ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេគណបក្ស​ម្នាក់ និង​ជនសង្ស័យ​ជាង​១០នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​គ្រឿង​ពេជ្រ


សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងពេលចាប់ជនសង្ស័យពាក់ព័ន្ធនឹងការប្លន់គ្រឿងពេជ្របស់នារីលក់ឡេអនឡាញម្នាក់នៅកម្ពុជា។ រូបនេះ ដកស្រង់ពីវីដេអូដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Phnom Penh Gendarmerie នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១។ (រូបភាពថតពីទំព័រហ្វេសប៊ុក Phnom Penh Gendarmerie)
សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងពេលចាប់ជនសង្ស័យពាក់ព័ន្ធនឹងការប្លន់គ្រឿងពេជ្របស់នារីលក់ឡេអនឡាញម្នាក់នៅកម្ពុជា។ រូបនេះ ដកស្រង់ពីវីដេអូដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Phnom Penh Gendarmerie នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១។ (រូបភាពថតពីទំព័រហ្វេសប៊ុក Phnom Penh Gendarmerie)

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ​ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​មនុស្ស​១១​នាក់​ផ្សេង​ ត្រូវ​កង​កម្លាំង​រាជអាវុធ​ហត្ថរាជធានី​ភ្នំពេញ​ចាប់ខ្លួន​ ក្នុង​សំណុំ​រឿង​ប្លន់​ហាង​របស់​នារី​លក់​ឡេ​អន​ឡាញ​ល្បី​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​គ្មានសំឡេង​នៅសភា​រូបនោះ​ និង​ជន​សង្ស័យ​ផ្សេង​ទៀត​ កើត​មាន​ឡើង​ ក្រោយ​ហេតុការណ៍​ចូលប្លន់ ​ដោយ​ក្រុម​ជន​សង្ស័យ​ប្រាំនាក់​ ដែល​បន្លំ​ខ្លួន​ជា​សមត្ថកិច្ច​ និងកាន់​អាវុធ​វែង​ខ្លីប្រាំដើម​ ហើយប្រើប្រាស់ដីកា​នាំខ្លួន​ក្លែង​ក្លាយ​ ដើម្បី​ចូល​ទៅក្នុង​ផ្ទះ​អ្នកលក់​ឡេ​អនឡាញ គឺ​អ្នកស្រី ​អ៊ាន សៀវម៉ី។ នេះ បើតាម​សេចក្តី​រាយ​ការណ៍​របស់​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ។

សេចក្តី​រាយកាណ៍​ធ្វើឡើង​កាល​ពី​ថ្ងៃ​អង្គារ ​និង​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​កងរាជអាវុធ​ បាន​បញ្ជាក់​ពី​ការ​ស្រង់​សម្តី​សារភាព​របស់​លោក ​សុខ សុវណ្ណវឌ្ឍនា​សាប៊ុង​ ដែល​ឆ្លើយ​ថា​៖ «ខ្ញុំ​ ជា​(អ្នក)ដឹកនាំ​ប្លន់​ដោយ​ផ្ទាល់!»។


សេចក្តី​រាយការណ៍​ឲ្យ​ដឹង​ទៀត​ថា​ ក្រុម​ជន​សង្ស័យ​ដែល​ប្រព្រឹត្ត​អំពើប្លន់​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែធ្នូ​ បាន​យក​គ្រឿង​ពេជ្រ​ ជាច្រើន​ឈុត​ តែពួក​គេ​ត្រូវបានចាប់​ខ្លួន​នៅ​បុរី​ប៉េងហួត​ ផ្លូវ​៦០ម៉ែត្រ ក្រោយ​ការតាម​ឃ្លាំមើល​របស់អាជ្ញាធរ​មាន​សមត្ថកិច្ច​អស់​ពេលមួយ​ថ្ងៃ​ មួយ​យប់។

អ្នក​ស្រី​ អ៊ាន សៀវម៉ី​ ក្រៅពីមាន​របរ​លក់​ឡេអនឡាញ​នោះ​ ក៏​ត្រូវ​គេ​ដឹង​ថា ​មាន​ងារ​ជា​ឧកញ៉ា​មួយរូប​ផង​ដែរ។​

ចំណែក​លោក​ សុខ សុវណ្ណវឌ្ឍនា​សាប៊ុង ​ក៏ធ្លាប់​មានងារជា​ទេស​រដ្ឋមន្ត្រី ​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ​ដែល​បង្កើត​ដោយ​រដ្ឋាភិបាល​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ តែត្រូវ​បាន​បញ្ចប់​កាលពី​ដើម​ខែ​ឧសភា​ ឆ្នាំ​ទៅ បន្ទាប់​ពី​មេ​ដឹកនាំ​គណបក្ស​វ័យ​ក្មេង​រូប​នេះ​ ចុះ​ទៅ​ស្រាវ​ជ្រាវ​ទំនាស់​ដីធ្លី​មួយ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សីហនុ​រាម​ ក្នុង​ខេត្ត​ព្រះសីហនុ៕

XS
SM
MD
LG