នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ពួកគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសធារណរដ្ឋហាក់ដូចជានៅមិនទាន់យល់ស្របគ្នាលើការកាត់បន្ថយឱនភាពហព័ន្ធរាប់លានលានដុល្លារបស់អាមេរិកហើយនឹងបន្ថយបំណុលជាតិដែលកំពុងរីកកាន់តែធំឡើង។ នៅពេលឥឡូវនេះសមាជិកសភារបស់គណៈបក្សទាំងពីរ កំពុងប្រកាន់យកយ៉ាងមាំនូវសំណើថវិកាចាយវាយរបស់ពួកគេរៀងៗខ្លួនសម្រាប់ការចាយវាយរបស់រដ្ឋាភិបាលសហព័ន្ធដែលបញ្ចប់នៅខែកញ្ញា។
កាលពីសប្តាហ៍មុន សភាបានបញ្ចៀសការបិទរដ្ឋាភិបាលដោយការអនុម័តវិធានការចំណាយបណ្តោះអាស័ន្នដែលផ្តល់ថវិកាទីភ្នាក់ងារសហព័ន្ធសម្រាប់រយៈពេល២សប្តាហ៍ទៀត។ សេចក្តីសម្រេចចិត្តនេះ គឺផ្តល់ឲ្យពួកសមាជិកសភានិងរដ្ឋបាលរបស់លោកអូបាម៉ានូវពេលវេលាបន្តិចទៀតដើម្បីចចារកិច្ចព្រមព្រៀងថវិកាដែលនៅសល់សម្រាប់ឆ្នាំសារពើពន្ធ។
ក៏ប៉ុន្តែខណៈពេលដែលការផ្តល់ថវិកាចាយវាយបណ្តោះអាសន្នជិតផុតកំណត់នោះ សញ្ញានៃការសម្របសម្រួលនិងការជឿនលឿន ស្ថិតនៅក្នុងការពិបាកយល់នៅឡើយ។ ពួកគណៈបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្តបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាមួយរួចទៅហើយដែលនឹងកាត់បន្ថយកម្រិតនៃការចំណាយនាពេលបច្ចុប្បន្នចំនួន៦០ពាន់លានដុល្លា។ សេចក្តីព្រាងច្បាប់នេះត្រូវគេរំពឹងថានឹងបរាជ័យនៅក្នុងព្រឹទ្ធសភា ដែលពួកគណៈបក្សប្រជាធិបតេយ្យមានសម្លេងភាគច្រើន។
បង្ហាញខ្លួនក្នុងកម្មវិធី Face the Nation នៃបណ្តាញទូរទស្សន៍ CBS លោក John Kerry សមាជិកព្រឹទ្ធសភាខាងគណៈបក្សប្រជាធិបតេយ្យនៃរដ្ឋ Massachusetts បានរិះគន់ផែនការថវិការបស់គណៈបក្សសាធារណរដ្ឋនិយមថាជាការមិនប្រយ័ត្ន និងធ្វើឲ្យអន្តរាយ។
«ខ្ញុំមិនជឿពីអ្វីដែលយើងបានមកពីសភាតំណាងរាស្រ្តថាជាផែនការសេដ្ឋកិច្ចប្រកបដោយសារៈសំខាន់នោះទេ។ ខ្ញុំគិតថាវាជាផែនការគ្រោះថ្នាក់បំផុត។ វានឹងកាត់បន្ថយគ្រូបង្រៀន វាកាត់បន្ថយការសិក្សាអប់រំ វាកាត់បន្ថយការស្រាវជ្រាវ វាកាត់បន្ថយការស្រាវជ្រាវថាមពល ដែលជាផែនការយើងត្រូវការធ្វើឲ្យប្រទេសអាមេរិក ក្លាយជាប្រទេសលេខមួយម្តងទៀតហើយធ្វើឲ្យអាមេរិកចូលក្នុងទីផ្សារពិភពលោក ថវិការបស់គណៈបក្សសាធារណរដ្ឋធ្វើឲ្យយើងដើរថយក្រោយ»។
ពួកគណៈបក្សប្រជាធិបតេយ្យ បានស្នើរកាត់បន្ថយថវិកាតិចជាង ដោយធ្វើឲ្យគណៈបក្សទាំងពីរមានការខុសគ្នានូវចំនួនទឹកប្រាក់រាប់ពាន់លានដុល្លាក្នុងកម្រិតថវិកាដែលបានស្នើរ។ លោក Mitch McConnell សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ខាងគណៈបក្សសាធារណរដ្ឋ ក៏បានបង្ហាញខ្លួននៅកម្មវិធីទូរទស្សន៍ Face the Nation ដែរ។
«អ្វីដែលជាការមិនប្រយ័ត្នប្រយ៉ែងគឺឱនភាពថវិការ១,៦លានលានដុល្លាដែលយើងមាននៅឆ្នាំនេះ។ អ្វីដែលជាការមិនប្រយ័ត្នប្រយ៉ែងគឺប្រាក់៣លានលានដុល្លាដែលយើងបានបន្ថែមលើបំណុលជាតិរបស់យើង។ បំណុលជាតិរបស់យើងមិនមែនជាទំហំរបស់សេដ្ឋកិច្ចយើងទេ។ យើងចាប់ផ្តើមមានលក្ខណៈយ៉ាងច្រើនដូចជាប្រទេសក្រិចដែលស្ថិតក្នុងភាពគ្រោះថ្នាក់ដោយសារបំណុល»។
ពួកគណៈបក្សសាធារណរដ្ឋ និយាយថាការកាត់បន្ថយការចំណាយយ៉ាងច្រើននិងប្រកបដោយការឈឺចាប់ ជាការចាំបាច់ដើម្បីធ្វើឲ្យសារពើពន្ធសភាអាមេរិកមានរបៀបរៀបរយដែលផ្នែកឯកជន អាចលូតលាស់ដោយមិនមានផ្នែករដ្ឋាភិបាលរីកធំ។
ពួកគណៈបក្សប្រជាធិបតេយ្យ និយាយថាការកាត់បន្ថយការចំណាយយ៉ាងខ្លាំង នឹងធ្វើឲ្យពលរដ្ឋគ្មានការងារធ្វើ ធ្វើឲ្យគ្រោះថ្នាក់ការងើបឡើងវិញនូវសេដ្ឋកិច្ច ហើយនឹងធ្វើឲ្យប្រទេសជាតិលែងមានកម្លាំងការងារដែលមានការសិក្សាអប់រំប្រសើរឡើង ហើយនឹងការឆ្នៃប្រឌិតខាងបច្ចេកវិទ្យា ដែលនឹងជម្រុញឲ្យសេដ្ឋកិច្ចរីកលូតលាស់ក្នុងថ្ងៃអនាគត។
ការជជែកដេញដោលបានបំភ្លឺយ៉ាងច្បាស់នូវការបែងចែកក្នុងនយោបាយអាមេរិក រវាងពួកអភិរក្ស
និយមដែលមើលឃើញរដ្ឋាភិបាលថាជាបន្ទុកដល់ផ្សារសេរី និងពួកសេរីនិយមដែលមើលឃើញរដ្ឋាភិបាលថាជាអ្នកផ្សព្វផ្សាយដ៍សំខាន់នៃការរីកលូតលាស់និងផលប្រយោជន៍រួម៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន