ប៉ាគិស្ថាន៖ រដ្ឋាភិបាលប៉ាគិស្ថានឲ្យដឹងថា ទឹកជំនន់យ៉ាងធំជិតមូយខែបានបំផ្លាញគិលានុប្បដ្ឋានជាងពីររយកន្លែង ហើយបានបណ្ដេញមួយភាគបីនៃក្រុមគិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិកា ប្រមាណ១សែននាក់របស់ប្រទេសប៉ាគិស្ថានចេញពីលំនៅដ្ឋានរបស់គេ។
ស្រ្ដីជាច្រើននាក់ឈរប្រជ្រៀតគ្នា នៅពេលគេដើរនៅមុខជួរតង់សំពត់ដែលគេសង់ឡើងសម្រាប់ជនរងគ្រោះពីទឹកជំនន់នៅចំកណ្ដាលផ្លូវថ្នល់ធំ ភ្ជាប់រដ្ឋធានីអីស្លាមាបាដ ទៅនឹងទីក្រុងប៉េសាវារ ឋឹតនៅទិសពាយព្យនៃប្រទេស។
ស្រ្តីទាំងនេះស្លៀកពាក់ឯកសណ្ឋានពណ៌សដ៏ប្រណិតរបស់គេ ចងកន្សែងសនៅលើសក់ ជួនកាលទម្លាក់មកបិទមុខ ដែលជាទេសភាពផ្ទុយស្រឡះពីទេសភាពកខ្វក់នៃជនរងគ្រោះពីទឹកជំនន់ ដែលនៅឈរធ្មឹង ឬដើរគ្មានទិសដៅនៅលើដីហុយទ្រលោម។
ស្រ្ដីទាំងនោះជាគិលានុប្បដ្ឋាយិកា។ គេមកដល់ទីនេះ ដោយជិះរថយន្ដ៤គ្រឿង ពីទីកន្លែងផ្សេងៗ ដើម្បីទៅប្រមូលយកទិន្នន័យសំរាប់រដ្ឋាភិបាល ពីស្រ្ដីមានផ្ទៃពោះ ៤០ ទៅ ៥០នាក់ ដែលកំពុងរស់នៅក្នុងជំរុំបណ្ដោះអាសន្ន។
Gul Naz គិលានុប្បដ្ឋាយិកាម្នាក់ ថ្លែងប្រាប់ វីអូអេ ថា គេគ្រាន់តែទៅប្រមូលយកទិន្នន័យប៉ុណ្ណោះ ដោយសារតែគ្មាននរណាម្នាក់នៃអ្នកទាំងនោះ ជាវេជ្ជបណ្ឌិតទេ។
«យើងត្រូវការវេជ្ជបណ្ឌិតស្រីយ៉ាងតិចម្នាក់ ដើម្បីពិនិត្យមើលបញ្ហារបស់ស្រ្ដីមានផ្ទៃពោះទាំងនោះ។ អ្វីដែលត្រូវការជាចាំបាច់នោះ មិនមែនគ្រាន់តែការប្រមូលទិន្នន័យប៉ុណ្ណោះទេ»។
សហការីរបស់នាង Arshad Begum និយាយថា កិច្ចការរបស់នាងមានសភាពលំបាក នៅពេលនាងមើលឃើញសេចក្ដីអស់សង្ឃឹមរបស់ជនរងគ្រោះ។
«គេបានសើ្នឲ្យយើងពិនិត្យមើលស្រ្ដីទាំងនោះ ដែលត្រូវការឱសថ ដែលយើងមិនមាន។ យើងគ្រាន់តែអាចនិយាយលួងលោមពួកគេតែប៉ុណ្ណោះ»។
សេចក្ដីអស់សង្ឃឹមកើតមានចាប់តាំងពីខេត្ដ Khyber Paktunkhwa នៅតំបន់ពាយព្យ រហូតដល់ខេត្ដ Sindh នៅភាគខាងត្បូង ដែលទឹកជំនន់នៅពេលថ្មីៗនេះ បានបណ្ដេញខ្ចាត់ខ្ចាយមនុស្សជាងមួយលាននាក់ ចាប់តាំងពីថ្ងៃពុធមក។
Kanjo Mai ជាស្រ្ដីម្នាក់ដែលត្រូវប៉ះពាល់ដោយទឹកជំនន់។ នាងមានផ្ទៃពោះ៧ខែ ហើយ។ នាងនិយាយថា គ្រួសាររបស់នាង ដែលមានកូន៤នាក់បានបាត់បង់អ្វីទាំងអស់ដោយសារទឹកជំនន់។
«ខ្ញុំមិនមានអាហារបរិភោគទេ។ ខ្ញុំឈឺចុកចាប់ នៅពេញខ្លួនប្រាណរបស់ខ្ញុំ»។
លោកសៃម៉ា អិស្មាអៀល វេជ្ជបណ្ឌិតខាងជំងឺស្រ្ដី ធ្វើការជាមួយជនរងគ្រោះ ក្នុងខេត្ដ Sindh និយាយថា គេមានសេចក្ដីត្រូវការជាបន្ទាន់ឲ្យមានវេជ្ជបណ្ឌិតស្រី។
ទឹកជំនន់ ដែលបានចាប់ផ្ដើមឡើងកាលពីជិតមូយខែមកនោះ បានបំផ្លាញទំហំដីដ៏ធំធេងរបស់ប្រទេសបាគិស្ថាន ហើយបានចាប់ផ្ដើមពីតំបន់ភ្នំនៅភាគខាងជើង រហូតដល់តំបន់កសិដ្ឋាននៅភាគខាងត្បូងប្រទេស។ មហន្ដរាយនោះបានសម្លាប់មនុស្សប្រមាណ១៦០០នាក់ ហើយប៉ះពាល់ដល់មនុស្សជាង២០លាននាក់ទៀត។
មន្ដ្រីថ្នាក់ខ្ពស់បាគិស្ថាន និយាយថា ជម្ងឺកើតចេញភ្លាមពីទឹក ដូចជាជម្ងឺរាគ បានកើនចំនួនជាច្រើនសប្ដាហ៍ ចាប់តាំងពីដើមដំបូងនៃមហន្ដរាយ ហើយប៉ះពាល់ខ្លាំងបំផុតទៅរកអ្នកទន់ខ្សោយជាងគេ ដូចជាស្រ្ដី កុមារ និងមនុស្សចាស់ៗ៕
ប្រែសម្រួលដោយ អ៊ូ ធួក