ទីក្រុងរ៉ាម៉ាឡាហ ប៉ាឡេស្ទីន៖ គណៈរដ្ឋមន្រ្តីប៉ាឡេស្ទីន បានដាក់សំណើសុំលាលែងចេញពីដំណែងរបស់ខ្លួន ជូនលោកប្រធានាធិបតី ម៉ាហមូដ អាបាស់ (Mahmoud Abbas) កាលពីថ្ងៃច័ន្ទ ខណៈពេលដែលអាជ្ញាធរ ប៉ាឡេស្ទីន នៅក្នុងតំបន់វែសត៍បែងក៍ (West Bank) ប្រឈមនឹងសម្ពាធដូចគ្នាសម្រាប់កំណែទម្រង់នយោបាយ ដែលបានកើតមានឡើងនៅផ្នែកផ្សេងៗទៀតនៃពិភពអារ៉ាប់។
តំបន់មមាញឹក អាល់ ម៉ាណារ៉ា (Al Manara Square) គឺជាមជ្ឈមណ្ឌលនយោបាយ និងពាណិជ្ជកម្ម របស់ទីក្រុងរ៉ាម៉ាឡាហ នៃតំបន់វែសត៍បែងក៍ ។ រូបចម្លាក់តោធ្វើពីថ្ម ដែលយាមមជ្ឈមណ្ឌលនេះ គឺជានិមិត្តរូបនៃសេចក្តីក្លាហាន អំណាច និងមោទនភាព។ ទង់ជាតិទាំងឡាយដែលតំណាងអាជ្ញាធរ ប៉ាឡេស្ទីន និងគណបក្ស ហ្វាតាហ៍ (Fatah) បក់រវិចៗនៅលើបង្គោលខាងលើ។
នៅទីនេះ ជនប៉ាឡេស្ទីនក្មេងៗ ដូចជា យុវជន បាសាម ឌ្យែបប៊រ (Basam Jabber) ដែលមានអាយុ១៨ឆ្នាំ ប្រមូលផ្តុំគ្នាដើម្បីទទួលទានកាហ្វេ និងពិក្សាអំពីចលនានៃការផ្លាស់ប្តូរនៅក្នុងទូទាំងពិភពអារ៉ាប់ ក្រោយពីមានបាតុកម្មប្រឆាំងតវ៉ាទ្រង់ទ្រាយធំនៅក្នុងប្រទេសអេហ្ស៊ីប និងការលាលែងចេញពីតំណែងរបស់លោកហូស្នី មូបារ៉ាក់ (Hosni Mubarak)។ ឌ្យែបប៊រ ថ្លែងថា៖
«បាទ ជាការពិតណាស់ ការផ្លាស់ប្តូរនេះនឹងនាំមកនូវលទ្ធិប្រជាធិបតេយ្យ និងសេរីភាពបន្ថែមទៀត ហើយអ្នកដឹងទេ សេរីភាពក្នុងការបញ្ចេញមតិ មិនត្រូវបានទទួលយកដោយពិតប្រាកដនោះទេ។ ប៉ុន្តែ ឥឡូវនេះ មនុស្សគ្រប់រូបអាចនិយាយបាន ហើយអ្វីៗអាចមានការផ្លាស់ប្តូរ»។
មុនពេលលោកមូបារ៉ាក់ ចុះចេញពីអំណាច ក្រុមមន្រ្តី បាឡេស្ទីន ភាគច្រើនមានភាពស្ងៀមស្ងាត់អំពីបាតុកម្មនៅទីក្រុង ឡឺ គែរ និងនៅទូទាំងប្រទេសអេហ្ស៊ីប។ សម្រាប់ជនប៉ាឡេស្ទីន លោក មូបារ៉ាក់ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ទាំងក្នុងអំឡុងពេលនៃការចរចារសន្តិភាពជាមួយអ៊ីស្រាអែល និងជាអ្នកសម្រុះសម្រួលរវាងក្រុមប្រឆាំងទាំងឡាយ ដូចជាគណៈបក្សហ្វាតាហ៍ នៅក្នុងតំបន់វែសត៍បែងក៍ និងក្រុមយោធាអ៊ីស្លាមនិយម ហាម៉ាស់ (Hamas) ក្នុងតំបន់ ហ្កាហ្សា ស្ទ្រីប (Gaza Strip)។
ទោះជាយ៉ាងនេះក្តី នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការបណ្តេញលោក មូបារ៉ាក់ ចេញពីអំណាច ក្រុមមន្រ្តីនៃអាជ្ញាធរប៉ាឡេស្ទីន បានប្រកាន់យករបៀបរៀបរយថ្មីមួយ។
លោក ហ្កាសាន ខាទីប (Ghassan Khatib) គឺជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលក្នុងទីក្រុង រ៉ាម៉ាឡាហ។
«យើងមានឥរិយាបទវិជ្ជមានចំពោះការផ្លាស់ប្តូរទាំងនេះ ពីព្រោះការផ្លាស់ប្តូរទាំងឡាយឆ្ពោះទៅរកប្រជាធិបតេយ្យភាវូបនីយកម្ម នឹងអាចផ្តល់តែផលល្អសម្រាប់ប្រជាពលរដ្ឋអេហ្ស៊ីប និងប្រជាពលរដ្ឋអារ៉ាប់ផ្សេងៗទៀត ដែលរួមទាំងប្រជាពលរដ្ឋប៉ាឡេស្ទីនផងដែរ។ ដូច្នេះ យើងរំពឹងថា ការផ្លាស់ប្តូរទាំងនេះនឹងមានផលវិជ្ជមានទៅលើជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល និងទៅលើប្រយោជន៍របស់ប៉ាឡេស្ទីន»។
កាលពីថ្ងៃច័ន្ទ គណៈរដ្ឋមន្រ្តី ប៉ាឡេស្ទីន បានដាក់សំណើសុំលាឈប់ពីដំណែង ហើយលោកប្រធានាធិបតីម៉ាស់មូដ អាបាស់ បានស្នើឲ្យលោកនាយករដ្ឋមន្រ្តី សាឡាម ហ្វេយ៉ាដ (Salam Fayyad) បង្កើតរដ្ឋាភិបាលថ្មីមួយ។
មួយថ្ងៃបន្ទាប់ពីការលាលែងចេញពីដំណែងរបស់លោក មូបារ៉ាក់ប៉ាឡេស្ទីន បានប្រកាសថា ពួកគេនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសមាជិកសភាដែលត្រូវបានពន្យាពេលជាយូរមកហើយនោះ នៅត្រឹមខែកញ្ញាខាងមុខនេះ។
ក្រុមហាម៉ាស់ បានបដិសេធចំពោះការរៀបចំការបោះឆ្នោតរបៀបនេះ នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែ អ្នកនាំពាក្យអាជ្ញាធរប៉ាឡេស្ទីន លោក ហ្កាសាន ខាទីប បាននិយាយថា ការបោះឆ្នោតនឹងកើតមានឡើង ប្រសិនបើត្រូវបានធ្វើឡើងតែនៅក្នុងតំបន់វែសត៍បែងក៍នោះ។ លោកបន្តថា៖
«វានឹងមិនមែនជាការបោះឆ្នោតដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ប្រជាពលរដ្ឋប៉ាឡេស្ទីន និងសិទ្ធិក្នុងការបោះឆ្នោត និងការជ្រើសរើសមេដឹកនាំរបស់ពួកគេមិនគួរបន្តស្ថិតនៅជាចំណាប់ខ្មាំងនៃឆន្ទៈរបស់ក្រុម ហាម៉ាស់នោះទេ»។
ប្រជាពលរដ្ឋប៉ាឡេស្ទីន សង្ឃឹមថា នឹងអាចប្រែក្លាយតំបន់វែសត៍បែងក៍ និងហ្កាហ្សា ដែលស្ថិតនៅម្ខាងទៀតនៃប្រទេសអ៊ីស្រាអែល ឲ្យក្លាយជារដ្ឋឯករាជ្យមួយ។
ក្រុម ហាម៉ាស់ បានដណ្តើមកាន់កាប់តំបន់ហ្កាហ្សា ដោយកម្លាំងទ័ពកាលពីឆ្នាំ២០០៧ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ចប់ការបែកបាក់ជាមួយនឹងអាជ្ញាធរប៉ាឡេស្ទីននៅក្នុងតំបន់ វែសត៍បែងក៍ ត្រូវបរាជ័យ។
លោក មូស្តាហ្វា បារហ្គូទី (Mustafa Barghouti) ដែលដឹកនាំគណៈបក្សប្រឆាំងនៅក្នុងសភាប៉ាឡេស្ទីន មានប្រសាសន៍ថា វាដល់ពេលសម្រាប់ការបង្រួបបង្រួមហើយ។ លោកថ្លែងដូច្នេះថា៖
«ការអំពាវនាវសម្រាប់លទ្ធិប្រជាធិបតេយ្យ គឺមានឥទ្ធិពលណាស់។ ឥទ្ធិពលចម្បងនៅក្នុងប្រទេសប៉ាឡេស្ទីន ដែលជាសំឡេងធំជាងគេបង្អស់របស់ប្រជាពលរដ្ឋ ដែលអ្នកឮនៅថ្ងៃនេះ គឺជាការទាមទាមួយចំពោះទាំងក្រុមហ្វាតាហ៍ និងក្រុមហាម៉ាស់ ឲ្យបញ្ចប់ការបែងចែកពួកគេ និងអនុញ្ញាតឲ្យមានការរួបរួមប៉ាឡេស្ទីនជាថ្មីម្តងទៀត ដើម្បីឲ្យយើងអាចមានការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ និងសេរី ដើម្បីឲ្យយើងអាចមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ»។
ត្រឡប់មកមើលទីលាន អាល់ ម៉ាណារ៉ា ឯណេះវិញ នាងអាប់ទីហាល់ អឺរូស្ស (Abtihal Eroush) ដែលមានអាយុ២៥ឆ្នាំ និយាយថា ខណៈដែលជីវិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែលមានការលំបាក នាងត្រូវបានលើកទឹកចិត្តដោយអ្វីដែលនាងហៅថាបដិវត្តន៍នៅក្នុងប្រទេសអ៊ីហ្ស៊ីប។ នាងរំពឹងថា មនុស្សវ័យក្មេងនឹងដឹកនាំកំណែទម្រង់នាពេលអនាគត នៅក្នុងពិភពអារ៉ាប់។ នាងនិយាយថា៖
«តាមពិតទៅ ខ្ញុំមានការរំភើបខ្លាំងណាស់ ខ្ញុំរីករាយខ្លាំងណាស់ ពីព្រោះទីបំផុត យើងមានមនុស្សជំនាន់ក្រោយ ដែលបានសម្រេចចេញមុខ ដើម្បីធ្វើអ្វីៗគ្រប់បែបយ៉ាង។ យើងគឺជាប្រជាពលរដ្ឋប៉ាឡេស្ទីន ដែលស្ថិតនៅក្រោមការគ្រប់គ្រង យើងមិនមានអ្វីៗច្រើនដែលយើងអាចធ្វើបាននោះទេ។ ប៉ុន្តែ ដូចប្រទេសទាំងឡាយក្នុងពិភពអារ៉ាប់អញ្ចឹង ពួកគេទទួលរងការឈឺចាប់ ពួកគេបានចេញមក ពួកគេបានភ្ញាក់ឡើង ហើយពួកគេបានចាប់ផ្តើមនិយាយ។ នេះគឺជាអ្វីដែលគួរឲ្យចាប់អារម្មណ៍»។
ដោយមានចលនានៃការផ្លាស់ប្តូរដែលកើតឡើងនៅតំបន់មជ្ឈឹមបូព៌ា ប្រជាពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់វែសត៍បែងក៍ សង្ឃឹមថា ជីវិតរបស់ពួកគេនឹងមានការផ្លាស់ប្តូរល្អប្រសើរឡើង។
ពួកគេនិយាយថា អ្វីដែលបានកើតឡើងនៅក្នុងប្រទេសអេហ្ស៊ីប គឺតំណាងឲ្យការចូលរបស់ពិភពអារ៉ាប់ទៅក្នុងទំនើបភាវូបនីយកម្ម និងការភ្ញាក់ឡើងរបស់មនុស្សជំនាន់ក្រោយ ដែលកំពុងតែស្វែងរកសេរីភាព និងលទ្ធិប្រជាធិបតេយ្យ៕
ប្រែសម្រួលដោយ ឌី ខាំបូលី