ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានចង់​បាន​ទំនាក់​ទំនង​រឹង​មាំដើម្បី​បញ្ចប់​អំពើ​ហិង្សា​


រដ្ឋមន្រ្តី​ក្រសួងការបរទេស​ប៉ាកីស្ថាន​ លោក ណាវ៉ាហ្សាបបា ម៉ាលីក​ ខាន់ (Nawabzada Malik Amad Khan) (ស្តាំ)​ ចាប់រលាក់​ដៃ​ជាមួយអតីតប្រធានាធិបតីអាហ្កានលោក​ (Burhanuddin Rabbani) មុន​ជំនួបប្រជុំ​របស់​អស់​លោក​ក្នុង​ទីក្រុង​អ៊ិស្លាមម៉ាបាដ។
រដ្ឋមន្រ្តី​ក្រសួងការបរទេស​ប៉ាកីស្ថាន​ លោក ណាវ៉ាហ្សាបបា ម៉ាលីក​ ខាន់ (Nawabzada Malik Amad Khan) (ស្តាំ)​ ចាប់រលាក់​ដៃ​ជាមួយអតីតប្រធានាធិបតីអាហ្កានលោក​ (Burhanuddin Rabbani) មុន​ជំនួបប្រជុំ​របស់​អស់​លោក​ក្នុង​ទីក្រុង​អ៊ិស្លាមម៉ាបាដ។

អ៊ិស្លាម៉ាបាដ៖ ប្រទេស​ប៉ាគីស្ថាន ​និង​ប្រទេស​អាហ្វហ្គានីស្ថាន​ ​នៅ​ពេល​ថ្មីៗនេះ​ បាន​បញ្ចប់​កិច្ច​ចរចា​ថ្នាក់​ខ្ពស់​ដែល​មាន​គោល​ដៅ​ពន្លឿន​ដំណើរ​ការ​ផ្សះផ្សារ​ជាតិ​និង​សមាហរណកម្មជា​មួយ​ក្រុម​ឧទ្ទាមតាលីបាន (Taliban) ដើម្បី​បញ្ចប់​សង្រ្គាម​ជិត​មួយ​ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

សរអ ​ដែល​គ្រោង​នឹង​ដក​កង​ទ័ព​ប្រយុទ្ធ​ជា​លំដាប់​ចេញ ​នៅ​រដូវ​ក្ដៅ​ខាង​មុខនេះ​ បាន​ស្វាគមន៍​ទំនាក់​ទំនង​គ្នា​រវាង​រដ្ឋាភិបាល​ទី​ក្រុង​កាប៊ូល ​និង​ទី​ក្រុង​អ៊ិស្លាម៉ាបាដ​ ដែល​គេ​មាន​ជំនឿ​ថា មាន​សារៈ​សំខាន់​ខ្លាំង​ក្នុង​ការ​នាំ​ឲ្យ​មាន​សន្ដិភាព​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន។ ​លោកហាមិដកាសៃ (Hamid Karzai) ​ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ កំពុង​ខឹតខំនាំ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​ក្រុម​បះបោរ​ តាលីបាន (Taliban) ​ដែល​រៀប​ចំ​ខ្លួន​ដើម្បី​បដិសេធ​អំ​ពើ​ឃោរឃៅ​ ​ហើយ​កាត់​ចំណង​ទាក់ទងជាមួ​យ​ក្រុម​ភេរវជន។​ នៅពេល​ថ្មី​ៗ​នេះ​ ​លោក​បាន​បង្កើត​ឲ្យ​មាន​ក្រុម​ប្រឹក្សា​សន្ដិភាព​ថ្នាក់ខ្ពស់​មាន​សមាជិក៧០​នាក់​ មក​ពីគ្រប់​មជ្ឈដ្ឋាន​ និង​អំបូរ​ផ្សេងៗ​ក្នុងពីសង្គម​អាហ្វហ្គានីស្ថាន។

គណៈប្រតិភូ​មាន​សមាជិក​២៥ ​នាក់​ ​ដែលដឹក​នាំ​ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​ Bhurhanuddin ​Rabbani​ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ គឺ​ប៉ាគីស្ថាន​ ​ក្នុង​ខែ​នេះ​ ជា​លើក​ដំបូង​ដើម្បី​ស្វែងរក​កិច្ច​សហការ​គ្នា​ពី​រដ្ឋាភិបាល​ទី​ក្រុង​អ៊ិស្លាម៉ាបាដ ​អំពី​ដំណើរ​ការ​ផ្សះ​ផ្សារ​ជាតិ​អាហ្វហ្គានីស្ថាន។

សមាជិក​នៃ​គណ​ប្រតិភូ​សន្ដិភាព​អាហ្វហ្គានីស្ថាន​ បាន​បើក​កិច្ច​ចរចា​ទូលំ ​ទូលាយ​ជា​មួយ​មេ​ដឹក​នាំ​ស៊ីវិល​ និង​យោធា​ប៉ាគីស្ថាន​អស់​រយៈ​ពេល​ជិត​៤​ថ្ងៃ។​ភាគ​ទាំង​ពីរ​បាន​យល់​ស្រប​គ្នា​ដើម្បី​លើក​ដំកើង​ដំណើរ​ការ​ផ្សះ​ផ្សារជា​តិ​អាហ្វហ្គានីស្ថាន​រវាង​ពលរដ្ឋ​នឹងពលរដ្ឋ ​ដោយ​បើក​ឲ្យ​មាន​កិច្ច​ប្រជុំ​ប្រពៃ​ណី​រវាង​ចាស់​ព្រឹទ្ធាចារ្យ ​ហៅ ​Jirga។

តែ​លទ្ធ​ផល​សំខាន់ៗ​ចេញ​ពីទ​ស្សន​កិច្ច​នោះ​ គឺ​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន​គណៈកម្មការ​រួម​របស់​រដ្ឋាភិបាល​ដើម្បី​ លើក​ស្ទួយ​ដំណើរ​ការ​ផ្សះផ្សារ​ជាតិ​អាហ្វហ្គានីស្ថាន។

រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​ប៉ាគីស្ថាន​លោក ​Shah ​Mehmood ​Qureshi​ថ្លែង​ថា​ ប្រទេស​របស់​លោក​នឹង​គាំ​ទ្រ​ដំណើរ​ការ​នោះ​ ​លុះ​ត្រា​ដំណើរ​ការនោះ​ដឹក​នាំ ​និង ​គាំ​ទ្រ​ដោយ​ប្រជា​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ខ្លួនឯង។

«គេ​ត្រូវ​បញ្ជាក់​ថា​ ​តើគេ​ចង់​បាន​អ្វី​ពី​ប្រទេស​ប៉ាគីស្ថាន​ ​ហើយ​ប៉ាគីស្ថាន​នឹង​ជួយ​សម្រួល។ ​គេចង់​បង្កើត​គណៈកម្មការ​ការងារ​ទ្វេភាគី​រួម​ដើម្បីត្រួត​ពិនិត្យ​មើល​ដំណើរ​ការ​ទាំង​ស្រុង​ ​ហើយ​ប៉ាគីស្ថាន​បាន​យល់​ព្រម។​ ហេតុ​ដូច្នេះ​ហើយ​ប៉ាគីស្ថាន​ពិត​ជា​ហ្មត់ចត់​ចំពោះ​រឿង​នេះ​ ​ពីព្រោះ​ប៉ាគីស្ថាន​យល់​ឃើញ​ថា​ ​អ្នកត្រូវ​ការ​អ្វី​លើស​ពី​កិច្ច​ប្រតិបត្ដិការ​យោធា​ដើម្បី​សម្រេច​ឲ្យ​មាន​សន្ដិភាព។ អ្នក​ត្រូវ​ការ​ការ​ចរចា​នយោបាយ​ ​អភិបាលកិច្ច​ល្អ​ និងសមត្ថ​ភាព​ស្ថាបនា ​រួចហើយ​ប៉ាគីស្ថាន​នឹង​គាំ​ទ្រ​ប្រទេស​អាហ្វហ្គានីស្ថាន»។

មន្ដ្រី​ប៉ាគីស្ថាន ​និង​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ​គោល​ដៅ​ចម្បង​របស់​ខ្លួន​គឺ​ស្ថាបនា​ការ​ទុក​ចិត្ដ​គ្នា​ទៅវិ​ញ​ទៅ​មក​ ​ហើយ​និង​រៀប​ចំ​ឲ្យ​មា​នកិច្ច​ប្រឹង​ប្រែងរួម​ដើម្បី​ធានា​ប្រាប់​ក្រុម​បះបោរ​ថា​ ​កង​កម្លាំង​អន្ដរជាតិ​ដឹក​នាំ​ដោយ​សរអ​ មិនមែន​ជា​អ្នក​ឈ្លាន​ពាន​ប្រទេស​អាហ្វហ្គានីស្ថាន​ទេ។

សមាជិក​ម្នាក់​របស់​គណៈ​ប្រតិភូ​អាហ្វហ្គានីស្ថាន​ ​លោក​ Masoon ​Stanekzai ថ្លែង​ថា​ ​អាហ្វហ្គានីស្ថាន​និង​ប៉ាគីស្ថាន​ឈប់​បន្ទោស​គ្នា​ទៅវិ​ញ​ទៅមក​អំពី​បញ្ហា​សន្ដិសុខ​ដែល​ប្រឈម​មុខ​ប្រទេស​ទាំង​ពីរ​ទៀតហើយ។​ ហេតុ​នេះ​ហើយ​លោក ​Stanekzai ថ្លែង​ថា​ ​កាល​ពី​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ​ ​ចំណង​សេដ្ឋ​កិច្ច​និង​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ប្រសើរ​ឡើង​ ​បណ្ដាល​ឲ្យ​មាន​ការ​បង្កើត​យន្តការ​រួម​នៃ​ការ​ផ្សះផ្សារ។

ប្រតិភូ​អាហ្វហ្គានីស្ថាន​និយាយ​ថា​ មុខ​នាទី​របស់​ប៉ាគីស្ថាន​មាន​សារៈ​សំខាន់ណាស់​ ​ពីព្រោះ​ក្រុម​បះបោរ ​ដែល​ធ្វើ​ការ​ប្រយុទ្ធ​ក្នុង​ព្រំដែន​ប្រទេស​ទាំង​ពីរមាន​ការ​ពាក់​ព័ន្ធ​គ្នា។

«ប៉ាគីស្ថាន​អាច​មាន​មុខ​នាទី​មួយ​ ដោយ​សារ​តែ​មាន​ព្រំដែន​ជា​មួយ​ប្រទេស​អាហ្វហ្គានីស្ថាន។ ​អ្នក​ដែល​នៅ​ជា​មួយ​ក្រុម​តាលីបាន(Taliban)​ក៏​បាន​ចំណាយ​ពេល​ច្រើន​ដែរ ​ក្នុង​ប្រទេសប៉ាគីស្ថាន។​ គេ​មាន​មេដឹក​នាំ​សាសនា​ និង ​នយោបាយ​របស់​គេ ​ដែល​ទាក់ទង​ជា​មូយ​ក្រុម​បះ​បោរ។​ មេ​ដឹក​នាំ​សង្រ្គាម​ព្រះ​របស់​យើង ​ឬ ​ជីហាដ​ ​បាន​ទាក់ទង​គ្នា​ជា​មួយ​ក្រុម​បះ​បោរ។ ​ខ្ញុំ​មិន​គិត​ថា​ ​គេ​មាន​ការ​លំបាក​នឹង​ទាក់ទង​គ្នា​ទេ។ តែ​ភាព​លំបាក​គឺ​ ថា​តើ​យើង​ស្ថាប​នា​ការ​ទុក​ចិត្ដ​គ្នា​បែប​ណា ​ដើម្បី​ជំនះ​លើ​ការ​យល់​ច្រឡំក្នុង​ចំណោម​ក្រុម​តាលីបាន(Taliban)​ដែល​យល់​ខុស​ថា​ ប្រទេស​អាហ្វហ្គានីស្ថាន​ត្រូវ​គេ​ឈ្លាន​ពាន​នោះ»។

មន្ដ្រី​អាមេរិកាំង ​និង​អាហ្វហ្គានីស្ថាន​មាន​ជំនឿ​ទូលំ​ទូលាយ​ថា​ ​មេដឹក​នាំ​ធំៗ​ នៃ​ក្រុម​បះបោរ​អាហ្វហ្គានីស្ថាន​លាក់​ពួន​ខ្លួន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ​ហើយ​មាន​ការ​ទាក់​ទង​គ្នា​ជា​មួយ​សកម្មជន​ប្រយុទ្ធ​ប៉ាគីស្ថាន ​និង​មាន​អ្នក​ខ្លះ​បង្កប់​ខ្លួន​ក្នុង​បណ្ដាញ​ស៊ើប​ការ​សម្ងាត់​របស់​ប្រទេស​ជាតិ។

អ្នក​វិភាគ​ខ្លះ​ ដូច​ជា​ ​សាស្រ្ដាចារ្យ​បង្រៀន​ទំនាក់​ទំនង​អន្ដរជាតិ​ ​លោក ​Hassan ​Askari ​មាន​ជំនឿ​ថា​ ទោះ​បី​ជា​មាន​សម្ពាធ​ពី​សរអនិង​ពី​សម្ព័ន្ធមិត្ដ​បស្ចឹម​ប្រទេស​ដទៃ​ក៏ដោយ​ ​ក៏ប៉ាគីស្ថាន​ប្រហែល​ជា​មិន​ចង់​ផ្តាច់​ចំណង​ទាក់ទង​ជា​មួយ​ក្រុម​បះបោរ​អាហ្វហ្គានីស្ថាន​ដែរ។

ខណៈ​ដែល​ប្រេសិត​ពិសេស​អាមេរិកាំង​ និង​សមាជិក​នៃ​គណៈប្រតិភូ​សន្ដិភាព​អាហ្វហ្គានីស្ថាន​មាន​សុទិដ្ឋិនិយម​អំពី​ការ​ចរចា​គ្នា​នៅ​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទី​ក្រុង​អ៊ិស្លាម៉ាបាដនោះ​ ​ ​វា​មិន​ច្បាស់​ទេ​ ​ថា​តើ​ប៉ាគីស្ថាន​មាន​គោល​ជំហរ​បែប​ណា​ដើម្បី​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​ក្រុម​បះបោរ អាហ្វហ្គានីស្ថាន​ខ្លះ​ ​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុម​បះបោរ​ចូល​មក​រក​តុចរចា​គ្នា​នោះ។​ តែ​ក្រុម​មន្ដ្រីប៉ាគីស្ថាន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ​កិច្ចការ​នៅ​ពី​ក្រោយ​ឆាកបាន​ដំណើរ​ការ​រួច​ទៅ​ហើយ។

ប្រែ​សម្រួល​ដោយ​លោក​អ៊ូ ​ធួក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG