ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិស័យ​ទេសចរណ៍​ហ្វ៊ីលីពីន​រងផល​ប៉ះពាល់​ពី​អំពើ​ប្លន់​រថយន្ត


វ៉ាស៊ីនតោន៖ សកម្មភាព​ប្លន់រថយន្តក្រុង​មួយ​គ្រឿងដែល​ផ្ទុកទេសចរ​ណ៍​ហុងកុង កាល​ពី​ខែ​មុន នៅក្នុង​ទី​ក្រុង​ម៉ានីឡា (Manila)​ បានជំរុញ​ឲ្យ​មាន​ការ​លុប​ចោលការស្នាក់នៅសណ្ឋាគារ​ជា​ច្រើនពាសពេញ​ប្រទេស​ហ្វីលីពីន។​ Ira Mellman នៃ​វីអូអេរាយការណ៍ថា កោះរមណីយដ្ឋានដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​កន្លែងបាន​ទទួល​រង​ផល​ប៉ះពាល់​ដ៏​ធ្ងន់​ធ្ងរបំផុត។

រលក​សមុទ្រ​ពណ៌​ខៀវបន្ត​បោក​បក់​ទៅ​លើ​ឆ្នេរ​ខ្សាច់​ពណ៌​ស​ ដែល​នៅ​តែស្រស់ស្អាត​នៅកោះបូរ៉ាខេ (Boracay)​ នៃ​ប្រទេស​ហ្វីលីពីន​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៣៤៥​គីឡូ​ម៉ែត្រ​ ភាគ​ខាងត្បូង​រដ្ឋ​ធានី​ម៉ានីឡា។

ប៉ុន្តែ ឥឡូវ​នេះ កៅ​អី​អង្គុយ​លេង និង​កៅ​អី​សម្រាប់​ទម្រេត​ខ្លួនជា​ច្រើន នៅ​តាម​ឆ្នេរ​សមុទ្រ​ គ្មាន​មនុស្ស​អង្គុយ​ទេ បន្ទាប់​ពី​អតីត​មន្ត្រី​ប៉ូលីស​ម្នាក់​របស់​ប្រទេស​ហ្វីលីពីនបាន​ប្លន់​រថយន្ត​ក្រុងមួយគ្រឿង​ ​ដែល​ដឹក​ទេសចរហុងកុង នៅ​ក្នុង​ទី​ក្រុង​ម៉ានីឡា កាល​ពី​ថ្ងៃទី​២៣​ ខែ​សីហា។ ​ទេសចរចំនួន​៨​នាក់ត្រូវ​បាន​សម្លាប់។

ការផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ស្តី​ពី​ទង្វើ​នោះ​ និង​ការ​សម្រេច​ចិត្តរបស់​រដ្ឋាភិបាល​ក្រុងហុង​កុង ក្នុង​ការ​ព្រមាន​ការដំណើរ​ទៅ​កាន់​ហ្វីលីពីន​ បានជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើវិស័យ​ទេសចរទាំង​អស់​របស់​ប្រទេស​នេះ។ ពីរ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ចាប់​ចំណាប់​ខ្មាំង​ ការ​កក់​បន្ទប់​ចំនួន​៨០០​ត្រូវ​បាន​លុប​ចោល​វិញ នៅ​សណ្ឋាគារ​ទាំង​ឡាយនៅកោះ​បូរ៉ាខេ (Boracay) ​តែ​មួយប៉ុណ្ណោះ។

កាលពីឆ្នាំមុន កោះបូរ៉ាខេ​បានទទួលស្វាគមន៍ទេសចរចំនួន៦៥ម៉ឺននាក់។ ក្រុមទេសចរ​មក​ពី​ប្រទេស​ចិនមាន​ចំនួន​១៨​ភាគរយ​នៃ​ចំនួន​នេះ។ លោកម័រហ្គែន វូ (Morgan Wu) ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​តៃវ៉ាន់។ លោក​ថ្លែង​ថា៖

«តាម​ពិត ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​បន្តិច​ដែរ នឹង​ការមក​កាន់​ទី​នេះ»។

MGM គឺ​ជា​រមណីយដ្ឋាន​មួយ​កន្លែង ដែល​រកកល់ដួលរលំដោយ​សារ​តែ​គ្មាន​អតិថិជន។​ ក្រុមទេសចរ​មក​ពី​ប្រទេស​ចិនមាន​ចំនួន​ពាក់​កណ្តាល​នៃ​មុខ​របរទាំង​មូល។​ ក្រុម​ទេសចរមក​ពី​ក្រុង​ហុង​កុងមាន​ចំនួន​៧​ភាគ​រយ។ លោកអេឌវីន រ៉េមុនដូ (Edwin Raymundo) ជា​អ្នក​គ្រប់​គ្រង​ទូ​ទៅ​នៃ​សណ្ឋាគារ​នោះ។ លោក​រ៉េមុនដូ​ បន្ត​ថា៖

«ជា​ការ​ពិត​ណាស់ មាន​ផល​ប៉ះពាល់មែន ដោយ​សារ​តែ​យើង​ក៏​មាន​ទទួល​ការ​កក់នៅ​ឯ​ការិយាល័យ​ក្នុងក្រុង​ម៉ានីឡា ហើយ​ការិយាល័យ​ទាំង​នោះ​ទទួល​បន្ទុកការកក់​ទាំង​អស់​ ហើយ​ការិយាល័យ​នោះ​រាយការណ៍​មក​ខ្ញុំ​ថា មាន​ការ​លុប​ចោល​មួយ​ចំនួន ដោយ​សារ​តែ​ឧបទ្ទវហេតុ​នេះ»។

លោក​រ៉េមុនដូ​ មាន​ប្រសាសន៍​ថា នៅ​មាន​ក្រុមទេសចរ​ខ្លះ បាន​ហូរ​ចូល​មក​ពី​ប្រទេសចិន ប៉ុន្តែ​ ការ​ធ្វើ​ជំនួញ​មក​ពី​ខាង​ទី​ក្រុង​ហុង​កុងត្រូវ​ជាប់​គាំង​ទាំង​ស្រុង​តែ​ម្តង។ លោក​ថ្លែង​ថា៖

«ខ្ញុំ​បន់​ស្រន់​សូម​ឲ្យ​ឧបទ្ទវហេតុ​នេះ​ផុត​រលត់​ទៅ​ ហើយ​ឧបទ្ទវហេតុ​នេះ​នឹង​មិន​អូស​បន្លាយ​ពេលយូរជាង​នេះ​ទេ។ ហើយ​ទំនាក់​ទំនង​រវាង​ប្រទេស​យើង និង​ក្រុង​ហុង​កុងនឹង​ស្ថិត​នៅ​ដដែល»។

ទេសចរ​មួយ​ចំនួន​ និយាយ​ថា ប្រតិកម្ម​ចំពោះ​ឧបទ្ទវហេតុ​ចាប់​ចំណាប់​ខ្មាំងត្រូវ​បាននិយាយ​ពន្លើស។ លោក ខាឡូស ណាហ្សារីណូ (Carlos Nazarino) ជា​អ្នក​ព័ត៌មាន​វិទ្យា​ មក​ពីក្រុង​ម៉ានីឡា។ លោក​ ណាហ្សារីណូ​ មាន​ប្រសាសន៍ថា៖

«ឧបទ្ទវហេតុ​នេះ​ពិត​ជា​អាក្រក់​ណាស់ ដោយ​សារ​តែ​មាន​រឿង​មួយ​កើត​ឡើង ដោយ​សារ​តែមនុស្ស​ម្នាក់​នេះបាន​ប្រព្រឹត្ត​រឿង​នោះ​ឡើង។ ឧបទ្ទវ​ហេតុ​នេះបាន​ប៉ះ​ពាល់ដល់​មនុស្ស​ជា​ច្រើន»។

ស្តេហ្វានី​ (Stephanie) ដែល​ជា​ទេសចរណ៍​មក​ពី​ប្រទេស​អាឡឺម៉ង់ បាន​ថ្លែង​ថា៖

«​ហ្វីលីពីន​មិន​មែន​ជា​ប្រទេស​ដ៏​គ្រោះ​ថ្នាក់​នោះ​ទេ។ វា​ជា​ប្រទេស​ដ៏​ល្អ​ និង​មានប្រជាពល​រដ្ឋ​យ៉ាង​សុភាព​រាប​សារ។​ ប៉ុន្តែ អ្នក​ដឹង​ទេ​ថា​ អ្វី​ដែល​បាន​កើត​ឡើង​ នា​ពេល​ឥឡូវ​នេះ ជា​ចំណុច​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់ ហើយ​មនុស្ស​គ្រប់​រូប​កំពុង​និយាយអំពី​រឿង​នេះ។ ប៉ុន្តែ​ខ្ញុំ​យល់​ថា​អ្វីៗ​នឹង​ត្រូវ​ផ្លាស់​ប្តូរ»។

អជ្ញាធរ​ទេសចរកំពុង​ព្យាយាម​ធ្វើ​កិច្ចការ​នោះ​ហើយ​ ដោយ​និយាយ​ថា​ ពួក​គេ​នឹង​បើកយុទ្ធនាការ​ផ្សព្វ​ផ្សាយ​យ៉ាង​ធំ​មួយ​ ​ដើម្បី​ស្តារ​មុខមាត់ហ្វីលីពីន​ឡើង​វិញ ព្រម​ទាំងធ្វើ​ការបង្កើនថវិកាដើម្បី​ទាក់​ទាញ​ទេសចរមក​វិញ៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG