កម្មវិធីថ្មីមួយផ្តល់ឱ្យក្រុមកសិករនៅក្នុងប្រទេសហ្វីលីពីន (Philippines) នូវការណែនាំតាមរយៈទូរស័ព្ទដៃរបស់ពួកគេអំពីការប្រើប្រាស់ជីរ។ ពួកអ្នកវិទ្យាសាស្ត្ររបស់វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិអំពីស្រូវ(IRRI) បានចំណាយពេលវេលា១៨ឆ្នាំរៀបចំប្រព័ន្ធ កំព្យូទ័រ (computer)មួយដើម្បីផ្តល់ឱ្យក្រុមកសិករនូវការណែនាំថា ត្រូវប្រើជីរប៉ុន្មានដើម្បីឱ្យបានផលិតផលស្រូវច្រើនបំផុត។
កាលពីឆ្នាំទៅមិញ ពួកគេបានរកឃើញបច្ចេកវិជ្ជាមួយដែលពួកគេមានជំនឿថា ជាបច្ចេកវិជ្ជាបែបនេះទីមួយក្នុងពិភពលោក។ លោករ៉ូឡង់ ប៊ុរ៉េស (RolandBuresh) ដែលជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅឯវិទ្យាស្ថាន IRRI បានបង្កើតកម្មវិធីមួយដែលផ្តល់ការណែនាំអំពីការប្រើប្រាស់ជីរដល់ក្រុមកសិករក្នុងតំបន់ដាច់ស្រយាលតាមរយៈសារជាអត្ថបទតាមទូរស័ព្ទចល័ត។ បច្ចេកទេសនេះត្រឹមត្រូវសម្រាប់ប្រទេសមួយដែលចំនួនជាង៩០ភាគរយនៃប្រជារាស្ត្រមានទូរស័ព្ទដៃមួយ។
លោក ប៊ុរ៉េស និយាយថា ស្រែនីមួយៗមានភាពប្លែកគ្នា ហើយការណ៍នេះនាំឱ្យពួកកសិករមានការពិបាកក្នុងការកម្រិតបរិមាណជីរត្រូវប្រើប្រាស់។
«អាចមានការចាត់ចែងផ្សេងគ្នាអំពីកាកសំណល់ដំណាំ។ វាអាចមានគ្រឿងធ្វើឱ្យដំណាំលូតលាស់ល្អដែលត្រូវប្រើម្តងទៀត។ វាអាចជាការដាក់វេនដាំដំណាំផ្សេងៗគ្នា។ វាអាចជាប្រភេទដំណាំផ្សេងៗគ្នា។ កត្តានីមួយៗក្នុងបណ្តាកត្តាទាំងនេះមានឥទ្ធិពលលើចំនួនគ្រឿងដែលគេត្រូវការដើម្បីធ្វើឱ្យដំណាំលូតលាស់ល្អ»។
ចាប់តាំងពីថ្ងៃច័ន្ទទី២៤មករាទៅ ក្រុមកសិករអាចហៅទៅលេខទូរស័ព្ទមិនចាំបាច់បង់ប្រាក់មួយដោយប្រើទូរស័ព្ទដៃរបស់ពួកគេ ហើយឆ្លើយនឹងសំណួរមួយចំនួនអំពីស្រែរបស់ពួកគេ បន្ទាប់មកពួកគេទទួលការណែនាំអំពីការប្រើប្រាស់ជីរដ៏ល្អបំផុត។ ប្រព័ន្ធទាំងមូលមានភាពស្វ័យប្រវត្តិហើយផ្តល់ការណែនាំជាភាសាបួនដែលត្រូវប្រើនៅក្នុងប្រទេសហ្វីលីពីន ដោយមានរួមបញ្ចូលទាំងភាសាអង់គ្លេសផងដែរ។
ពួកអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថាន IRRI កំពុងធ្វើការជាមួយពួកសហសេវិកឥណ្ឌូណេស៊ីដើម្បីរៀបចំប្រព័ន្ធនេះនៅក្នុងប្រទេសនេះ ហើយក្នុងរយៈពេលពីរបីឆ្នាំទៀត ពួកគេគ្រោងនឹងយកបច្ចេកវិជ្ជានេះទៅប្រទេសវៀតណាម ប្រទេសឥណ្ឌានិងប្រទេសបង់ក្លាដែស។
ប្រទេសហ្វីលីពីន ជាប្រទេសនាំចូលអង្ករច្រើនជាងគេបំផុតក្នុងពិភពលោក។ក៏ប៉ុន្តែក្រសួងកសិកម្មបានជំរុញឱ្យបង្កើនផលិតផលក្នុងប្រទេស ជាពិសេសក្រោយពីតម្លៃអង្ករសកលបានកើនទ្បើងយ៉ាងច្រើនក្នុងឆ្នាំ២០០៨៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ