វ៉ាស៊ីនតោន៖ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានជួបជុំជាមួយពលរដ្ឋខ្មែរអាមេរិកាំងមួយក្រុមក្នុងរដ្ឋVirginia ដើម្បីទាក់ទាញការគាំទ្រដល់គណបក្សរបស់លោក។
ប្រជាពលរដ្ឋខ្មែរអាមេរិកាំង ដែលមានការហត់នឿយធុញទ្រាន់នឹងបញ្ហានយោបាយក្នុងប្រទេសកម្ពុជា គួរតែរួមកម្លាំងគ្នាឡើងវិញ ហើយផ្តល់ឱកាសឱ្យក្រុមអ្នកប្រជាធិបតេយ្យផ្តួលរំលំអ្នកនយោបាយលោភលន់ដែលកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជា។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានធ្វើការអំពាវនាវនេះ ខណៈពេលដែលជួបជុំជាមួយពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋ Virginia កាលពីយប់ថ្ងៃពុធ និងស្របពេលដែលអ្នកខ្លះមើលឃើញថា ចំណាប់អារម្មណ៍របស់ពលរដ្ឋខ្មែរអាមេរិកាំងលើស្ថានការណ៍នយោបាយក្នុងស្រុកកាន់តែមានការថយចុះ ដោយសារតែពួកគេមិនសង្ឃឹមថា នឹងមានអ្នកនយោបាយដែលនឹងបម្រើដល់ផលប្រយោជន៍ប្រជាជនពិតប្រាកដបាន។
“ខ្ញុំមកថ្ងៃនេះគឺដើម្បីបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ មេត្តាជ្រាបថា បើបងប្អូននៅក្រៅប្រទេសធុញទ្រាន់ អស់សង្ឃឹម ខ្ញុំនៅក្នុងប្រទេសមិនមានឱកាស មិនមានលទ្ធភាពដើម្បីតស៊ូ ជួយតស៊ូស្រោចស្រង់ប្រទេសជាតិយើងបានទេ។ យើងខ្ញុំត្រូវការបងប្អូនទាំងអស់គ្នាជួយបន្តទៅទៀត នេះជាដង្ហើមចុងក្រោយរបស់ជាតិយើង ហើយបញ្ហាធំៗជាច្រើនដែលយើងទាំងអស់គ្នាបានមើលឃើញ គឺយើងមិនទាន់ដោះស្រាយបាននៅឡើយទេ មកដល់ពេលនេះ”។
លោកកឹម សុខា បញ្ជាក់ប្រាប់អ្នកចូលរួមដែលមានចំនួនជាង២០នាក់មកស្តាប់ក្នុងភោជនីយដ្ឋានហាវ៉េសមូនថា មានបញ្ហាជាច្រើន ដូចជារឿងបូរណភាពទឹកដី នៅមិនទាន់ដោះស្រាយបានចប់ស្រួលបួលនៅឡើយ មានការប្រើប្រាស់អំណាចដោយបំពាន មានការគំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់ ការចាប់រឹបអូសយកដីធ្លី អំពើពុករលួយ និងការបំផ្លាញធនធានធម្មជាតិជាដើម។
“អំពើពុករលួយបំផ្លាញទ្រព្យសម្បត្តិជាតិ ដីធ្លី ត្រី ព្រៃឈើ ឥឡូវនៅសល់រ៉ែ ដែលយើងភ័យព្រួយបំផុតចុងក្រោយ។ បើយើងទុកឱ្យអ្នកដឹកនាំលោភៈ ទោសៈដឹកនាំតទៅទៀត យើងជឿថា របស់ទាំងអស់នេះ នឹងហិនហោច ដូចអ្វីដែលហិនហោចកន្លងមក"។
ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៨កន្លងមកនេះ គណបក្សសិទ្ធិមនុស្សឈ្នះបានកៅអីចំនួនតែ៣ប៉ុណ្ណោះក្នុងចំណោមកៅអីចំនួន១២៣ ហើយសម្រាប់ជាជោគជ័យក្នុងការបោះឆ្នោតខាងមុខ លោកកឹម សុខាបង្ហាញថា ជាគោលការណ៍ គណបក្សរបស់លោកត្រូវការបង្រួមអ្នកប្រជាធិបតេយ្យនិងមិនយកអ្នកណាធ្វើជាសត្រូវទេ ហើយដោះស្រាយបញ្ហាទាំងអស់នេះដោយប្រកាន់ជំហរកណ្តាលមួយ។
លោកព្រហ្ម ស៊ុនណូរ៉ា ដែលបានចូលរួមស្តាប់នាល្ងាចនោះ បានប្រាប់វីអូអេថា លោកក៏ធ្លាប់មានការខកចិត្តលើអ្នកនយោយបាយខ្មែរកន្លងមកដែរ ដែលក្រោយពីឈ្នះបានអំណាច មិនយកមកបម្រើប្រជាជន ហើយក្រុមអ្នកប្រជាធិបតេយ្យមានការបែកបាក់គ្នា ប៉ុន្តែក្រោយពីបានស្តាប់គោលការណ៍របស់លោកកឹម សុខា លោកបានសម្តែងការយល់ស្រប។
“តាមយោបល់ខ្ញុំ ខ្ញុំថា លោកកឹម សុខា ឬក៏គណបក្សប្រជាធិបតេយ្យ គឺជំហរនេះ ខ្ញុំយល់ថា ជាជំហរត្រឹមត្រូវ ហើយគួរទទួលបានការគាំទ្រ ការឧបត្ថម្ភពីប្រជារាស្ត្រទាំងអស់ ពីព្រោះនេះគឺជាការប្រមូលផ្តុំអ្នកជាតិនិយម ប្រមូលផ្តុំអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យ”។
ពេលបច្ចុប្បន្ន លោកកឹម សុខាកំពុងធ្វើដំណើរតាមរដ្ឋនានាក្នុងសហរដ្ឋអាមេរិក ដើម្បីបង្ហាញគោលនយោបាយគណបក្សរបស់លោកនិងទាក់ទាញរកការគាំទ្របន្ថែមទៀត។
នៅចុងសប្តាហ៍នេះ គណបក្សសិទ្ធិមនុស្សនឹងមានប្រារព្ធខួបលើកទី៣នៃកំណើតគណបក្សនិងសមាជរបស់គណបក្សប្រចាំនៅសាខាអាមេរិកខាងជើងដើម្បី រៀបចំយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕