កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាស់បានឆ្លងចូលភាគខាងត្បូងអ៊ីស្រាអែលដោយសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ជំរិតមនុស្ស ២៤០ នាក់ផ្សេងទៀត។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្រកាសធ្វើសង្រ្គាមជាមួយហាម៉ាស់និងបានវាយប្រហារតាមអាកាសនិងវាយលុកតាមផ្លូវគោកទៅក្នុងតំបន់ហ្កាហ្សា។
បន្ទាប់ពីការប្រយុទ្ធច្រើនជាង ៩០ ថ្ងៃ ជនជាតិប៉ាឡេស្ទីនជាង ២ម៉ឺននាក់ ក្នុងតំបន់ហ្កាហ្សាត្រូវបានសម្លាប់ និងជាច្រើនលាននាក់ទៀតបានផ្លាស់ទីលំនៅ។ ផ្ទះសម្បែង សាលារៀន ព្រះវិហារ ឬអគារផ្សេងៗត្រូវបានកម្ទេច។ អ្នកជំនាញនិយាយថា នេះជាការប្រយុទ្ធដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ន។
ហាម៉ាស់បន្តឃុំខ្លួនចំណាប់ខ្មាំង ១០០ នាក់នៅហ្កាហ្សា។ អ៊ីស្រាអែលបានរាយការណ៍ថា ទាហានរបស់ខ្លួនចំនួន ១៧៥ នាក់បានស្លាប់។ ខាងក្រោមនេះជាភាគទី ៤ នៃតារាងពេលវេលាដែលបង្ហាញពីប្រវត្តិរបស់ប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលបណ្តាលឲ្យមានការវាយប្រហារតាំងពីថ្ងៃទី៧ តុលា ឆ្នាំ ២០២៣ មក៕