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចរបស់ ហ្វីលីពិន។ ឥឡូវនេះ បន្ទាប់ពីការជម្រុញឱ្យកម្មករទៅធ្វើការនៅបរទេសអស់រយៈពេលជាច្រើនឆ្នាំ រដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកពួកគេឱ្យវិលត្រឡប់មកស្រុកវិញ។
ប៉ូល ហ្គឺវ៉ារ៉ា (Paul Guevarra) បានវិលត្រឡប់មកកាន់ហ្វីលីពិនវិញ ពីប្រទេស លីប៊ី (Libya) នៅក្នុងខែមិនា។ គាត់ត្រូវបានចាត់តាំងឱ្យទៅទីនោះកាលពីប្រាំឆ្នាំមុន ដោយរកប្រាក់ចំណូលបានជិតមួយសែនដុល្លារក្នុងមួយឆ្នាំ ក្នុងឋានៈជាអ្នករៀបចំផែនការជួសជុលជាន់ខ្ពស់មួយរូប នៅឯក្រុមហ៊ុនប្រេងពហុជាតិមួយ។
បុរសវ័យ២៧ឆ្នាំរូបនេះនិយាយថា វាមានភាពងាយស្រួលក្នុងការធ្វើការងារនៅក្នុងប្រទេសដែលមានសន្តិភាពមួយ។ ប៉ុន្តែ លោកនិយាយថា រឿងរ៉ាវបានប្រែក្លាយទៅជាគួរឱ្យភ័យខ្លាចនៅក្នុងខែកុម្ភៈ នៅពេលដែលការប៉ះទង្គិចប្រកបដោយការបង្ហូរឈាមបានផ្ទុះឡើងនៅតាមដងផ្លូវទាំងឡាយ។
«អ្នកដឹងទេ យើងបានឮគ្រាប់បែកផ្ទុះនៅគ្រប់ទីកន្លែងទាំងអស់។ យើងបានឮសម្លេងមនុស្សបាញ់កាំភ្លើង ហើយយើងដាក់ការការពារសន្តិសុខនៅកន្លែងយើង។ ប៉ុន្តែ បញ្ហាគឺថា អ្នកមិនដឹងថាអ្នកណាជាអ្នកគាំទ្រ ហើយអ្នកណាជាអ្នកប្រឆាំង»។
ទោះបីជា ហ្គឺវ៉ារ៉ា (Guevarra) មានការសប្បាយចិត្តនៅក្នុងការវិលត្រឡប់មកវិញ ដោយជួបជុំជាមួយគ្រួសាររបស់លោកនៅក្នុងខេត្តមួយ ដែលមានចម្ងាយប្រហែលពីរម៉ោងភាគឦសាននៃទីក្រុង ម៉ានីល បុរសដែលមានកូនពីរនាក់មានអារម្មណ៍ថាមានការតានតឹងក្នុងចិត្ត ដោយសារតែមិនមានប្រាក់ចំណូល។ កាលពីដើមឆ្នាំនេះ នៅពេលដែលលោកជិតអស់ប្រាក់សន្សំរបស់លោកទៅហើយនោះ លោកបានដឹងថា លោកមានលក្ខណៈសម្បត្តិក្នុងការទទួលបានប្រាក់កម្ចីពិសេសសចំនួន៤ម៉ឺន៧ពាន់ដុល្លាពីរដ្ឋាភិបាល។ អ្នកប្រកបអាជីពជាតន្ត្រីករមួយជីវិតរូបនេះ នឹងប្រើប្រាស់ប្រាក់កម្ចីនេះ ដើម្បីបើកស្ទូឌីយោ (studio) តន្រ្តីមួយ។
«សម្បីតែនៅពេលដែលខ្ញុំកំពុងធ្វើការនៅក្រៅប្រទេស ក៏យើងស្រមៃឃើញអំពីការបើកមុខជំនួញនេះដែរ។ ប៉ុន្តែ ជាអកុសល ទោះបីជាខ្ញុំផ្ញើរលុយមកផ្ទះចំនួនប៉ុន្មានក៏ដោយ ក៏យើងមិនអាចសន្សំបានប្រាក់ពីរលានប៉ែសូនោះទេ។ ដូច្នេះ ខ្ញុំមានសំណាងខ្លាំងណាស់ ដែលរដ្ឋាភិបាលបានបើកកម្មវិធីនេះ។ យើងមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលយើងស្ថិតនៅក្នុងចំណោមមនុស្ស១១នាក់ដំបូង ដែលបានទទួលការផ្តល់ប្រាក់កម្ចី»។
ហ្គឺវ៉ារ៉ា (Guevarra) បានទទួលប្រាក់កម្ចីជាផ្លូវការនៅឯព្រឹត្តិការណ៍មួយ នៅក្នុងទីក្រុង ម៉ានីល ដើម្បីប្រកាសអំពីការបញ្ចេញប្រាក់កម្ចីថ្មីដែលគាំទ្រដោយរដ្ឋាភិបាល សម្រាប់កម្មករដែលត្រឡប់មកពីបរទេស។
កម្មវិធីនេះមានដំណើរការក្នុងរយៈពេលបួនឆ្នាំមកហើយ ប៉ុន្តែ ឥឡូវនេះ រដ្ឋាភិបាលបានផ្តល់ប្រាក់បន្ថែមជាមួយនឹងអត្រាការប្រាក់ទាប។ រដ្ឋមន្រ្តីក្រសួងការងាររបស់ប្រទេសហ្វីលីពិន លីនដា បលដូហ្ស៍ (Linda Baldoz) បានអានសារមួយពីប្រធានាធិបតី បេនីងណូ អាគីណូ (Benigno Aquino) នៅក្នុងកំឡុងពេលនៃព្រឹត្តិការណ៍នោះ។
«កាលពីឆ្នាំមុន ខ្ញុំបាននិយាយថា យើងគួរតែចេញឱ្យឆ្ងាយពីរដ្ឋាភិបាលមួយ ដែលប្រព្រឹត្តមកលើប្រជាពលរដ្ឋរបស់ខ្លួនដូចជាទំនិញនាំចេញមួយ និងជាមធ្យោបាយមួយក្នុងការទទួលបាននូវរូបិយបណ្ណបរទេស ដោយមិនបានខ្វល់ខ្វាយអំពីការបង់ខាតផ្នែកសង្គម ចំពោះក្រុមគ្រួសារហ្វីលីពិននីមួយៗ។ យើងគួរតែធ្វើដំណើរទៅកាន់រដ្ឋាភិបាលមួយ ដែលបង្កើតការងារនៅក្នុងប្រទេស ដូច្នេះការងារនៅបរទេសនឹងជាជម្រើសមួយ ជាជាងជាតម្រូវការចាំបាច់មួយ»។
រដ្ឋបាលរបស់លោកប្រធានាធិបតី អាគីណូ កំពុងព្យាយាមធ្វើឱ្យការងារនៅក្នុងប្រទេសមានភាពទាក់ទាញជាងមុន ដែលមិនមែនជាកិច្ចការងាយស្រួលមួយនោះទេ ប្រសិនបើពិនិត្យមើលទៅលើទិន្នន័យចុងក្រោយបង្អស់។ នៅក្នុងឆ្នាំ២០០៩ ការជំរឿនប្រជាជនថ្នាក់ជាតិបានគណនាឃើញថា ចំណូលគ្រួសារជាមធ្យមគឺតិចជាង៤០០ដុល្លាក្នុងមួយខែ។ កម្មករនៅឯបរទេសអាចរកប្រាក់កម្រៃបានច្រើនជាងនេះឆ្ងាយណាស់ ហើយកាលពីឆ្នាំទៅ ពួកគេបានផ្ញើរប្រាក់មកផ្ទះនៅក្នុងចំនួនប៉ាន់ស្មានប្រមាណ២០ពាន់លានដុល្លារ។ រដ្ឋាភិបាលនិយាយថា បរិមាណនេះស្មើនឹង១០ភាគរយនៃផលិតផលជាតិសរុប។
នៅឯសន្និសិទ ក្រុមមន្រ្តីបានបង្ហាញអំពីលទ្ធភាពប្រកបអាជីវកម្មនៅក្នុងប្រទេស តាមរយៈកម្មវិធីប្រាក់កម្ចីនេះ។
នៅក្នុងតូបមួយ អតិថិជនម្នាក់កំពុងតថ្លៃជាមួយ ថាហានី មូហាម៉ាត់ ដាលមោប (Tahanie Mohammad Dalmaob) អំពីតម្លៃសំពត់បំពង់ និងសម្លៀកបំពាក់របស់ជនជាតិដើមនៃតំបន់ មីនដាណាវ (Mindanao) នៅក្នុងភាគខាងត្បូង ដែលមានជនជាតិម៉ូស្លីមភាគច្រើន។
នាង ដាលមោប (Dalmaob) ធ្វើការជាអ្នកបំរើតាមផ្ទះសម្បែង អស់រយៈពេល៧ឆ្នាំនៅមជ្ឈិមបូព៌ាប្រទេស ប៉ុន្តែ នាងទទួលបានប្រាក់តិចតួចណាស់ចំពោះការខិតខំប្រឹងប្រែងរបស់នាង ដូច្នេះ នាងបានវិលត្រឡប់មកផ្ទះវិញកាលពី១៦ឆ្នាំមុន។ នាងនិយាយថា ធ្វើការនៅបរទេសមានការពិបាក ហើយនាងចង់មានគ្រួសារនៅក្នុងប្រទេស។
នាង ដាលមោប (Dalmaob) បានជ្រើសរើសរបរកស៊ីតាំងពីជំនាន់ជីដូនជីតារបស់នាង ដោយធ្វើការត្បាញសម្លៀកបំពាក់ប្រពៃណី ដែលគេស្គាល់ថា «ម៉ាឡុង»។ សម្លៀកបំពាក់បំពង់ឥឡូវនេះត្រូវបានគេផលិតពីវត្ថុធាតុដើមទំនើប ដែលធ្វើពីសសៃសូតរ៉ៃយ៉ោន (rayon) ជាមួយនឹងសសៃអំបោះភ្លឺភ្លែត ដែលត្រូវបានត្បាញជាទម្រង់សំពត់គោមក្រឡាចត្រង្គ។ ការត្បាញសំពត់មួយត្រូវចំណាយពី៣ទៅ៥ថ្ងៃ។ វត្ថុធាតុដើមដែលត្រូវបាននាំយកមកពីទីក្រុង ម៉ានីល មានតម្លៃខ្ពស់។ នាង ដាលមោប (Dalmaob) និយាយថា ការងារនេះអាចរកប្រាក់ចំណេញបាន និងជួយទ្រទ្រង់គ្រួសាររបស់នាង។
ប៉ូល ហ្គឺវ៉ារ៉ា (Paul Guevarra) បានចាប់ផ្តើមទទួលអតិថិជនសម្រាប់ស្ទូឌីយ៉ូតន្រ្តី ដែលមិនឮសម្លេងពីខាងក្រៅ ទើបបើកថ្មីរបស់លោក នៅចុងខែកញ្ញា។ កន្លងមក គម្រោងក្នុងក្តីសុបិន្តរបស់លោកបានដំណើរការទៅដោយរលូន ប៉ុន្តែ លោកនិយាយថា ប្រាក់កំរៃដែលទទួលបានពីស្ទូឌីយ៉ូ គឺស្ទើរតែមិនគ្រប់គ្រាន់ក្នុងការចំណាយថ្លៃឈ្នួល និងតម្រូវការនៅក្នុងផ្ទះ។
ដូច្នេះ ហ្គឺវ៉ារ៉ា (Guevarra) កំពុងធ្វើដំណើរឆ្ពោះទៅមុខជាមួយនឹងផែនការទីពីររបស់លោក។ លោកនិយាយថា អតីតនិយោជករបស់លោកបានហៅលោកឱ្យវិលត្រឡប់ទៅកាន់ប្រទេស លីប៊ី វិញ បន្ទាប់ពីក្រុមហ៊ុនបានពិចារណាឃើញថា សន្តិសុខមានស្ថេរភាព។ លោកនិយាយថា លោកមានផែនការវិលត្រឡប់ទៅវិញ ខណៈពេលដែលបងប្រុសដែលជាតន្រ្តីករនិងប្រពន្ធរបស់លោក ថែរក្សាអាជីវកម្មនៅឯផ្ទះ។
ទោះបីជាមានការលើកទឹកចិត្តពីរដ្ឋាភិបាលក្តី រឿងរ៉ាវរបស់លោកគឺជារឿងរ៉ាវសាមញ្ញនៅក្នុងប្រទេសហ្វីលីពិន ដែលក្រសួងការងារនិយាយថា ៨០ភាគរយនៃកម្មករដែលបានវិលត្រឡប់មកស្រុកកំណើត បានជ្រើសរើសវិលត្រឡប់ទៅបរទេសវិញ៕
ប្រែសម្រួលដោយ ឌី ខាំបូលី