ភ្នំពេញ — មន្ទីរពេទ្យកាល់ម៉ែតក៏ដូចជាមន្ទីរពេទ្យរដ្ឋផ្សេងទៀតនៅភ្នំពេញ មានភាពមមាញឹកជាងពេលរាល់ដង ខណៈមានវិបត្តិជំងឺកូវីដ១៩ ដែលពលរដ្ឋកម្ពុជាពិបាកធ្វើដំណើរទៅក្រៅប្រទេស ដើម្បីព្យាបាលជំងឺ និងពិនិត្យសុខភាព។
នៅខាងមុខអគារសង្គ្រោះបន្ទាន់ក្នុងពេទ្យកាល់ម៉ែត គេឃើញគ្រែជាជួរៗដែលមានអ្នកជំងឺស្នាក់នៅពេញ។ បងប្អូន សាច់ញាតិ និងមិត្តភក្តិរបស់អ្នកជំងឺខ្លះ អង្គុយអែបគៀនផ្លូវដើរ អង្គុយនៅតាមបង់មានប្រក់ឆត្រ ខ្លះចងអង្រឹង ខ្លះក្រាលកន្ទេលនៅក្រោមដើមឈើ ដើម្បីគេងសម្រាក។ អ្នកខ្លះទៀតបោះតង់ពណ៌ខៀវបៃតង ដែលជាតង់ប្រើសម្រាប់សម្រាកតាមព្រៃភ្នំក្នុងដំណើរកម្សាន្តជាដើម។
លោក ពិសិដ្ឋ ដែលសុំប្រាប់ត្រឹមនាមខ្លួននិយាយថា ម្តាយរបស់លោក អាយុ៥៩ឆ្នាំ នៅបន្តព្យាបាលជំងឺតម្រងនោមរ៉ាំរ៉ៃនៅមន្ទីរពេទ្យកាល់ម៉ែត។ ពិសិដ្ឋ អាយុ២៧ឆ្នាំ បានប្រាប់ VOA ថា លោកធ្លាប់បាននាំម្តាយទៅព្យាបាលនៅមន្ទីរពេទ្យឯកជនផាយ៉ាថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលមានការរឹតបន្តឹងការធ្វើដំណើរ ដោយសារជំងឺកូវីដ១៩។
លោកនិងម្តាយបានសម្រាកនៅទីនោះ ប្រមាណ២ខែ រួមទាំងការធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
លោកប្រាប់ VOA តាមទូរស័ព្ទថា៖ «យើងខ្លាច។ និយាយអត់ខ្លាចម៉េច? បើនៅផ្អើលកូវីដសឹងអី ប៉ុន្តែនៅតែពុះពារទៅ ដោយសារយើងទុកចិត្តនៅនោះជាងហ្នឹងឯង»។
ពិសិដ្ឋដែលមកពីខេត្តកំពង់ចាម និងជាអ្នកប្រកបរបរលក់ដូរម្នាក់ និយាយថា លោកស្ទាក់ស្ទើរក្នុងការព្យាបាលម្តាយនៅភ្នំពេញ ដោយសារតែការប្រើប្រាស់សេវាសុខាភិបាលកន្លងមកនៅប្រទេសថៃបានធ្វើឲ្យលោកមានសង្ឃឹម។
លោកនិយាយថា៖ «សម្រាប់ខ្ញុំយល់ថា បើរឿងជីវិតយើងមើលមិនឃើញទេ។ ប៉ុន្តែសម្រាប់ទឹកចិត្តនិងក្តីសង្ឈឹម គឺនៅប្រទេសគេសង្ឃឹមជាង។ នៅប្រទេសគេយើងមានអារម្មណ៍ថា កក់ក្តៅជាង បើនិយាយទៅ។ មិនមែនថា មើលងាយខ្មែរទេ ប៉ុន្តែយើងព្យាបាលនៅខ្មែរឆ្អែតហើយ។ បើនៅខ្មែរ ដូចអត់មានអារម្មណ៍នៅហ្នឹងខ្លួនអញ្ចឹង វាចង់អស់អារម្មណ៍។ អ្នកជំងឺព្យាបាលពីមួយថ្ងៃទៅមួយថ្ងៃនៅដដែលៗអញ្ចឹងទៅ។ បើនៅប្រទេសគេ ក្នុងអំឡុងពេលដែលគេឃុំយើងហ្នឹងណា ឃុំពីកូវីដហ្នឹង គេមិនទាន់ព្យាបាលទាំងស្រុងផង អ្នកជំងឺធូរបណ្តើរៗហើយហ្នឹង»។
ទោះជាយ៉ាងណា ម្តាយរបស់លោកត្រូវបន្តការព្យាបាលជំងឺតម្រងនោមរ៉ាំរ៉ៃនេះ ដូច្នេះលោក ពិសិដ្ឋ ត្រូវធ្វើដំណើរទៅមករវាងខេត្តកំពង់ចាម និងទីក្រុងភ្នំពេញជារៀងរាល់សប្តាហ៍។
លោកបន្តថា លោកចង់ឃើញការប្រើប្រាស់ពាក្យពេចន៍ក្នុងចំណោមក្រុមគ្រូពេទ្យខ្មែរ ដែលលោកថាអាចផ្តល់កម្លាំងចិត្ដដល់អ្នកជំងឺនិងបង្កភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងគ្នាដែលជាបទពិសោធន៍ល្អ លោកទទួលបានពីសេវាព្យាបាលនៅប្រទេសថៃ។
មិនមានស្ថិតិជាក់លាក់បង្ហាញអំពីចំនួនធ្លាក់ចុះនៃទេសចរណ៍សុខាភិបាលទៅក្រៅប្រទេសនោះទេ។
ប៉ុន្តែលោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ប្រាប់វីអូអេថា កាលពីមុនពេលមានវិបត្តិជំងឺកូវីដ១៩ យ៉ាងតិច ៤០% នៃអ្នកដែលចេញដំណើរកម្សាន្តក្រៅប្រទេស បានទៅពិនិត្យសុខភាព។ VOA បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ប៉ុន្តែពុំមានការឆ្លើយតប។
ចាប់តាំងពីអាជ្ញាធរថៃនិងវៀតណាមប្រកាសបិទច្រកឆ្លងកាត់ព្រំដែនទាំងអស់ជាមួយកម្ពុជា ចាប់ពីខែមីនា ឆ្នាំ២០២០ ប្រជាពលរដ្ឋកម្ពុជាដែលប៉ងទៅព្យាបាលជំងឺនៅប្រទេសទាំងនោះ ត្រូវអាក់ខានគម្រោងរបស់ខ្លួន។
ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យរដ្ឋក្នុងស្រុកមើលឃើញការកើនឡើងនៃអ្នកជំងឺជាបន្តបន្ទាប់ នៅតាមអគារព្យាបាលជំងឺរបស់ខ្លួន។
វេជ្ជបណ្ឌិត លោក គឹម ស៊ុនលី ជំនាញខាងព្យាបាលជំងឺបាក់បែកឆ្អឹងនៅពេទ្យលោកសង្ឃ ប្រាប់វីអូអេថា មន្ទីរពេទ្យបានដំឡើងគ្រែបន្ថែមទៀត ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «និយាយរួមអ្នកជំងឺកន្លែងខ្ញុំ ពីមួយថ្ងៃទៅមួយថ្ងៃគឺកើនខ្លាំងណាស់។ ឥឡូវនេះសឹងតែអត់គ្រែដាក់ជំងឺខ្ញុំក្នុងមួយថ្ងៃ ដែលគេងពេទ្យពី ១៤០ ដល់ ១៥០ ឬ១៦០។ អានេះតែផ្នែកបាក់បែកឆ្អឹងទេណា។ ... ចាប់តាំងពីកូវីដហ្នឹងគឺសម្រុកមកច្រើនអញ្ចឹងហ្មង...១៤០[គ្រែ] ឥឡូវដំឡើង២០គ្រែទៀត។ ២០ គ្រែហ្នឹងពេញទាំងអស់... ពេញទាំងអស់ ពេញហៀរដល់ក្រៅហ្មងណា»។
លោកបន្តថា តាមការសាកសួរ ភាគច្រើននៃអ្នកជំងឺទាំងនោះ មិនអាចចេញទៅក្រៅប្រទេសបាន។
លោកបន្ថែមថា៖ «ភាគច្រើនគាត់ទៅវៀតណាមទៅថៃ ទៅសាំងហ្គាពួរអញ្ចឹងទៅ។ អ្នកដែលគេមានធនធានណា។ ប៉ុន្តែឥឡូវភាគច្រើនល្មមៗ គាត់អត់ទៅទេ។ គាត់មកពេទ្យយើងធម្មតាវិញ»។
នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ លោកវេជ្ជបណ្ឌិត គឹម សមសាន្ត អនុប្រធានផ្នែកព្យាបាលមនុស្សចាស់ មានប្រសាសន៍ថា មានកំណើនអ្នកជំងឺមកព្យាបាលនៅមន្ទីរនេះ ដូចគ្នានឹងមន្ទីរពេទ្យរដ្ឋផ្សេងទៀតដែរ។
លោកប្រាប់ VOA ថា៖ «ពីមុន(កូវីដ១៩)យើងមានអ្នកជំងឺអត់បានពេញអគារទេ។ ឥឡូវយើងមានពេញអគារទាំងអស់ រកកន្លែងសម្រាកអត់បានផង» ។
លោកវេជ្ជបណ្ឌិត គឹម សមសាន្ត ឲ្យដឹងថាអ្នកជំងឺរបស់លោកមនុស្សចាស់ ភាគច្រើនមានជំងឺភ្លេចភ្លាំង ជំងឺបេះដូង សរសៃឈាម លើសសម្ពាធឈាម និងជំងឺដែលបណ្តាលពីមេរោគមួយចំនួន ដែលបង្កឲ្យរលាកផ្លូវដង្ហើមនិងពោះវៀនជាដើម។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ឃើញថា គឺដោយគុណភាពសេវា យើងវាកាន់តែអភិវឌ្ឍខ្ពស់ទៅៗ ដែលអាចទទួលយកបានពីបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាល។ អញ្ចឹងការផ្សព្វផ្សាយចេះតែទូលំទូលាយទៅ ចេះតែសំដៅមកធ្វើការព្យាបាល នៅអគារមនុស្សចាស់ហ្នឹង។ ជាពិសេសចាស់ៗដែលមានអាយុ ចាប់ពី៧៥ឡើង»។
កាលពីខែកក្កដា ឆ្នាំ២០២០ លោក ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលធ្លាប់ទៅព្យាបាលនៅពេទ្យក្រៅប្រទេស ងាកមករកសេវាក្នុងស្រុកវិញ ដោយសារពិបាកធ្វើដំណើរទៅបរទេស។
លោកថ្លែងថា៖ «ឥឡូវលើការជាក់ស្តែងអ្នកដែលធ្លាប់ទៅព្យាបាលនៅសិង្ហបុរី នៅថៃ នៅវៀតណាម នៅបារាំង ព្យាបាលក្នុងស្រុកទាំងអស់ [ព្យាបាលដោយ]ពេទ្យខ្មែរទាំងអស់។ ចេះរស់ហ្នឹងគេដែរ។ មើលយើងជួយគិតគ្នាមើល។ អង្កាល់ពីមុន ដោយសារតែទៅក្រៅស្រុកបានបង្អាប់ពេទ្យខ្មែរ។ ឥឡូវដល់ឈឺរកពេទ្យខ្មែររស់ដែរ។ វាបញ្ហាស្ថិតនៅត្រង់យើងឲ្យតម្លៃទេ»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តីផ្ទាល់បានជ្រើសរើសទៅពិនិត្យសុខភាពរបស់លោកនៅមន្ទីរពេទ្យល្បីឈ្មោះមួយ នៅប្រទេសសិង្ហបុរី កាលពីកន្លងទៅ ដែលនាំឲ្យមានការរិះគន់ថា មេដឹកនាំមិនទុកចិត្តសេវាសុខាភិបាលក្នុងស្រុក។
ផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ ២០១៦-២០២០ បង្ហាញថា កម្ពុជាមានមូលដ្ឋានសុខាភិបាលរបស់រដ្ឋជាង ១ ពាន់កន្លែង និងឯកជនប្រមាណ ៨ ពាន់កន្លែងនៅទូទាំងប្រទេស។
បច្ចុប្បន្នជាងពាក់កណ្តាលនៃថវិកាចំណាយសរុបលើវិស័យសុខាភិបាលកម្ពុជា ត្រូវបានចំណាយទៅលើសម្ភារៈវេជ្ជសាស្ត្រ។ នេះបើយោងតាមសេចក្តីសង្ខេបរបស់ព្រឹត្តិបត្រ The Healthcare Law Review របស់ស្ថាប័នស្រាវជ្រាវមួយនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសចេញផ្សាយក្នុងខែកញ្ញា ឆ្នាំ២០២០ ដែលបានសិក្សាអំពីសេដ្ឋកិច្ចសុខាភិបាលនៅកម្ពុជា និងប្រទេសដទៃទៀត។
របាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០១៨ របស់ក្រសួងសុខាភិបាល ឲ្យដឹងថា គុណភាពនៃសេវាថែទាំ និងព្យាបាលនៅកម្ពុជាមិនទាន់ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អ្នកជំងឺ និងអតិថិជននៅឡើយ ដោយសារតែឧបសគ្គផ្នែកធនធានហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន មានជាអាទិ៍ចំនួននិងប្រភេទបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែក ថ្នាក់ស្រុក និងមណ្ឌលសុខភាព មិនទាន់គ្រប់តាមនិយាម សមត្ថភាពគ្លីនិកក្នុងការធ្វើរោគវិនិច្ឆយ និងកង្វះឧបករណ៍និងបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើបជាដើម។
នៅមន្ទីរពេទ្យកាល់ម៉ែត លោក វន សៀងហៃ ភរិយានិងសាច់ញាតិដទៃទៀត សរុប ៧ នាក់អង្គុយហូបបាយនៅក្បែរតង់មួយ។ ពួកគេដែលមកពីខេត្តកំពង់ធំ ដូរវេនគ្នាមើលថែជីតា អាយុ៧០ឆ្នាំ ដែលកំពុងព្យាបាលជំងឺលើសសម្ពាធឈាមនៅបន្ទប់សង្គ្រោះបន្ទាន់មួយ។
លោកប្រាប់ VOA ថា៖ «ខ្ញុំទើបនឹងមកដែរ...គ្រាន់តែថាមនុស្សច្រើន។ ខ្ញុំធ្លាប់មកម្ហឹកមុន អត់មនុស្សច្រើនអញ្ចឹងទេ។ អ្នកជំងឺក៏អត់ពេញ នៅមុខហ្នឹងដែរ គឺចូលមកទៅក្នុងហ្មង»។
លោក សៀងហៃ អាយុ៣១ឆ្នាំ និងក្រុមគ្រួសារបានព្យាយាមស្វែងរកជម្រើស ដើម្បីបន្តការព្យាបាលជីតា។ ហើយលោកសម្រេចបញ្ជូនជីតាមកពេទ្យកាល់ម៉ែត ក្រោយការព្យាបាលមិនជាសះស្បើយនៅឯមន្ទីរពេទ្យខេត្ត។
លោកនិយាយថា៖ «បាទគាត់សង្គ្រោះបន្ទាន់ ព្រោះឡើងឈាមព្រោះនៅ(ពេទ្យ)ខេត្តឡើងយូរពេក អត់ដឹង ថាគាត់ឡើងឈាមខ្លាំង ហើយដាច់សរសៃឈាមកកក្នុងខួរក្បាល។ ពេទ្យខេត្តគេថាឈាមយើងចុះហើយៗ ប៉ុន្តែអត់បានស្កេនអត់បានអីមើលអញ្ចឹងណា។ ទាល់តែយើងយកទៅស្កេននៅពេទ្យឯកជនខាងក្រៅបានដឹងហើយគាត់បញ្ជូនមកពេទ្យធំនៅភ្នំពេញហ្មងទៅ»។
លោកឲ្យដឹងថា ដំបូងឡើយ ក្រុមគ្រួសារលោកចង់បញ្ជូនជីតាខ្លួនទៅព្យាបាលនៅប្រទេសថៃ។ លោកបានទាក់ទងឪពុកមារស់នៅទីក្រុងបាងកក ដែលចេះភាសាថៃ ប៉ុន្តែក្រោយមកឪពុកមាលោកប្រាប់ថា ពិបាករៀបចំឯកសារ។
ម្យ៉ាងទៀត រដ្ឋាភិបាលថៃតម្រូវឲ្យពលរដ្ឋបរទេសដែលចង់ទៅព្យាបាលនៅប្រទេសថៃ មានប្រាក់តម្កល់ក្នុងធនាគារ ត្រូវទិញធានារ៉ាប់រងអាយុជីវិតអ្នកជំងឺនិងក្រុមគ្រួសារ ត្រូវផ្តល់លិខិតធ្វើតេស្តបញ្ជាក់អវិជ្ជមានកូវីដ ព្រមទទួលយកការធ្វើចត្តាឡីស័កនិងត្រូវរង់ចាំការយល់ព្រមពីក្រសួងសុខាភិបាលថៃសិន។ នេះបើតាមព័ត៌មានចេញផ្សាយនៅគេហទំព័រស្ថានទូតថៃប្រចាំនៅកម្ពុជា។
លោក វន សៀងហៃ លើកឡើងថា ក្រុមគ្រួសារពុំមានលទ្ធភាពធ្វើដូចនេះទេ។
លោកបញ្ជាក់ថា៖ «បើមានថវិកាគ្រប់គ្រាន់ប្រហែលជាអាចនាំទៅខាងក្រៅវិញ ព្រោះអីសេវាគេខាងនោះ គឺថាសេវាគេលឿន។ នៅយើង ពេទ្យរាងតិច អ្នកជំងឺច្រើន ហើយអត់សូវមានឧបករណ៍ទំនើបៗដូចគេច្រើនអញ្ចឹង»។
បុគ្គលិកពេទ្យផាយ៉ាថៃផ្នែកបកប្រែភាសាខ្មែរ-ថៃលោក គី ណាគ្រី ប្រាប់ VOA ថា អ្នកជំងឺដែលមកព្យាបាលបានធ្លាក់ចុះខ្លាំងនាពេលនេះ។
លោកមានប្រសាសន៍ថា៖ «វាតិចមែនឥឡូវសម្រាប់តែអ្នកជំងឺចាំបាច់បំផុតបាទ។ ... លុះណាតែក្នុងលក្ខណៈថាអ្នកជំងឺដែលចាំបាច់ក្នុងការព្យាបាល ដូចជាទីមួយអ្នកជំងឺសង្គ្រោះបន្ទាន់ ទីពីរអ្នកមានជំងឺដូចជាមហារីក ឬក៏អ្នកជំងឺដែលត្រូវវះកាត់»។
លោកបន្តថា៖ «អ្នកជំងឺខ្លះដែលតាមដានជំងឺស្រាលៗ ល្មមៗអញ្ចឹង។ គាត់តាមដាននៅស្រុកខ្មែរយើងតាមមន្ទីរពេទ្យធំៗដែលគាត់ស្គាល់។ ...ជាទូទៅអ្នកជំងឺទាក់ទងមកខ្ញុំ គាត់ទាក់ទងរហូតរាល់ខែ។ គាត់តាម follow up [តាមដានបន្ត]ជាមួយដុកទ័រ គាត់ជួសឈាមនៅខ្មែរ ហើយផ្ញើលទ្ធផលឲ្យវេជ្ជបណ្ឌិតថៃមើលវិញ ហើយផ្ញើថ្នាំឲ្យគាត់វិញ»។
ប៉ុន្តែលោក អ៊ុំ សុភាព នាយកមន្ទីរព្យាបាលឯកជនមួយឈ្មោះពហុព្យាបាលខេម៉ា ឲ្យដឹងថា មិនមានការកើនឡើងអ្នកជំងឺ ដែលមករកសេវាព្យាបាលនៅមន្ទីរពេទ្យរបស់លោកទេ។ ផ្ទុយទៅវិញ លោកថាចំនួនអ្នកជំងឺបានធ្លាក់ចុះជាង ៤០% ក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩។
លោកពន្យល់ថា៖ «អ្នកខ្លះទៀតដូចថាទ្រាំទៅឈឺល្មមៗ អត់មកទេ។ រកថ្នាំរកអីលេបខ្លួនឯងទៅ អត់ហ៊ានមកពេទ្យ អញ្ចឹងទៅ។ ឧទាហរណ៍ ពីរបី(ដង)ដូចពេលផ្ទុះសហគមន៍ហ្នឹង ស្ងាត់។ ដូចថាផ្ទុះខ្លាំងរឿងមកពីថៃអីហ្នឹង ស្ងាត់មួយសាទៀតទៅ»។
ពលរដ្ឋខ្មែរមួយចំនួនដែលមានលទ្ធភាពបានងាកទៅរកការព្យាបាលនៅមន្ទីរពេទ្យឯកជន ដើម្បីទទួលបានសេវាមួយសមរម្យ ក្រោយសាកល្បងព្យាបាលនៅពេទ្យរដ្ឋមួយចំនួន។
ដូចលោក ម៉ន ធី អាយុ៥៩ឆ្នាំ អង្គុយចាំកូនប្រុស អាយុ៣៣ឆ្នាំ ទទួលការព្យាបាលបញ្ហាឆ្អឹងនៅមន្ទីរពេទ្យឯកជនមួយ។ លោកដែលមកពីសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក្រុងភ្នំពេញ បានប្រាប់ VOA ថា៖ «មកមើលក្នុងស្រុកហ្នឹងព្រោះក្រៅគេអត់ឲ្យទៅហ្អា អញ្ចឹងណា»។
លោកបន្តថា៖ «ចាំមើលថាធ្ងន់អាហ្នឹងចង់ទៅក្រៅដែរ តែនេះវាល្មមដែរ។ ចង់ទៅក្រៅ មានតែខ្ចីគេខ្ចីឯង តែយើងវាស្រាលដែរ ល្មមដែរមិនធ្ងន់ធ្ងរប៉ុន្មាន»៕