កាលពីឆ្នាំមុន គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ ភ្លៀងធ្លាក់យ៉ាងធំទៅលើប្រទេសប៉ាគីស្ថាន ដោយបណ្តាលឲ្យមានទឹកជំនន់ដែលបានជនលិចលើផ្ទៃដីមួយភាគប្រាំរបស់ប្រទេសនេះ។ ប្រជាពលរដ្ឋប៉ាគីស្ថាននិងសហគមន៍អន្តរជាតិ បានប្រារព្ធពិធីថ្ងៃខួបថាជាសោកនាដកម្មរបស់ជាតិ ប៉ុន្តែក៏ជាមួយនិងការយល់ដឹងថា ភ្លៀងមូសុងនាឆ្នាំនេះកំពុងចូលមកដល់ដែរ។
ផលប៉ះពាល់របស់ទឹកជំនន់កាលពីឆ្នាំ២០១០ នៅកំពុងត្រូវបានដោះស្រាយនៅឡើយ ប៉ុន្តែបើពិនិត្យមើលពីទំហំនៃគ្រោះមហន្តរាយនេះវិញ ទាំងអជ្ញាធរប៉ាគីស្ថាននិងអន្តរជាតិនិយាយថា អ្វីៗអាចមានភាពធ្ងន់ធ្ងរជាងនេះឆ្ងាយណាស់ ហើយបើពិចារណាអំពីកិច្ចការទាំងអស់វិញ ការឆ្លើយតបមានលក្ខណៈល្អប្រសើរ។
នៅក្នុងអ្វីដែលត្រូវបានចាត់ទុកថាជាកម្មវិធីផ្តល់ជំនួយធំជាងគេបំផុតរបស់អង្គការសហប្រជាជាតិកន្លងមក ការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះសភាពការណ៍នោះ មានចំនួនច្រើនគួរសម។ បើយោងតាមតួលេខរបស់រដ្ឋាភិបាលប៉ាគីស្ថាន ពលរដ្ឋជាង១៨លាននាក់ ត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ដែលមានកម្រិតធ្ងន់ធ្ងរខុសៗគ្នា។ លំនៅដ្ឋានថ្មីៗរាប់សែនខ្នងត្រូវបានកសាងឡើងវិញរួចហើយ ដោយផ្តល់ទីជម្រកសម្រាប់អ្នកគ្មានទីជម្រកជាច្រើន។
លោក ហ្ស៊ាហ្វា អ៊ីបាល ហ្កាឌៀ (Zafar Iqbal Qadir) ប្រធានអជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប៉ាគីស្ថាន មានប្រសាសន៍ថា ពិធីរំលឹកថ្ងៃខួបជាឱកាសក្នុងការឆ្លុះបញ្ចាំងទៅលើកិច្ចប្រឹងប្រែងរបស់អន្តរជាតិ និងកម្លាំងរបស់ប្រទេសប៉ាគីស្ថានក្នុងការប្រឈមមុខទៅនឹងការខ្វះខាតបែបនោះ។
«ប្រទេសប៉ាគីស្ថានបានឆ្លងកាត់បទពិសោធន៍ប្រកបដោយភាពរឹងមាំ។ រដ្ឋាភិបាលមានលទ្ធភាពក្នុងចាត់ចែងគ្រោះមហន្តរាយនេះបានយ៉ាងល្អ ដោយមានការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិនិងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។ គឺដោយសារកិច្ចប្រឹងប្រែងរួមគ្នានោះហើយ ដែលយើងបានធ្វើពិធីរំលិកថ្ងៃនេះ ដោយរៀនសូត្រពីបទពិសោធន៍របស់យើង ចែករំលែកទស្សនៈនិងការសង្កេតរបស់យើង។ ហើយឈានចូលទៅក្នុងឆ្នាំថ្មីប្រកបដោយការប្តេជ្ញាចិត្តនិងភាពរឹងមាំ»។
អាជ្ញាធរអន្តរជាតិនិងប៉ាគីស្ថានថ្លែងថា ជំនួយនិងកិច្ចប្រឹងប្រែងដើម្បីងើបឡើងវិញនឹងត្រូវការក្នុងពេលជាច្រើនឆ្នាំ ហើយមានកិច្ចការច្រើនថែមទៀតដែលត្រូវបំពេញផងដែរ។
មានគម្លាតទឹកប្រាក់ចំនួន៦០០លានដុល្លារតាមការប៉ាន់ស្មាន នៅក្នុងអ្វីដែលត្រូវបានសន្យាពីសំណាក់សហគមន៍អន្តរជាតិ និងអ្វីដែលបានផ្តល់ទៅឲ្យរួចហើយ។ ទីភ្នាក់ងារជួយសង្គ្រោះ ឈ្មោះអុកស្វាម (Oxfam) បាននិយាយក្នុងសប្តាហ៍នេះថា មានក្រុមគ្រួសារចំនួនជាង៨សែន ដែលទទួលរងគ្រោះដោយទឹកជំនន់ កំពុងតែគ្មានទីជម្រកត្រឹមត្រូវនៅឡើយ ហើយរបាំងការពារទឹកជំនន់ជាច្រើន ក៏មិនទាន់ត្រូវបានកសាងដែរ។
ក្នុងចំណោមមេរៀនដែលបានយល់ដឹងពីគ្រោះមហន្តរាយនេះគឺការទទួលស្គាល់ថា ប៉ាគីស្ថានត្រូវតែត្រៀមខ្លួនក្នុងករណីដែលមានភ្លៀងធ្លាក់ខ្លាំងបានចូលមកដល់ទៀត។ ក្រុមមន្ត្រីអង្គការសហប្រជាជាតិនិយាយថា រៀងរាល់ទឹកប្រាក់មួយដុល្លារដែលបានចំណាយក្នុងការត្រៀមខ្លួន មានតម្លៃស្មើទៅនឹងទឹកប្រាក់ចំនួន៤ដុល្លារ ដែលបានចំណាយសម្រាប់ការឆ្លើយតប។
លោក ម៉ានូអែល បេសលឺ (Manuel Bessler) ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (Coordination of Humanitarian Affairs) របស់អង្គការសហប្រជាជាតិ ក៏ថ្លែងដែរថា វាជាការសំខាន់ដែលកិច្ចប្រឹងប្រែងផ្តល់ជំនួយត្រូវបានប្រមូលរួមគ្នា ហើយរៀបចំដើម្បីឲ្យកាន់តែមានប្រសិទ្ធិភាពខ្លាំងជាងមុន។
«ដូច្នេះ ភ្លាមៗនេះ អ្នកអាចមានអង្គការអឌ្ឍច័ន្ទក្រហម (Red Crescent) អ្នកអាចមានអង្គការក្រៅរដ្ឋាភិបាលថ្នាក់ជាតិ អ្នកអាចមានអង្គការក្រៅរដ្ឋាភិបាលថ្នាក់អន្តរជាតិ អ្នកអាចមានកងទ័ព អ្នកអាចមានអាជ្ញាធរស៊ីវិល និងមានតួ(តារា)ជាច្រើនទៀត ដែលសុទ្ធតែមានគោលបំណងដ៏ល្អ និងមានការលើកទឹកចិត្តខ្ពស់ ដើម្បីនាំយកជំនួយទាំងនោះចូលទៅក្នុងកិច្ចប្រឹងប្រែងរួមគ្នា។ នោះគឺជាភារកិច្ចដ៏លំបាកមួយ»។
តំបន់ទទួលរងផលប៉ះពាល់ជាច្រើន ដោយរាប់បញ្ចូលទាំងដីធ្វើកសិកម្ម បណ្តាញធារាសាស្ត្រ និងផ្ទះសម្បែង នៅតែស្ថិតក្នុងភាពមានគ្រោះថ្នាក់។ ដោយរដូវភ្លៀងមូសុងកាន់តែខិតចូលមកដល់នាពេលខាងមុខ មានការជំរុញឲ្យមានការត្រៀមខ្លួនឲ្យបានប្រសើរជាងមុន បើទោះជាមានការប៉ាន់ស្មានភាគច្រើនថា រដូវភ្លៀងឆ្នាំនេះនឹងមិនមានភាពអាក្រក់ជិតដូចគ្នាទៅនិងឆ្នាំមុននោះក៏ដោយ៕
ប្រែសម្រួលដោយ លី សុខឃាង