ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​និង​វៀតណាម​ឯកភាព​គ្នា​រឹត​ចំណង​យោធា​និង​ការពារ​ជាតិ​បន្ថែម​ទៀត


រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីនថ្លែង​នៅទីក្រុង Quezon
រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីនថ្លែង​នៅទីក្រុង Quezon

ប្រទេស​វៀតណាម​និង​ហ្វីលីពីន​កាលពី​ថ្ងៃ​សុក្រ​បាន​ព្រមព្រៀង​បង្កើន​ចំណង​ទាក់ទង​ខាង​យោធា​និង​ការពារជាតិ​រួម​ទាំង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​បញ្ហា​សន្តិសុខ​ដែន​សមុទ្រ​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​រាយការណ៍​បន្ថែម​ថា​ការ​ពង្រឹង​ចំណង​ទាក់ទង​នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ទៀត​នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មិន​ត្រូវ​គ្នា​ជាមួយ​នឹង​ចិន​ដោយសារ​តែ​សកម្មភាព​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម​លោក Phan Van Giang បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​លោក Gilberto Teodoro។

ក្រសួង​ការពារជាតិ​ហ្វីលីពីន​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «រដ្ឋមន្ត្រី​ការពារជាតិ​ទាំង​ពីរ​បាន​សម្តែង​ការ​ប្តេជ្ញាចិត្ត​ឥត​ងាករេ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​និង​ការពារជាតិ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​តាមរយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​បន្ត​និង​ការ​ចូល​ប្រឡូក​នៅ​គ្រប់​កម្រិត​ទាំងអស់»។

លោក Giang ថា វៀតណាម​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ព្រមព្រៀង​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ចិនខាង​ត្បូង​និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​និង​ស្រប​តាម​ច្បាប់​អន្តរជាតិ។

កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ភាព​តានតឹង​នៅ​ងំ​នៅឡើយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​នៅ​ចំ​ពេល​ដែល​អន្តរជាតិ​មាន​កង្វល់​អំពី​លទ្ធភាព​នៃ​ការ​ឡើង​កម្តៅ​នៃ​ភាព​តានតឹង​នេះ ដោយ​ចិន​និង​ហ្វីលីពីន​មាន​ជម្លោះ​ជាមួយគ្នា​ស្ទើរ​រាល់​សប្តាហ៍​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG