អ៊ីស្លាម៉ាបាដ៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបង្កើនការដាក់សម្ពាធទៅលើប្រទេសប៉ាគីស្ថាន ឲ្យខឹតខំថែមទៀតប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាលីបាន និងអាល់កៃដា។
តំបន់វ៉ាហ្ស៊ីរីស្ថានភាគខាងជើង(North Waziristan) ស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែស្ថិតខាងក្រៅច្បាប់។ ដោយមានទីតាំងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសអាហ្វកានីស្ថាន តំបន់វ៉ាហ្ស៊ីរីស្ថានភាគខាងជើង បានក្លាយជាច្រកឆ្លងកាត់សម្រាប់អំពើភេរវកម្ម។ វាជាស្ថានភាពចម្រុះគ្នានៃអង្គការជីហាដ (jihadi) ប្រដាប់អាវុធ ដែលរួមមានក្រុមតាលីបានរបស់អាហ្វកានីស្ថាន និងប៉ាគីស្ថាន អាល់កៃដា និងក្រុមបះបោរដ៏មរណៈបំផុតមួយ ដែលជាបណ្តាញរបស់ចាឡាលូឌីន ហាគានី (Jalaluddin Haqqani)។
អាមេរិកចង់ឲ្យកងទ័ពប៉ាគីស្ថានវាយប្រហារក្រុមបះបោរទាំងនេះនៅក្នុងតំបន់វ៉ាហ្ស៊ីរីស្ថានភាគខាងជើង ដែលក្រុមនេះកំពុងធ្វើការវាយប្រហារដ៏មរណៈ ទៅលើកងកម្លាំងអាមេរិក និងអង្គការណេតូនៅអាហ្វកានីស្ថាន។ លោកឧត្តមនាវីឯក ម៉ៃ ម៉ូឡែន នាយអគ្គសេនាធិការសហរដ្ឋអាមេរិក ពិពណ៌នាតំបន់វ៉ាហ្ស៊ីរីស្ថាន ថាជា«ចំណុចសំខាន់នៃអំពើភេរវកម្ម»។
មន្ត្រីប៉ាគីស្ថានបានថ្លែងថា ពួកគេនឹងមិនប្រញាប់ប្រញាល់ចាត់វិធានការយោធានៅទីនោះទេ។
លោក មហាមេឌ កំរ៉ាន ខាន (Mohammad Kamran Khan) តំណាងតំបន់វ៉ាហ្ស៊ីរីស្ថានភាគខាងជើងនៅក្នុងរដ្ឋសភាប៉ាគីស្ថាន ថ្លែងថា៖
«សភាពការណ៍នៅតំបន់វ៉ាហ្ស៊ីរីស្ថានភាគខាងជើងមិនទាន់ល្អទេ ដោយសារតែមានការវាយប្រយុទ្ធគ្នាដោយកាំភ្លើងជារៀងរាល់ថ្ងៃ ហើយមានកំណត់មុខសញ្ញាដើម្បីសម្លាប់ និងចាប់ជំរិតទៀតផង»។
លោកខាន ប៉ាន់ស្មានថា មានក្រុមសកម្មប្រយុទ្ធបរទេសចំនួនពី៥ពាន់ ទៅ៦ពាន់នាក់ ដែលស្ថិតនៅក្នុងតំបន់វ៉ាហ្ស៊ីរីស្ថានភាគខាងជើងនាពេលបច្ចុប្បន្ននេះ។
មេដឹកនាំកុលសម្ព័ន្ធក្នុងមូលដ្ឋាន និយាយថា ជនជាតិអារ៉ាប់ អ៊ូស្បៀក តាហ្សីក ឆេកឆិន និងក្រុមអ្នកប្រយុទ្ធ ដែលត្រូវបានពិពណ៌នាថាជា«ជីហាឌ ស» ដែលមានន័យថាពួកសកម្មប្រយុទ្ធអឺរ៉ុប បានចូលមកតំបន់វ៉ាហ្ស៊ីរីស្ថានភាគខាងជើង ដើម្បីប្រយុទ្ធជាមួយកងកម្លាំងអាមេរិក និងអង្គការណេតូនៅអាហ្វកានីស្ថាន។
ប៉ាគីស្ថានបញ្ជាក់ថា ខ្លួននឹងពិចារណាការវាយលុកខាងយោធានៅតំបន់វ៉ាហ្ស៊ីរីស្ថានភាគខាងជើង តែនៅពេលណាដែលតំបន់កុលសម្ព័ន្ធដទៃៗទៀតមានស្ថិរភាពតែប៉ុណ្ណោះ ដែលមន្ត្រីយោធាបាននិយាយថា អាចត្រូវការរពេល៦ខែទៀត។
លោកឧត្តមសេនីយ៍ឯកប៉ាគីស្ថាន លោក អាហ្សីវ យ៉ាស៊ីន ម៉ាលីក (Asif Yasin Malik) ដែលជាមេបញ្ជាការយោធាកំពូលមួយរូបនៅក្នុងតំបន់នោះមានប្រសាសន៍ថា៖
«អ្វីដែលយើងត្រូវធ្វើ គឺត្រូវធ្វើឲ្យមានស្ថិរភាពដល់តំបន់ទាំងមូល។ មានតំបន់ដ៏ធំស្ថិតនៅក្រោមបញ្ជារបស់ខ្ញុំ។ ដូច្នេះ ខ្ញុំត្រូវតែធ្វើឲ្យតំបន់ផ្សេងៗទៀតមានស្ថិរភាពសិន បន្ទាប់មក ប្រហែលជាពិនិត្យមើលតំបន់ វ៉ាហ្ស៊ីរីស្ថានភាគខាងជើង»។
អ្នកវិភាគអាស៊ីខាងត្បូងថ្លែងថា នៅពេលនិយាយអំពីក្រុមសកម្មប្រយុទ្ធនៅតំបន់វ៉ាហ្ស៊ីរីស្ថានភាគខាងជើង ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក នឹងមានជម្លោះផលប្រយោជន៍។ គេបានបញ្ជាក់ថា លោកហាហ្គានី (Haqqani) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នស៊ើបការសម្ងាត់ និងកិច្ចការសន្តិសុខរបស់ប៉ាគីស្ថាន ហើយត្រូវបានចាត់ទុកថា ជាសម្ព័ន្ធមិត្តដ៏មានសក្តានុពល ដែលអាចជួយឲ្យទីក្រុងអ៊ីស្លាម៉ាបាតគ្រប់គ្រងឡើងវិញនូវទឹកដីព្រំដែនរបស់ខ្លួននៅប្រទេសអាហ្វកានីស្ថានក្រោយពីប្រតិបត្តិការរបស់អង្គការណេតូ។
អាមេរិកបានបង្កើនការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើក នៅតំបន់វ៉ាហ្ស៊ីរីស្ថានភាគខាងជើង ក្នុងកិច្ចប្រឹងប្រែងដើម្បីរារាំងជនសកម្មប្រយុទ្ធពីការប្រើប្រាស់តំបន់នោះជាជម្រកសុវត្ថិភាព។ ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងអ៊ីស្លាម៉ាបាត បានដឹងថា ការវាយប្រហារបែបនេះតែមួយមុខ ទំនងជាមិនអាចបញ្ឈប់សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងអ្វីដែលត្រូវបានស្គាល់ថា ជាតំបន់សំខាន់បំផុតនៃអំពើភេរវកម្មបានទេ៕
ប្រែសម្រួលដោយ លី សុខឃាង