មន្ដ្រីក្រសួងការពារប្រទេស សរអ ស្ថិតនៅក្នុងចំណោមអ្នកនិយាយស្មាន អំពីទីកន្លែងលាក់ពួនរបស់អតីតមេដឹកនាំលីប៊ី មូមារកាដាហ្វី។ សំណួរមួយអំពីកន្លែងលាក់ពួនរបស់ មូមារ កាដាហ្វី បានតាម រដ្ឋមន្ដ្រីក្រសួងការពារប្រទេស សរអ លោក Leon Panetta ទៅដល់បូរី នូយ៉កនៅថ្ងៃអង្គារ ដែលនៅទីនោះលោកបានចូលរួមក្នុងពិធីផ្ដល់កិត្ដិយសដល់ជនរងគ្រោះពីការវាយប្រហារភេរវកម្ម នៃឆ្នាំ២០០១ ខណៈដែលខួបឆ្នាំទី ១០ នៃការវាយប្រហារនោះខិតជិតមកដល់។
«ខ្ញុំក៏មិនដឹងដែរ។ ខ្ញុំមិនមានព័ត៌មានទេ អំពីទីកន្លែងលាក់ពួនរបស់គាត់។ ព័ត៌មានដែលខ្ញុំដឹង គឺ គាត់កំពុងគេចវ៉េស។ តែនៅទីណានោះ ខ្ញុំពុំដឹងទេ»។
កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ មន្ដ្រីក្រសួងការពារប្រទេស និយាយថាគេពុំមានព័ត៌មានដែលបង្ហាញ អតីតមេដឹកនាំលីប៊ី ចាកចេញពីប្រទេសទេទោះបីជាមានពាក្យចចាម អារាមថា គាត់ប្រហែលជាឆ្លងដែនចូលទៅក្នុងប្រទេស អាល់ហ្សេរី ឬ នីហ្សេ។យន្ដហោះរបស់សរអ ស្ថិតនៅក្នុងចំណោមយន្ដហោះពហុជាតិដែលអនុវត្ដការហាមប្រាមមិនឲ្យមានយន្ដហោះ នៅលើមេឃនៃប្រទេសលីប៊ី ដើម្បីជួយក្រុមបះបោរលីប៊ី ក្នុងការប្រមូលយកព័ត៌មានសម្ងាត់ និង ផ្ដល់ការគាំទ្រផ្សេងៗ។
នៅថ្ងៃអង្គារ លោក ប៉ាណេតា បានចូលទៅទស្សនាវិមានរំឮក វិញ្ញាណក្ខន្ធ ជនរងគ្រោះ ក្នុងបូរី នួ យ៉ក ហើយព្រមានថា សរអត្រូវតែប្រុងប្រៀបជានិច្ចចំពោះការគំរាមពីក្រុមភេរវកម្មអាលកៃដា។
«ភេរវករបន្ដរៀបចំផែនការដើម្បីធ្វើការវាយប្រហារ ហើយខ្ញុំយល់ថា យើងមិនអាចធ្វេសប្រហែសបានទេ។ លទ្ធភាពនៃការវាយប្រហារបែបនេះ មានភាពជាក់លាក់ណាស់»។
លោករដ្ឋមន្ដ្រីក្រសួងការពារប្រទេស ថ្លែងថាប្រទេស យេម៉ែន មានឈ្មោះក្នុងបញ្ជីខ្ពស់ នៃប្រទេសដែលត្រូវតាមឃ្លាំមើល ក្រោយពីក្រុមអាលកៃដា រៀបចំផែនការបើកការវាយប្រហារថ្មី មកលើទិសដៅក្នុងសរអ។
ប្រែសម្រួលដោយ អ៊ូ ធួក