រដ្ឋសភា បានអនុម័តច្បាប់ស្ដីពីថវិកាជាតិឆ្នាំ២០១៧ ដោយមានវត្តមានរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៣៩រូបចូលរួមប្រជុំ ប៉ុន្តែតំណាងរាស្ត្រគណបក្សប្រឆាំងទាំងនេះ មិនលើកដៃគាំទ្រក្នុងការអនុម័តច្បាប់នេះឡើយ។
នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា នេះ រដ្ឋសភាជាតិ បានបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៥ អនុម័តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីហិរញ្ញវត្ថុ ឆ្នាំ២០១៧ ដោយមានតំណាងរាស្ត្រគណបក្សប្រឆាំងចូលរួមប្រជុំជាលើកដំបូង បន្ទាប់ពួកគេបានធ្វើពហិការមិនចូលប្រជុំសភា ជាងកន្លះឆ្នាំរួចមក។
ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូបក្នុងចំណោម៦៨រូប និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៣៩រូបក្នុងចំណោម៥៥រូប ដោយពុំមានវត្តមានលោក កឹម សុខា និងលោក សម រង្ស៊ី។
ក្នុងការអនុម័តច្បាប់ពេញមួយថ្ងៃនេះ រដ្ឋសភាបានអនុម័តក្នុងសំឡេង១០៦ លើ១០៦ លើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយមានការលើកដៃគាំទ្រពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាអនុម័តដោយសំឡេងគាំទ្រពីសមាជិកសភាគណបក្សប្រជាជនកម្ពុជាចំនួន៦៦សំឡេង តែតំណាងរាស្ត្រសភាគណបក្សសង្គ្រោះជាតិ មិនបានលើកដៃអនុម័តយល់ព្រមនោះទេ។
ក្រោយបញ្ចប់កិច្ចប្រជុំអនុម័តនេះ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកសារព័ត៌មានថា គណបក្សប្រឆាំងមិនចូលរួមក្នុងការអនុម័តច្បាប់ស្ដីពីថវិកាឆ្នាំ២០១៧ ដោយសារគម្រោងនៃការរកចំណូល និងចំណាយរបស់រដ្ឋាភិបាល មិនបានត្រឹមត្រូវ ពាក់ព័ន្ធនឹងកម្ចីពីបរទេស និង ចំណូលផ្នែកពន្ធដារជាដើម។
លោក សុន ឆ័យ បញ្ជាក់ថា៖ «សម្រាប់ថវិកាឆ្នាំ២០១៧ហ្នឹងគឺមានលក្ខណៈមិនសូវខុសគ្នាអំពីឆ្នាំមុនៗទេ។ យើងឃើញហើយថាបើទោះបីជាទឹកប្រាក់នៃការកើនចំណាយរហូតដល់ទៅជិត៥០០០លាន ទឹកប្រាក់ដែលចាយជាក់ស្ដែងគឺបានមកពីការខ្ចីបុលដល់ទៅជិត១០០០លានដុល្លារ។ ដូច្នេះអតុល្យភាពនៃថវិកាជាតិនេះ នៅតែបន្ត ហើយលទ្ធភាពដែលរដ្ឋាភិបាលអាចចាយបាន ឬក៏ពង្រឹងអ្វីដែលគេហៅថាកំណើនសេដ្ឋកិច្ច៧ភាគរយ គឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើប្រាក់ខ្ចីគេ»។
កាលពីចុងខែឧសភា គណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើពហិការមិនចូលរួមប្រជុំក្នុងរដ្ឋសភា ដោយអះអាងថាដើម្បីប្រឆាំងនឹងការរំលោភបំពានលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រពីអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ ក្រោយពីលោក កឹម សុខា អនុប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធបានប៉ុនប៉ងឃាត់រថយន្តរបស់លោក និងឡោមព័ទ្ធទីស្នាក់ការគណបក្ស ដោយប៉ុនប៉ងចាប់ខ្លួនលោក ទាក់ទងនឹងសំណុំរឿងដែលគេចោទថាលោកមានស្នេហាលួចលាក់ជាមួយនារីកាត់សក់វ័យក្មេងម្នាក់៕