ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភាជាតិ​បាន​អនុម័ត​ទទួលស្គាល់​ការចំណាយ​ថវិកា​ឆ្នាំ​២០១៣

  • ម៉ែន គឹមសេង

អគាររដ្ឋសភានៃប្រទេសកម្ពុជា

សភាជាតិ​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​«ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់​គ្រង​ឆ្នាំ​២០១៣‍»​នៅថ្ងៃ​អង្គារ​នេះបើ​ទោះបី​ជា​មាន​ការ​រិះគន់​ថា​ថវិកា​សម្រាប់​វិស័យ​អាទិភាព​មិន​បាន​ចំណាយ​ឱ្យ​គ្រប់​ចំនួន​តាម​ការ​ចង់​បាន​ទេ​ហើយ​ការចំណាយ​មាន​លក្ខណៈ​«ខ្ជះខ្ជាយ‍»និង​«ពុករលួយ‍»​ក៏ដោយ។​

សេចក្តី​ព្រាង​ច្បាប់​ដែល​មា​ន​១១​មាត្រា​និង​៣ជំពូក​ត្រូវ​បាន​សមាជិក​សភា​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧នាក់​លើកដៃ​អនុម័ត​ក្នុង​ខណៈពេល​ដែល​សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​គាំទ្រ​ទេ។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​សភាជាតិ​និង​គណបក្ស​មិន​កាន់​អំណាច។

លោក​កឹម សុខា ​អនុប្រធាន​សភា​ជាតិ​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖

«ទីបំផុត​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​បោះឆ្នោត​គាំទ្រ​ការអនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ “ស្ដីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៣” នៅ​ព្រឹក​ថ្ងៃទី​៣០ ​ខែមិថុនា ​ឆ្នាំ២០១៥‍»។

អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​លើកឡើង​ថា​ក្រសួង​សំខាន់ៗ​ដូចជា​ក្រសួង​អប់រំ​និង​សុខាភិបាល​ជាដើម​មិន​បាន​ចំណាយ​ថវិកា​ឱ្យ​គ្រប់​១០០ភាគរយ​ទេ​ក្នុង​ខណៈពេល​ដែល​ស្ថាប័ន​ផ្សេង​ទៀត​ដូចជា​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ចំណាយ​រហូត​ដល់​ជាង​១៤០​ភាគរយ​នៃ​ថវិកា​ដែល​បាន​ស្នើឡើង។

តំណាង​រាជរដ្ឋាភិបាល​បាន​អះអាងថា​នេះ​ដោយសារ​ស្ថាប័ន​មួយ​នេះ​បាន​ជួបប្រទះ​នឹង​ហេតុការណ៍​ខ្លះ​ដែល​មិន​បាន​ព្រាងទុក​ដែល​ចាំ​បាច់​ត្រូវ​ចំណាយ​ថវិកា៕

XS
SM
MD
LG